ភ្នំពេញៈ កម្ពុជាជំរុញអាស៊ានបង្កើតក្របខ័ណ្ឌអភិវឌ្ឍការអប់រំ និងជំនាញក្នុងតំបន់ ដែលសមស្របសម្រាប់កម្លាំងពលកម្មនាពេលអនាគត ដែលរួមមានការពង្រីកលទ្ធភាពទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ការជំរុញនេះធ្វើឡើងដោយលោក នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងរដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ជាមួយឥស្សរជនជាន់ខ្ពស់ ASCC លើការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ ASCC ក្រោយឆ្នាំ២០២៥ នាថ្ងៃទី១២ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោកថ្លែងថា៖ «កត្តាទាំងនេះនឹងធានាបានថាមូលធនមនុស្សរបស់យើងនៅតែអាចប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងវិវត្ត»។
លោក នាក់ ចិន្តារិទ្ធិ ក្នុងនាមជាឥស្សរជនជាន់ខ្ពស់ ASCCកម្ពុជា បានផ្តល់អនុសាសន៍ដល់អង្គប្រជុំជំរុញទំនាក់ទំនងរវាងមនុស្ស និងមនុស្សឱ្យកាន់តែច្រើន តាមរយៈការពង្រីកកម្មវិធីផ្លាស់ប្ដូរសិស្ស និងយុវជន ការចល័តវិជ្ជាជីវៈ និងការលើកកម្ពស់ការចូលរួមរបស់សង្គមស៊ីវិល។ លោកថា៖ «ចំណុចទាំងនេះនឹងពង្រឹងការយល់ដឹងរួមរបស់យើងអំពីអត្តសញ្ញាណ និងសហគមន៍អាស៊ាន»។
លោកជំរុញឱ្យអង្គប្រជុំពង្រឹងការធ្វើសេចក្តីសម្រេច និងការអនុវត្តរបស់ ASCC និងការបន្ស៊ីផែនការអភិវឌ្ឍន៍ជាតិជាមួយនឹងរបៀបវារៈក្នុងតំបន់ ព្រោះវានឹងបង្កើនភាពរហ័សរហួនរបស់ ASCC ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងធានាសង្គតិភាពក្នុងសហគមន៍អាស៊ាន។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងកិច្ចសន្ទនានេះថា កម្ពុជាគាំទ្រលើការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាបាននូវសុខុមាលភាពរបស់មនុស្ស ដូចជាការអប់រំប្រកបដោយគុណភាពខ្ពស់ចាប់ពីកុមារភាពរហូតដល់កម្រិតឧត្ដមសិក្សា ជាពិសេសផ្តោតលើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និង TVET តាមរយៈការបង្កើតក្របខ័ណ្ឌអភិវឌ្ឍន៍ជំនាញនិងកម្មវិធីពង្រឹងជំនាញ និងការផ្លាស់ប្ដូរជំនាញថ្មីៗសម្រាប់យុវជន។
ក្នុងកិច្ចសន្ទនានេះ លោក នាក់ ចិន្តារិទ្ធិ ក៏បានផ្តល់អនុសាសន៍បង្កើតប្រព័ន្ធគាំពារសង្គមដ៏ទូលំទូលាយដែលគ្របដណ្ដប់លើការថែទាំសុខភាពជាសកល ប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់ និងជំនួយសម្រាប់ប្រជាជនងាយរងគ្រោះ។
លោកថា៖ «កត្តាទាំងនេះនឹងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយប្រជាសាស្ត្រនៃប្រជាជនវ័យចំណាស់ និងវិសមភាពសេដ្ឋកិច្ចសង្គម»។
លោកជំរុញឱ្យអាស៊ានអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុក្នុងតំបន់ ដោយកំណត់ច្បាស់លាស់នូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ន គោលដៅអន្តរកាលទៅរកថាមពលកកើតឡើងវិញ និងវិធានការសម្របខ្លួន ព្រមទាំងប្រើប្រាស់អានុភាពរបស់ ASCC ដើម្បីកៀរគរហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីរដ្ឋជាសមាជិកអាស៊ាន និងដៃគូខាងក្រៅ។
ក្រៅពីនេះ លោក នាក់ ចិន្តារិទ្ធិ ក៏បានផ្តល់អនុសាសន៍ក្នុងការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់សេវាសាធារណៈ និងសហគ្រាសឯកជន តភ្ជាប់ការបែងចែកទីក្រុងនិងជនបទ និងផ្តល់សិទ្ធិអំណាចដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម។
លោកថា ការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងគំនិតផ្ដួចផ្ដើមលើការពង្រឹងជំនាញជាការចាំបាច់ដើម្បីសម្រេចបាននូវការអនុវត្តនេះ៕