
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា និងលោកស្រី Jyotsana Varma តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំថ្ងៃទី១៤ សីហា នៅភ្នំពេញ។ ក្រសួងធនធានទឹក
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តការវិនិយោគបន្ថែមទៀតលើការគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិ។
លោកស្នើដូច្នេះក្នុងជំនួបជាមួយលោកស្រី Jyotsana Varma តំណាង ADB ប្រចាំកម្ពុជា នាថ្ងៃទី ១៤ ខែសីហា នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ លោក ថោ ជេដ្ឋា បានថ្លែងថា ADB បានរួមចំណែកយ៉ាងធំធេងនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី ដោយឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្រសួងបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៤ សីហា ថា៖ «ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើដល់ ADB បន្តការវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា និងបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ADB ធ្វើការកែលម្អផែនការរយៈពេលវែង ដើម្បីឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍»។
ក្រោមហិរញ្ញប្បទានរបស់ ADB ក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងអនុវត្តគម្រោងចំនួនពីរគឺ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) និងគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន (CFACVS)។
សេចក្តីប្រកាសព័ត៌មានបន្តថា លោកស្រី Jyotsana Varma បានបញ្ជាក់ពីការពង្រីកបន្ថែមទុនវិនិយោគរយៈពេលពីរឆ្នាំទៀតរបស់ ADB លើគម្រោង IAIP ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្ត្រ និងពង្រីកសមត្ថភាពគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក។
ប្រភពដដែលបន្តថា ក្រោមការគាំទ្រហិរញ្ញប្បទានពី ADB និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គម្រោង IAIP ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ នឹងត្រូវបន្តរយៈពេល ២ឆ្នាំទៀត ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមបង្កើនការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង កំពង់ចាម តាកែវ និងកំពង់ធំ និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយប្រកបដោយស័ក្ដិសិទ្ធិភាពនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក៕