កំពង់ចាម/កំពង់ធំៈ ស្រូវ​ប្រាំង​ពលរដ្ឋ​ជាង ៣០០​ហិកតា​នៅ​ក្នុង​ស្រុក ជើងព្រៃ និង ស្រុក​បាធាយ​បាន​នឹង​កំពុង​តែ​រង​ផល​ប៉ះ​ពាល់​ពី​កូន​រដូវ​ប្រាំង ខណៈ​ពេល​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​កំពង់ធំ កំពុង​តែ​ស្រក​ចុះ ដែល​ជួយ​កាត់​បន្ថយ​ការ​ខូចខាត។

យ៉ាង​ហោច​ណាស់​ស្រូវ​ប្រាំង​ប្រហែល​ជា ៤០​ហិកតា ក្នុង​ចំណោម ៣២៧​ហិកតា​នៅ​ក្នុង​ឃុំ​ចំនួន ៤ នៃ​ស្រុក​ជើងព្រៃ​បាន​ខូចខាត ដោយសារ​តែ​ខ្វះ​ខាត​ទឹក​នៅ​ក្នុង​រដូវ​វស្សា​នេះ។ ឃុំ​ទាំង ៤ នោះ​រួម​មាន ឃុំ​ត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពង​ជ័យ និង​ឃុំ​ព្រីងជ្រុំ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម។ 

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា៖ «ស្រូវ​ពលរដ្ឋ​ជាង ៣០០​ហិកតា ក្នុង​ចំនួន​ឃុំ ៤​ កំពុង​ជួប​កូន​រដូវប្រាំង និង មាន​ការ​ខ្វះ​ទឹក​ស្រោច​ស្រព​ស្រូវ​ប្រាំង ដោយសារ​ប្រភព​ទឹក​មាន​ទីតាំង​នៅ​ឆ្ងាយ​ពី​តំបន់​នេះ»។ 

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​និង​រក​ដំណោះ​ស្រាយ​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​ស្រែប្រាំង​នេះ​ កាល​ពី​ថ្ងៃទី​១៣ ខែ​សីហា​នេះ។ 

ដើម្បី​សម្រួល​ផ្លូវ​ទឹក​ហូរ​ទៅ​ដល់​តំបន់​ឃុំ​ទាំង ៤ នោះ ឱ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់ លោក​អភិបាល​ខេត្ត​បាន​សម្រេច បើក​ប្រភព​ទឹក​ចេញ​ពី​តំបន់​ទឹកឆា ក្នុង​ស្រុក​ព្រៃឈរ និង​បាន​ធ្វើការ​ស្ដារ​ប្រឡាយ​ចាស់ៗ​ផងដែរ។

លើសពីនោះ ចំពោះ​តំបន់​ដែល​មាន​ស្រូវ​ខូច​ខាត អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​ស្រូវ​ពូជ សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ការ​ដាំដុះ​ឡើង​វិញ​ផងដែរ។

ក្រៅពី​ស្រុក​ជើងព្រៃ​នេះ ស្រូវ​ប្រាំង​មួយ​ចំនួន​ក្នុង​ស្រុក​បាធាយ​ក៏​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​ទឹក​នេះ​ផងដែរ។ 

លោក ផេន សុផល អភិបាលស្រុក បាធាយ បាន​ឱ្យ​ដឹង​ថា ស្រូវ​ប្រាំង​ជាង ៥​ពាន់​ហិកតា ត្រូវ​បាន​ពលរដ្ឋ​ធ្វើការ​ដាំ​ដុះ។ ក្នុង​នោះ​ស្រូវ​ប្រហែល​ជា ១​ពាន់​ហិកតា​កំពុង​តែ​រងផល​ប៉ះពាល់​ពី​ការ​ខ្វះខាត​ទឹក​នេះ។

លោក​បញ្ជាក់​ថា៖ «ស្រូវ​ប៉ះពាល់​ហ្នឹង​មិន​ទាន់​ខូចខាត​ទេ ហើយ​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ខ្លះ។ តែ​បើ​អត់​ភ្លៀង​ពី​ ១​អាទិត្យ​ទៅ​១០​ថ្ងៃ​ទៀត​អាច​នឹង​ខូច​ហើយ»។

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា លោក​អភិបាល​ខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម និង​មន្ទីរ​ធនធានទឹក និង ឧតុនិយម​សហការ​គ្នា​ធ្វើការ​បូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ទាំង​នោះ​ហើយ។ 

លោក ស៊ឹម ថាវីរ: ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម​ជាប់​ប្រជុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានទេ​នា​ថ្ងៃ​ទី១៤​ ខែសីហានេះ។ 

ដោយឡែក​ចំពោះ ខេត្ត​កំពង់ធំ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ពី​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ មាន​ស្ថានភាព​ប្រសើរ​ឡើង​ហើយ ក្រោយ​ពី​ទឹក​បាន​ស្រក។
 
លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លៀង​បាន​កំពុង​តែ​ស្រក​ចុះ ក្រោយ​ពី​ភ្លៀង​បាន​ឈប់​ធ្លាក់​ប្រមាណ​ជា ៥​ថ្ងៃ​មក​ហើយ។ ទោះ​យ៉ាង​ណា ជំនន់​ទឹក​ភ្លៀង​នាពេល​ថ្មីៗ​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ដល់​ស្រូវ​ប្រមាណ​ជា ៤ ៥០០ហិកា ក្នុង​ចំណោម​ស្រូវ​ដែល​ប៉ះពាល់​ជាង ៧​ពាន់​ហិកតា។ 

លោក​បញ្ជាក់​ថា៖ «ទឹក​ចាប់​ផ្តើម​ស្រក​ចង់​ប្រាំ​ថ្ងៃ​ហើយ។ ស្រូវ​លិច​ពី​មុន​មក ដែល​លិច​យូរ​ខូច​ហើយ។ រហូត​ដល់​ថ្ងៃ​នេះ តួ​លេខ​ស្រូវ​ដែល​ខូច​ហ្នឹង​ប្រហែល​ជាង ៤៥០០​ហិកតា។ ភាគ​ច្រើន​ជាង​គេ​នៅ​ស្រុក កំពង់ស្វាយ។ តែ​ស្រូវ​​ដែល​គ្រាន់​តែ​ប៉ះពាល់​អាច​សង្រ្គោះ​បាន»។

លោក​ថ្លែង​បន្ត​ដូច្នេះ​ថា៖ «នៅ​ខេត្ត​កំពង់ចាម ខូច​ស្រែប្រាំង​មួយ​ចំនួន វា​អត់​មាន​ទឹក តែ​នៅ​កំពង់ធំ​វា​លើស​ទឹក​វិញ។ ការ​ប្រែប្រួល​អាកាស​ធាតុ​វា​អញ្ជឹង»៕