បាត់ដំបងៈ កសិករ​ក្នុង​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ណែនាំ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ពុល​គីមី​បាញ់​កម្ចាត់​សត្វ​មមាច​នៅ​ពេល​ស្រូវ​ជិត​ប្រមូលផល ដោយសារ​តែ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ស្រូវ សុខភាព​សាធារណៈ និង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ។

ការ​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពេល​ដែល​អនុប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង លោក អ៊ិន សុវណ្ណមុន្នី និង​ក្រុម​ការងារ​បាន​ចុះ​ត្រួត​ពិនិត្យ​បញ្ហា​សត្វ​ល្អិត​បំផ្លាញ​ដំណាំស្រូវ ក្នុង​ឃុំ​បវេល ស្រុកបវេល។

លោក សុវណ្ណមុន្នី បាន​ឱ្យដឹង​នា​ថ្ងៃទី​១៥ ខែ​សីហា​នេះ​ថា តាម​ការ​ប៉ាន់​ស្មាន​ស្រូវ​ជាង ១០០​ហិកតា​ក្នុង​ស្រុក បវេល​កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ពី​សត្វ មមាចខ្នងស និង មមាចត្នោត អស់​រយៈពេល​ប្រហែល ២០​ថ្ងៃ​មក​ហើយ។ ស្រូវ​ទាំង​នោះ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដាក់​ទឹក​ដោះ និង​ខ្លះ​ទៀត​ស្ថិត​នៅ​ដំណាក់​កាល​ឱនដាក់​គ្រាប់​ទៅ​ហើយ។ នៅ​សល់​ប្រហែល​មិន​ដល់​កន្លះ​ខែ​ទៀត​ផង ស្រូវ​នោះ​នឹង​អាច​ប្រមូល​បាន​ហើយ។

លោក​សង្កេត​ឃើញ​ថា ដើម្បី​កម្ចាត់​សត្វ​ល្អិត​ចង្រៃ​នេះ ប្រជាកសិករ​បាន​បន្ត​ប្រើ​ប្រាស់​ថ្នាំគីមី ពី​ ២​ ទៅ ៣ ថ្ងៃ​ម្តង តែ​មិន​មាន​លទ្ធផល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ប្រើប្រាស់​នេះ ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ស្រូវ និង​សុខភាព​អ្នក​បរិភោគ​ផងដែរ ដោយសារ​តែ​សារ​ធាតុគីមី​បាន​បន្សល់​ទុក​នៅ​ក្នុង​ស្រូវ​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «សត្វ​ហ្នឹង​វា​នៅ​ខាង​ក្រោម​ស្រូវ អញ្ជឹង​បាញ់​ក៏​មិន​ត្រូវ​វា​ដែរ។ បើ​យើង​បាញ់​ក្នុង​ដំណាក់​កាល​នេះ វា​សល់​កាក​សំណល់​គីមី​នៅ​ក្នុង​ផលិតកម្ម ដែល​នាំឱ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ទីផ្សារ​នាំ​ចេញ​ទៀត។ បើ​នាំ​ចេញ​ទៅ​អាស៊ាន​ទៅ​សហគមន៍​អឺរ៉ុប គេ​រក​ឃើញ​គេ​មិន​ទិញ​យើង​ទៀត​ទេ»។

កសិករបង្ហាញ​សត្វ​មមាច​នៅ​ទំលើ​គុម្ព​ស្រូវ។ រូប​ថត ក្រសួង​កសិកម្ម

លោក​បញ្ជាក់​ថា៖ «២​ថ្ងៃ គាត់​បាញ់​ម្តង។ ថ្នាំ​មុន​បាញ់​មិន​ទាន់​សាប​ផង បាញ់​ថែមទៀត...​ហើយ​បើ​យើង​ហូប​ទៅ​ប៉ះ​ពាល់​សុខភាព​សាធារណៈ​ទៀត។ ការ​បាញ់​ក៏​មិន​អាច​គ្រង់គ្រង​ទាំងស្រុង​បាន​ដែរ ​វា​ស៊ី​តែ​ដើម វា​មិន​ប៉ះពាល់​ដល់​គុណ​ភាព​ប៉ុន្មាន​ដែរ​ទេ។ អត់​ប្រសិទ្ធភាព ហើយ​កសិករ​បាត់បង់​ថវិកា ដែល​ប៉ះពាល់​សេដ្ឋកិច្ច​ថែម​ទៀត ហើយ​ការ​បាញ់​ថ្នាំ​ប៉ះពាល់​មុន​គេ​គឺ​អ្នក​បាញ់​ហ្នឹងហើយ»។ 

