ភ្នំពេញ៖ ក្រសួងយុត្តិធម៌ចាត់ទុកសកម្មភាពអូសទាញឲ្យប្រជាពលរដ្ឋស្លូតត្រង់ចូលរួមប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាអំពើអំពើវិទ្ធង្សនា និងជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ចំណែកអ្នកចូលរួមក្នុងផែនការនេះនឹងត្រូវជាប់ទោសបទល្មើស «រួមគំនិតក្បត់» ដែលជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែសីហា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់ផ្លូវច្បាប់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដើម្បីដណ្តើមអំណាចតាមមធ្យោបាយក្រៅពីការបោះឆ្នោត ដែលជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។
សម្រាប់ជនល្មើសជាអ្នករាជការសាធារណៈវិញ ទោសនៃ «បទល្មើសឧបឃាត» នេះត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពីបទល្មើស រួមគំនិតក្បត់ ដែលជាបទឧក្រិដ្ឋមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើសគឺជាអ្នករាជការសាធារណៈ»។
សេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីមានការប្រឆាំងទៅនឹង CVL-DTA ដែលមានខេត្ត ៤ របស់កម្ពុជាស្ថិតក្នុងកិច្ចសហប្រតិបត្តិការនេះ។ ពលរដ្ឋកម្ពុជាមួយចំនួនបានបង្ហាញក្ដីបារម្ភថា ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះនឹងនាំឲ្យកម្ពុជាបាត់បង់ទឹកដី ជាពិសេសទៅប្រទេសវៀតណាម ទោះបីជារដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានចេញសេចក្ដីពន្យល់ជាច្រើនលើកហើយក្ដី។
ខណៈដែលការប្រឆាំងនឹងគម្រោងនេះហាក់មិនសូវពុះកញ្ជ្រោលនៅក្នុងប្រទេស បន្ទាប់ពីមានការពន្យល់និងការចាប់ខ្លួនមនុស្សមួយចំនួន សកម្មភាពប្រឆាំងនឹង CLV-DTA នៅមានសន្ទុះនៅក្នុងប្រទេសមួយចំនួនដែលមានពលរដ្ឋ និងពលករខ្មែររស់នៅនិងធ្វើការ ដូចជានៅកូរ៉េខាងត្បូង និងអូស្ត្រាលី និងជប៉ុន ជាដើម ដោយពួកគេបានចេញធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យកន្លងទៅ និងគ្រោងធ្វើបាតុកម្មម្ដងទៀតនៅចុងសប្ដាហ៍នេះ ស្នើសុំឲ្យរដ្ឋាភិបាលដកខ្លួនពី CLV-DTA។
ប៉ុន្តែ លើសពីនេះទៀតក៏មានបុគ្គលមួយចំនួនបានឆ្លៀតឱកាសអំពាវនាវឲ្យមានការងើបបះបោរផ្ដួលរំលំរដ្ឋាភិបាលផងដែរ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជាអ្នកចូលរួមផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការនេះផ្ទាល់ កាលពីឆ្នាំ ១៩៩៩ បានពន្យល់សាជាថ្មីអំពីកិច្ចសហប្រតិបត្តិការនេះកាលពីថ្ងៃចន្ទ ទី១២ ខែសីហា។ លោកបានបញ្ជាក់ថា កម្ពុជាមិនដកខ្លួនពីកិច្ចសហប្រតិបត្តិការនេះទេ ពីព្រោះកម្ពុជាត្រូវតែអភិវឌ្ឍទឹកដីរបស់ខ្លួន ហើយ CLV-DTA គ្រាន់តែជាការតភ្ជាប់ផ្នែកហេដ្ឋរចនាសម្ព័ន្ធដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់នេះប៉ុណ្ណោះ ហើយវាក៏មិនអាចឈានទៅដល់ការបាត់បង់ទឹកដីនោះដែរ។
លោកក៏បានរំឭកកុំឲ្យអ្នកជំទាស់នឹង CLV-DTA យកបញ្ហានេះទៅប្រៀបធៀបជាមួយស្ថានភាពនៅបង់ក្លាដែស ដែលមានបាតុកម្មទម្លាក់មេដឹកនាំប្រទេសកាលពីពេលថ្មីៗនេះ។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បុគ្គលណាដែលបានចូលរួមក្នុងអំពើ «រួមគំនិតក្បត់» ឬចូលរួមក្នុងគម្រោងខាងលើ នឹងទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ប្រសិនបើបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការឈានទៅបង្ក្រាបបទល្មើសនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏ស្នើដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឲ្យចាត់វិធានការម៉ឺងម៉ាត់បំផុត និងតឹងរ៉ឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋ ដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និង វិបុលភាពរបស់ប្រទេសជាតិ។ ដោយដាច់ខាតមិនត្រូវអនុញ្ញាតឱ្យកម្លាំងនៃក្រុមនយោបាយជ្រុលនិយមណាមួយ មកបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់«មេខ្លោងនៃចលនាបដិវត្តន៍ពណ៌»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ការប្រឆាំងនឹង CLV-DTA និងការគាំទ្រហាក់មានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកស្នើឲ្យគ្រប់ភាគី ទាំងអ្នកតវ៉ា និងអ្នកគាំទ្រនិងអាជ្ញាធរ បញ្ចុះកម្ដៅនៃការប្រឈមមុខដាក់គ្នាហើយងាកទៅកាន់ការបកស្រាយកាន់តែច្រើនអំពីគម្រោងនេះ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់រដ្ឋាភិបាលផងដែរ។
លោកបន្តថា៖ «ចំណែកប្រជាពលរដ្ឋវិញ គួរតែរកច្រកដើម្បីចូលរួមចំណែកក្នុងការផ្ដល់ធាតុចូល ឬអនុសាសន៍សម្រាប់រដ្ឋាភិបាលដើម្បីដោះស្រាយការបារម្ភរបស់ខ្លួនរឿង CLV។ ខ្ញុំឃើញវិធីមួយដែលមិនទាន់បានប្រើគឺយន្តការសភាជាតិ។ ប្រសិនបើមានការជជែកវែកញែកដេញដោលគ្នា ហើយប្រជាពលរដ្ឋយើងប្រើយន្តការនេះឲ្យមន្ត្រីរដ្ឋាភិបាលបកស្រាយ ខ្ញុំជឿថា ភាពតានតឹងនឹងធូរស្រាល»។
លោកបន្តថា លោកគាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅលេងតំបន់នៃកិច្ចសហប្រតិបត្តិការ CLV-DTA។ លោកថា ការធ្វើដូច្នេះប្រជាពលរដ្ឋនឹងបានដឹងកាន់តែច្បាស់អំពីកិច្ចសហប្រតិបត្តិការនេះហើយកម្ដៅនៃការប្រឆាំងនឹងគម្រោងនេះអាចចុះ៕