ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្ដើមហើយនៅថ្ងៃទី១៤ ខែសីហានេះ ប៉ុន្តែមិនទាន់ឈានដល់ការលើកឡើងអំពីចំនួនប្រាក់ឈ្នួលនៅឡើយទេ។
ការចរចាប្រាក់ឈ្នួលសម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលមានកម្មករប្រមាណជិតមួយលាននាក់ គឺជាយន្តការត្រីភាគីដែលរួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងរោងចក្រឬនិយោជក និងតំណាងសហជីព។
កិច្ចចរចានៅថ្ងៃនេះបានបង្ហាញពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច សម្រាប់ភាគីពាក់ព័ន្ធយកទៅធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចា ហើយភាគីនីមួយៗក៏បានឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញដើម្បីជាមូលដ្ឋានសម្រាប់ពិភាក្សាជាលក្ខណៈផ្ទៃក្នុងដើម្បីយកជំហររបស់ខ្លួនមកបង្ហាញនៅក្នុងកិច្ចប្រជុំបន្ទាប់។
ភាគីទាំង៣ នឹងបន្តរៀបចំកិច្ចប្រជុំបន្ទាប់នៅព្រឹក ថ្ងៃទី២៩ ខែសីហា, ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាតំណាងរដ្ឋាភិបាលក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងបន្ទាប់ពីកិច្ចប្រជុំថា លោកសង្ឃឹមថា ភាគីនីមួយៗនឹងប្រើប្រាស់ស្ថិតិនិងយន្តការដើម្បីវិភាគ មុននឹងកិច្ចប្រជុំបន្ទាប់។
លោកបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាតែងព្យាយាមបញ្ចប់កិច្ចចរចាលើប្រាក់ឈ្នួលឲ្យបានមុនភ្ជុំបិណ្ឌដើម្បីឲ្យកម្មករមានអារម្មណ៍រីករាយក្នុងឱកាសភ្ជុំបិណ្ឌ តាមរយៈការទទួលបានដំណឹងពីប្រាក់ខែសម្រាប់ឆ្នាំថ្មី។ លោកបញ្ជាក់ថា តួលេខចំនួនប្រាក់ឈ្នួលអប្បបរមារបស់ភាគីនីមួយៗ អាចនឹងត្រូវបង្ហាញក្នុងកិច្ចប្រជុំថ្ងៃទី២៦ ខែសីហាខាងមុខនេះ។
លោក ហេង សួរ៖ «ជារួមខ្ញុំមិនអាចសន្និដ្ឋានជំនួសភាគីនីមួយៗបានទេ ពីព្រោះយើងផ្ដល់ជូនជាស្ថិតិ ហើយភាគីនីមួយៗយកស្ថិតិទៅប្រៀបធៀតនិងផ្ទៀងផ្ទាត់បន្ថែមទៀត ដើម្បីឲ្យអស់ចិត្ត។ ដូច្នេះខ្ញុំសុំមិនអត្ថាធិប្បាយទៅលើគោលជំហរលើភាគីនីមួយៗទេ»។
ការចរចាប្រាក់ឈ្នួលធ្វើឡើងដោយវិភាគលើកត្តានានានៃសេដ្ឋកិច្ច និងសង្គម ក្នុងនោះរួមមានទាំងបញ្ហាអតិផរណាផងដែរ ដែលបច្ចុប្បន្ននេះមាន ២,៥ ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក ណាង សុធី ដែលជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពីភាគីនិយោជក។
លោកថ្លែងថា៖ «តាមប្រពៃណី បងប្អូនសហជីពយើងតែងតំឡើងតួលេខដែលវាហួសពីតួលេខមួយសមស្របតាមលក្ខណៈបច្ចេកទេស។ សូមបងប្អូនឈរលើតួលេខដែលសមហេតុសមផលមួយ ចៀសវាងថា និយោជកឡើងម្ដងបន្តិច ហើយសហជីពទាមទារឡើងច្រើន ដែលធ្វើឲ្យក្រសួងពិបាកកាត់ក្ដី។ ដូច្នេះ សូមឈរលើតួលេខដែលទៅតាមលក្ខខណ្ឌបច្ចេកទេស មិនមែនជាតួលេខដែលចេះតែថា»។
លោក គឹម ចាន់សំណាង តំណាងសហជីព បានថ្លែងថា តួលេខដែលសហជីពនឹងដាក់ស្នើសុំនឹងធ្វើឡើងតាមការពិនិត្យជាក់ស្ដែង ដែលសមរម្យអាចទទួលបានទាំងអស់គ្នា។
បច្ចុបុ្បន្ននេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០៤ ដុល្លារក្នុងមួយខែ ដែលក្នុងនោះ ២ដុល្លារត្រូវបានបន្ថែមដោយនាយករដ្ឋមន្ត្រី៕