លោក​បន្ថែម​ថា ការ​បាញ់​ក្នុង​កម្រិត​ច្រើន​នេះ​ក៏​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់បរិស្ថាន និង​ងាប់​ប្រភេទ​សត្វផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​ផងដែរ។ 

លោក​ពន្យល់​ថា នៅពេល​ដែល​ស្រូវ​ជិត​នឹង​ប្រមូល​ផល​ហើយ​នេះ។ សត្វ​មមាច ជញ្ជក់​ដើម​ស្រូវ ដែល​ធ្វើ​ឱ្យ​បាត់បង់​ការ​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៅ​ផ្គត់ផ្គង់​ផ្លែ ដែល​មិន​ទាន់​ពេញ​លេញ។ ផ្អែក​ទៅ​លើ​ផល​ប៉ះពាល់​នេះ ដំណាំ​ស្រូវ​អាច​នឹង​ថយ​ទិន្ន​ផល​ប្រមាណ​ពី ១០​ភាគរយ​ទៅ ១៥​ប៉ុណ្ណោះ។

ក្រុម​ការងារ​កសិកម្ម​ក៏​បាន​ណែនាំ​ដល់​កសិករ ឱ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី និង​ថ្នាំ​ពុល​គីមី ហើយ​ចៀសវាង​ការ​ប្រើ​ប្រាស់​ពូជ​ដែល​បាន​ពី​ការ​ប្រមូល​ផល​នេះ ដោយសារ​តែ​វា​ឆ្លង​មេរោគ​នៅ​ក្នុង​ពូជ​ស្រូវ​នេះ។

មន្ត្រីជំនាញត្រួត​ពិនិត្យ​ស្រូវ​ដែល​ត្រូវ​សត្វ​មមាច​បំផ្លាញ។ រូប​ថត ក្រសួង​កសិកម្ម

ក្រៅពីនោះ កសិករ​ត្រូវ​ភ្ជួរ​រាស់ និង​ពន្លិច​ទឹក​ភ្លាមៗ បន្ទាប់ពី​ប្រមូល​ផល​រួច ដើម្បី​សម្លាប់​ពង​ពពួក​មមាច និង​ត្រូវ​តាម​ដាន​វត្តមាន​សត្វល្អិត​ក្នុង​ស្រែ​ជា​ប្រចាំ ដើម្បី​កុំ​ឱ្យ​បញ្ហា​សត្វល្អិត​នេះ​កើត​មាន​ឡើង​ចំពោះ​ស្រូវ​ថ្មី​ផ្សេង​ទៀត។

លោក អ៊ិន សុវណ្ណមុន្នី ក៏​បាន​ណែនាំ​ដល់​ការិយាល័យ​កសិកម្ម បរិស្ថាន ធនធាន​ធម្មជាតិ​នៃ​រដ្ឋបាល​ស្រុក​ទាំង ១៤​ស្រុក ក្រុង ត្រូវ​ចេញ​គោលការណ៍​ណែនាំ​ពី​ការ​គ្រប់គ្រង​សត្វ​ល្អិត ជាពិសេស គឺ​សត្វ​មមាច​នេះ និង​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​ឱ្យ​បាន​លឿន​រហ័ស​និង​ទូលំទូលាយ។

បើ​យោង​តាម​លោក សុវណ្ណមុន្នី ​ស្រូវនៅ​តំបន់​ផ្សេងៗ​ទៀត មិនមាន​ការ​រាយការណ៍​ពី​ផល​ប៉ះពាល់​ពីសត្វ​ល្អិត​ចង្រៃ​នេះ​នោះ​ទេ។

ក្រៅពី​មមាច ដំណាំ​ស្រូវ​ក្នុង​ខេត្ត​ជាច្រើន​ក៏​រងផល​ប៉ះពាល់​ពី​ការ​បំផ្លាញ​ដោយ​ដង្កូវ​ហ្វូង​ និង​រុយស​ជាដើម​ផងដែរ​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំនេះ៕