ភ្នំពេញៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៩ នៅថ្ងៃទី១៦ ខែសីហា នៅខេត្តឈៀងម៉ៃ ប្រទេសថៃ តបតាមការអញ្ជើញរបស់លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៣ សីហ ថា កិច្ចប្រជុំក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន» នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់រដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាពីវឌ្ឍនភាពដែលសម្រេចបានក្រោមយន្តការ MLC។
កិច្ចពិភាក្សានេះនឹងផ្ដោតលើការអនុវត្តលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលMLCលើកទី៨កាលពីខែធ្នូ ឆ្នាំ២០២៣, ការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន, និងការស្វែងរកវិធីឱ្យកាន់តែប្រសើរឡើងដោយផ្អែកលើផែនការសកម្មភាព៥ឆ្នាំនៃMLC ឆ្នាំ២០២៣-២០២៧ ក្នុងការជំរុញMLC ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គទាំងមូល។
ក្នុងពេលស្នាក់នៅខេត្តឈៀងម៉ៃ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ព្រមទាំងរដ្ឋមន្ត្រីការបរទេសដទៃទៀតនៃប្រទេសMLC នឹងជួបជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថៃ។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាផងដែរជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី»។
យោងតាមគេហទំព័រក្រសួងការបរទេសថៃនាថ្ងៃទី១៣ សីហា បានឱ្យដឹងថា លោក Sangiampongsa នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន។
គេហទំព័រនេះបញ្ជាក់ថា៖ «ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនេះរួមមានការពិនិត្យឡើងវិញ និងរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងក្របខ័ណ្ឌ MLC រួមមានកិច្ចសហការដោះស្រាយការបំពុលខ្យល់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀនខុសច្បាប់ បទល្មើសតាមអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដូចដែលបានស្នើឡើងដោយប្រទេសថៃ»។
គេហទំព័រដដែលបញ្ជាក់ថា លោក ថាវីស៊ីន នឹងថ្លែងសុន្ទរកថាគន្លឹះដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌ MLC។
កិច្ចប្រជុំនេះក៏នឹងពិភាក្សាលើវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដោយអនុលោមតាមប្រយោជន៍របស់ប្រទេសថៃ និងមានគោលបំណងដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍដែលអនុតំបន់មេគង្គជួបប្រទះនាពេលបច្ចុប្បន្ន រួមទាំងការស្តារឡើងវិញនូវសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានទឹក។
គេហទំព័រដដែលបន្តថា ឯកសារចំនួន៤នឹងត្រូវបានអនុម័ត រួមមាន សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៩, សេចក្ដីព្រាងគំនិតផ្ដួចផ្ដើមស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង, សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួមស្ដីពីគំនិតផ្ដួចផ្ដើមខ្យល់អាកាសស្អាតមេគង្គ-ឡានឆាង, និងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួមស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្រោមក្របខ័ណ្ឌ MLC៕