ភ្នំពេញៈ ក្រោយពីសង្កតឃើញថា រថយន្តធុនធំមានការពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមកនោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឱ្យមានបម្រាមរថយន្តប្រភេទនោះ ផ្អាកធ្វើចរាចរណ៍ក្នុងអំឡុងពិធីបុណ្យជាតិធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកពិនិត្យ និងរៀបចំប្រតិទិនប្រចាំឆ្នាំ ដើម្បីហាមឃាត់រថយន្តធុនធំ ផ្អាកធ្វើចរាចរណ៍ក្នុងរយៈពេលកំណត់ណាមួយ ក្នុងអំឡុងពេលពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអ៊ុំទូកបណ្តែតប្រទីបជាដើម។
លោកឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា៖ «បើអាចជារៀងរាល់ឆ្នាំ កម្មវិធីធំៗបុណ្យជាតិ យើងគួរតែរៀបចំជាប្រតិទិនតែម្តង។ ដូចជាឡានកុងតឺនឺធំៗពីថ្ងៃនេះ ដល់ថ្ងៃនោះ គឺមិនឱ្យគាត់ចេញតែម្តង។ យើងមិនអាចចេញប្រកាសប្រាប់គាត់មុនតែ ៣ថ្ងៃ ថាមិនឱ្យឡានកុងតឺនឺធំៗហ្នឹងធ្វើដំណើរ ដឹកជញ្ជូន ពីកន្លែងមួយទៅកន្លែងមួយ ឬកន្លែងណាមួយនោះទេ»។
លោកបន្តថា ការរៀបចំជាប្រតិទិននេះ គឺវាងាយស្រួលសម្រាប់ម្ចាស់រថយន្តធុនធំ ឱ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រៀម និងរៀបចំខ្លួនទុកជាមុន ក្នុងការដឹកជញ្ជូនទំនិញ។ ការផ្តួចផ្តើមឱ្យមានបង្កើតជាប្រតិទិននេះ គឺផ្អែកទៅលើទិន្នន័យច្បាស់លាស់ នៃគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ដែលពាក់ព័ន្ធទៅនឹងរថយន្តធុនធំ ក្នុងអំឡុងពេលបុណ្យជាតិ។
លោកថ្លែងដូច្នេះថា៖ «បើយើងប្រាប់គាត់បានមុនក្នុងរយៈពេល ១ឆ្នាំ គាត់អាចត្រៀមដឹកជញ្ជូនសម្របសម្រួលមុន ព្រោះឥលូវនេះ យើងឃើញថា ពួកគាត់ឱ្យតែមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យទានធំៗនេះ ម្តងៗបួន ប្រាំនាក់ៗទៅទាំងអស់ [ស្លាប់] អត់មាននៅទេ។ ហើយផ្លូវខ្លះដែលវាចង្អៀតពេលយើង ចេញពីខេត្តមួយទៅខេត្តមួយ ជាពិសេស ទីប្រជុំជន ទៅខេត្តជាទីកំណើតរបស់ពលរដ្ឋ គឺឡានធំៗដឹកនេះ គឺតែងតែបង្កបញ្ហារហូត»។
លោកបន្ថែមថា៖ «នេះគឺជាបទពិសោធន៍ គឺយើងមានទឡ្ហិករ ទិន្នន័យ ច្បាស់លាស់ ។ យើងនិយាយនេះយោងទៅលើទិន្នន័យ។ អញ្ជឹងហើយបើយើងមានប្រតិទិនវែង មុនក្នុងមួយឆ្នាំ បុណ្យចូលឆ្នាំរយៈពេល ២ថ្ងៃ ឬ ៣ថ្ងៃ គឺថាហាមដឹកជញ្ជូនគឺសម្រាក។ អញ្ជឹង យើងអាចគ្រប់គ្រងនៃស្ថានភាពក្នុងការគ្រោះថ្នាក់ហ្នឹងបាន កាត់បន្ថយ កម្រិតណាមួយព្រោះឥលូវក្នុង១ឆ្នាំត្រូវបន្ថយ ៥ភាគរយតាមផែនការយុទ្ធសាស្រ្ត ១០ឆ្នាំ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។
យ៉ាងហោចណាស់ មនុស្សសរុបចំនួន ៣៧នាក់បានស្លាប់ និង ៨៨នាក់ផ្សេងទៀតបានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៦៤ករណីនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤នេះ។
លោក គឹមបញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានគាំទ្រចំពោះគំនិតផ្តួចផ្តើមឱ្យមានការរៀបចំបង្កើតជាប្រតិទិននេះឡើង ដោយសារតែលោកសង្កេតឃើញថា រថយន្តធុនធំ ដែលភាគច្រើនដឹកទំនិញនោះក៏មានពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរទាំងនៅថ្ងៃធម្មតា និង ថ្ងៃបុណ្យប្រពៃណីជាតិធំៗ។
