លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការបែកបាក់សាមគ្គីជាតិ ដោយសារតែការយល់ឃើញខុសគ្នាទៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឈានទៅដល់ធ្វើសកម្មភាពខុសច្បាប់។
លោកក៏ស្នើឲ្យក្រសួងការបរទេសសួរទៅជប៉ុនអំពីការប្រើប្រាស់ទឹកដីជប៉ុនរបស់មនុស្សមួយចំនួនដើម្បីបំផុសឲ្យផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីជួបជុំជាមួយអាចារ្យ និងអាចារិនី ប្រមាណ ១០០០នាក់មកពីទូទាំងប្រទេសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហានេះ លោក ហ៊ុន ម៉ាណែត ថ្លែងថាលោកសង្កេតឃើញមាននិន្នាការ៣អំពី តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) គឺអ្នកគាំទ្រដាច់ខាត អ្នកប្រឆាំងដាច់ខាត និងអ្នកនៅកណ្ដាលដែលលោកចាត់ទុកជាកម្លាំងដ៏សំខាន់។
លោកស្នើកុំឲ្យមានការបែកបាក់គ្នាក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ពីព្រោះថា ប្រវត្តិសាស្ត្របានបង្រៀនរួចហើយថា ការបាត់បង់ទឹកដី គឺដោយសារតែការបែកបាក់ឯកភាពផ្ទៃក្នុង។
លោកថ្លែងដូច្នេះថា៖ «នៅពេលខ្ញុំនិយាយដូច្នេះ គេថាខ្ញុំខ្លាច។ ខ្ញុំខ្លាចមែន គឺខ្លាចបាត់សាមគ្គីជាតិរបស់យើង ខ្លាចខ្មែរត្រូវដាច់ដៃដាច់ជើងឡើងវិញ ព្រោះខ្ញុំបានចែកផ្ទះដល់អតីតយុទ្ធជនដែលពិការរាប់ពាន់នាក់ កូនកំព្រាដោយសារសង្គ្រាម។ ខ្ញុំខ្លាចណាស់នៅពេលដែលខ្មែរមិនអាចនិយាយគ្នាបាន កាប់ចាក់គ្នា ខ្ញុំខ្លាចបំផុត»។
លោកទទួលស្គាល់នូវការបារម្ភអំពីការបាត់បាត់ទឹកដីពី CLV-DTA ប៉ុន្តែ លោកស្នើកុំឲ្យយកការព្រួយបារម្ភនេះទៅធ្វើសកម្មភាពជ្រុលដែលឈានទៅដល់ការបែកបាក់ជាតិ។
លោកបន្តថា៖ «គេថាពូជខ្មែរពូជចម្បាំង គឺចម្បាំងការពារជាតិ សូមកុំឲ្យចម្បាំងក្នុងការកាប់ចាក់ខ្មែរគ្នាឯង។ កុំធ្វើអីដែលប៉ះពាល់ផលប្រយោជន៍រួម»។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានចលនាប្រឆាំង និង ចលនាគាំទ្រ CLV-DTA។ ភាគីអ្នកមិនគាំទ្រនៅក្រៅប្រទេសបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងនេះនៅប្រទេសមួយចំនួនដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។
លើសពីនេះទៀត ក៏មានការបំផុសឲ្យមានចលនាផ្ដួលរំលំរដ្ឋាភិបាលពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនរស់នៅក្រៅប្រទេស រួមមាននៅប្រទេសជប៉ុនជាដើម ដែលលោកស្នើឲ្យក្រសួងការបរទេសពិនិត្យមើលលើកករណីនេះ។
លោកថ្លែងថា៖ «ចំពោះអ្នកដែលបំផុសបំផុស នៅក្រៅប្រទេសប៉ុន្មាននាក់នោះ ភាគច្រើននៅជប៉ុន។ ខ្ញុំសុំឲ្យក្រសួងការបរទេសសួរទៅរដ្ឋាភិបាលជប៉ុន។ ឥឡូវភស្តុតាងមានហើយ គាត់ចេញមក។ សួរថា ជប៉ុនគាត់គាំទ្រទេក្នុងការយកទឹកដីជប៉ុនមកបំផុសឲ្យផ្ដួលរដ្ឋាភិបាល»។
លោកបន្តថា៖ «ការបញ្ចេញមតិស្របច្បាប់មិនអីទេ។ ខ្ញុំមិនមែនថាឲ្យជប៉ុនដេញមក[ខ្មែរ]វិញទេ ប៉ុន្តែ គួរណែនាំ។ តើជប៉ុនគាំទ្រទេដែលយកទឹកដីជប៉ុនជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្ម ផ្ដួលរំលំ? ព្រោះយើងឃើញមានសារច្បាស់លាស់ហើយដែលថា យើងត្រូវតែផ្ដួលរដ្ឋាភិបាល។ តើនេះជាអ្វី? នៅជប៉ុនក៏គេមិនការពារដែរ»។
លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត ក៏ស្នើឲ្យជប៉ុនជួយពន្យល់ដល់ពលរដ្ឋកម្ពុជាមួយចំនួនដែលដែលរស់នៅជប៉ុន ហើយប្រឆាំងទៅនឹងគម្រោង CLV-DTA ដែលភាគីជប៉ុនធ្លាប់បានផ្ដល់ការគាំទ្រសម្រាប់ការអភិវឌ្ឍនៅតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋជាទូទៅចំនួន ៤ ចំណុច នោះគឺការការពារអធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍខេត្តទាំង ៤នៃតំបន់ត្រីកោណអភិវឌ្ឍនិងទូទាំងប្រទេស និងការថែរក្សាស្ថិរភាព និង សន្តិភាពដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យឆ្ពោះទៅមុខ៕