ភ្នំពេញៈ យ៉ាងហោចណាស់ទំនិញហាមឃាត់នាំចូល និងខូចគុណភាពជិត ៣០តោន ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអង្គភាពពាក់ព័ន្ធធ្វើការរឹបអូស និង ដុតកម្ទេចចោលនៅក្នុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០២៤នេះ។
ទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ ដែលជាបំណែកសាច់បង្កកចម្រុះជាង ១០មុខ ចំនួន ៦ ១៩៩គីឡូក្រាមត្រូវបានមន្រ្តីជំនាញបង្រ្កាប និង ដកហូតពីឈ្មួញ ក្រោយពេលដែលរថយន្តដែលដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ ខែសីហានេះ។
មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការដុតកម្ទេចចោលទំនិញទាំងនោះនាថ្ងៃទី១២ ខែសីហា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១៣ ខែសីហា។
ទំនិញទាំងនោះរួមមាន ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក។
លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា មន្ត្រីសាខាគយនិងរដ្ឋាករជាអ្នកចាត់វិធានការលើករណីនេះ ហើយមន្រ្តី ក.ប.ប.គ្រាន់តែបានចូលរួមសហការណ៍ប៉ុណ្ណោះ។ ហេតុនេះ លោកមិនទាន់ទទួលព័ត៌មានច្បាស់លាស់ពីករណីនេះនៅឡើយនោះទេ។
ទោះយ៉ាងណាលោកមានប្រសាសន៍ថា៖«ជួនកាល យើងបង្រ្កាបខ្លាំងទៅ គេបង្អង់ទៅ... ជនល្មើសអាចដូរមធ្យោបាយផ្សេងៗក្នុងការប្រព្រឹត្តបទល្មើស។ តែមន្រ្តីយើងនៅតែបន្តធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធ»។
យ៉ាងហោចណាស់ ទំនិញហាមឃាត់នាំចូល និង ខូចគុណភាពប្រើប្រាស់ (សាច់បង្កក) ជាង ២២ តោនផ្សេងទៀត ត្រូវបាននាយកដ្ឋានសាខាគយនិងរដ្ឋាករធ្វើការដកហូត និង កម្ទេចចោលក្នុងការបង្រ្កាបបទល្មើសចំនួន ៥ ផ្សេងគ្នា កាលពីខែកក្កដាកន្លងមក ដោយសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះរួមមានក្នុងខេត្ត បាត់ដំបង ចំនួន ២ដង ដែលមានទំនិញសរុប ២០០គីឡក្រាម ដែលលួចនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង, ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ៣ ១៩៥ គីឡូក្រាម, ខេត្តតាកែវ ចំនួន ១៧ ១៩៣គីឡូក្រាម និងក្នុងខេត្ត ស្វាយរៀង ចំនួន ១ ៥០៩ គីឡូក្រាមផងដែរ។
ទំនិញឆាប់ខូច គឺជាប្រភេទទំនិញដែលឆាប់ខូចគុណភាព ដោយសារចរិតលក្ខណៈធម្មជាតិនៃទំនិញ ឬ ដោយសារ ការរក្សាទុកទំនិញមិនអនុលោមតាមស្តង់ដាកំណត់។ ទំនិញឆាប់ខូច រាប់បញ្ចូលទាំងបន្លែ ផ្លែឈើ សាច់ស្រស់ សត្វ រស់ ផលិតផលនិងទំនិញបង្កក ទឹកដោះគោស្រស់និងផលិតផលពីទឹកដោះគោ និងឱសថមួយចំនួន ជាដើម ដែលតម្រូវឱ្យរក្សាទុកក្នុងសន្និធិពិសេស៕