លោកបញ្ជាក់ថា៖ «ដោយសារតែពួកគាត់ហ្នឹងរថយន្តធុនធំ ធុនធ្ងន់ អញ្ជឹងនៅពេលដែលមានគ្រោះថ្នាក់គឺស្ថានភាពធ្ងន់ធ្ងរ បង្កឱ្យមានការខាតបង់ ការស្លាប់ច្រើន និងរូបភាពគួរឱ្យសង្វេគនៅលើដងផ្លូវ»។
លោកយល់ឃើញថា ប្រសិនបើអាចធ្វើទៅបាន គឺគួរមានការកំណត់រយៈពេល ៧ថ្ងៃ ក្នុងការហាមឃាត់នេះ។ ក្នុងនោះ ២ថ្ងៃមុន និង ២ថ្ងៃក្រោយពេលថ្ងៃបុណ្យ ព្រោះមានពលរដ្ឋខ្លះធ្វើដំណើរទៅស្រុកមុន និងខ្លះទៀតត្រឡប់មកវិញក្រោយថ្ងៃបុណ្យ ហើយហាម ៣ថ្ងៃទៀតគឺនៅក្នុងថ្ងៃពិធីបុណ្យតែម្តង។
លោកបន្តថា ជម្រើសមួយវិញទៀត គឺអាចអនុញ្ញាតឱ្យរថយន្តធុនធំបើកបរតែពេលយប់ស្ងាត់ ដែលមិនសូវមានចរាចរណ៍ តែហាមឃាត់ចូលទីប្រជុំជន ឬក៏ត្រូវបើកបរវាងជាដើម។
លោកលើកឡើងថា៖ «ស្ថាប័នរដ្ឋាភិបាល លោកពិនិត្យលទ្ធភាពសាកល្បងការកំណត់ហ្នឹងដោយតម្រាយផ្លូវសមស្របណាមួយ ដោយផ្អែកលើទិន្នន័យ ដែលឧស្សាហ៍កើតមានគ្រោះថ្នាក់ហ្នឹង ឬខេត្តមួយ ពីរឬបី ដើម្បីអនុវត្តសាកល្បងនេះ ដើម្បីដកស្រង់នូវបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ និងភាពជោគជ័យរបស់យើង មុននឹងឈានទៅកំណត់សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ»។
ទោះយ៉ាងណា លោកក៏សំណូមពរថាស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធគួរពិនិត្យលទ្ធភាពក្នុងការសម្រួលដល់ការខាតបង់ ឬលើកទឹកចិត្តដល់ម្ចាស់រថយន្តធុនធំ ដែលទទួលរងផលប៉ះពាល់ពីការហាមឃាត់នេះ ដើម្បីឱ្យពួកគាត់ស្ម័គ្រចិត្ត និងប្តេជ្ញាចិត្តចូលរួមក្នុងការអនុវត្តនេះ។
ក្រៅពីនោះ ក៏គួរតែពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ និង ពង្រឹងលើការហាមឃាត់ម៉ោងធ្វើចរាចរណ៍ របស់រថយន្តធុនធំឡើងវិញ នៅក្នុងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជាពិសេសនៅម៉ោងចរាចរណ៍មមាញឹកខ្លាំង ដូចជាម៉ោងដែលសិស្សានុសិស្ស និងកម្មករនិយោជិកចេញនិងចូលជាដើម។
ការអប់រំបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់អ្នកបើកបររថយន្តធុនធំ ជាពិសេស គឺមុនពេលបុណ្យជាតិធំៗ ក៏គួរតែត្រូវបានធ្វើឡើងផងដែរ ដើម្បីក្រើនរំលឹកឱ្យពួកគាត់គោរពច្បាប់បន្ថែមទៀត។ ម្យ៉ាងវិញទៀត ការអប់រំដល់អ្នកប្រើប្រាស់ផ្លូវឱ្យស្វែងយល់ពីវិធានសុវត្ថិភាព ពេលធ្វើដំណើរក្បែររថយន្តធុនធំ ក៏គួរតែមានផងដែរ ព្រោះថា គ្រោះថ្នាក់ខ្លះក៏បង្កដោយអ្នកប្រើប្រាស់ផ្លូវ ដូចជាអ្នកជិះកង់ ម៉ូតូ និងរថយន្តធុនតូចជាដើម។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ទិន្នន័យនៃចំនួនរថយន្តធុនធំ គឺមិនទាន់មានការសរុបនោះទេ។
ទោះយ៉ាងណាលោកបានឱ្យដឹងថា យានយន្តចំនួន ៣៧ ៣៨៨ គ្រឿងត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្រៅពីនោះ យានយន្តចំនួន ១១២ ៦៤៩គ្រឿងផ្សេងទៀតក៏ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ដោយគិតចាប់ពីថ្ងៃទី១ខែមករាដល់ ៣១ខែមីនា។ ក្នុងចំណោមយានយន្តទាំងនោះមានទាំងរថយន្តធុនតូច និងរថយន្តធុនធំ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនាថ្ងៃទី១៤ ខែសីហានេះ៕