អាជ្ញាធរមីនបន្ថែមការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាស្រុកមានករណីគ្រោះថ្នាក់ដោយសារគ្រាប់មីនច្រើនជាងគេនៅឆ្នាំ២០២៤នេះ។
យុទ្ធនាការផ្សព្វផ្សាយអប់រំនេះដឹកនាំដោយលោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃអាជ្ញាធរមីននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ក្នុងឃុំស្រអែម ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត ក្រុមប្រឹក្សាឃុំ ប្រតិបត្តិករសកម្មភាពមីន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
លោក លី ធុជ បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០២៤នេះ ដែលត្រឹមតែរយៈពេល ៧ខែដើមឆ្នាំនេះ មានជនរងគ្រោះមានចំនួន ៣៧នាក់ហើយ។ តួលេខនេះបង្ហាញពីការកើនឡើងរហូតដល់ ៦១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួន ២៣នាក់។ នេះបើតាមអាជ្ញាធរមីន។
អាជ្ញាធរមីនបញ្ជាក់ថា៖ «ករណីគ្រោះថ្នាក់នេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិត របួស និងពិការអវយវៈ ក៏ដូចជាខូចខាតដល់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចសង្គមរយៈពេលយូរទៀតផង»។
លោក លី ធុជ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីន ទទួលបាននូវសមិទ្ធផលច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតែបន្តកើតមានឡើង ជាពិសេសនៅតាមតំបន់សង្ស័យ និងតំបន់មិនទាន់បានកំណត់អត្តសញ្ញាណចម្ការមីន។
លោក លី ធុជ ក៏បានជំរុញឲ្យប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់កិច្ចសហការឲ្យកាន់តែសកម្មជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការចូលរួមឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយ។
ក្នុងករណីដាច់ដោយឡែក កាលពីថ្ងៃទី១៣ ខែសីហាកម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកដែលប្រទះឃើញកប់ក្នុងដីនៅវាលស្រែស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គ្រាប់បែកទម្លាក់ពីយន្តហោះនេះ ជាប្រភេទ M117 មានទម្ងន់ប្រមាណ ៣៤០គីឡូក្រាម ប្រវែងប្រមាណ ២ ម៉ែត្រ។
ស៊ីម៉ាក់បញ្ជាក់ថា គ្រាប់បែកប្រភេទនេះត្រូវបានទម្លាក់បរិមាណយ៉ាងច្រើននិងត្រូវបានទម្លាក់ដោយយន្តហោះប្រភេទ B-52G ក្នុងសម័យសង្គ្រាមឥណ្ឌូចិន។
ស្របពេលជាមួយគ្នានេះ ស៊ីម៉ាក់ក៏បានដាស់តឿនចំពោះប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ជាពិសេសអ្នករស់នៅតាមតំបន់ដែលសង្ស័យថាមីន ដោយហេតុថា រដូវវស្សា អាចមានគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំមកហើយ។
ស៊ីម៉ាក់អំពាវនាវថា៖ «សូមកុំប៉ះពាល់គ្រាប់មីនទាំងនោះ ហើយមេត្តាដាក់សញ្ញាសម្គាល់ និងសូមរាយការណ៍មកអង្គភាពស៊ីម៉ាក់ប្រសិនបើលោកអ្នកប្រទះឃើញគ្រាប់មីនហូរតាមទឹក»៕