អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ទូច សុឃៈ ​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ចាញ់​ឧបាយកល​ញុះញង់​ប្រឆាំង​នឹង​គម្រោង​ CLV-DTA  ហើយ​ចូល​រួម​ក្នុង​ផែនការ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល ​ដកខ្លួន​ចេញ​ហើយ​សារភាព​ជា​បន្ទាន់​ដើម្បី​ទទួល​បាន​ការ​លើក​លែង។ 

លោក​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ពាក់​ព័ន្ធ​​អស់​ហើយ ខណៈ​ដែល​ការ​ឃាត់​ខ្លួន និង​ចាប់​ខ្លួន​អ្នក​ដែល​កៀរគរ​គ្នា​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ក្រោម​រូបភាព​ប្រឆាំង ​CLV-DTA ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។

លោក សុឃៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា៖ «មក​ទល់​នឹង​ពេល​នេះ សមត្ថកិច្ច​នៅ​តែ​អន្ទង​ឲ្យ​ជន​បង្ក​ ឬ​អ្នក​ដែល​ចាញ់​ឧបាយកល​របស់​ជន​បង្ក ឬ​អ្នក​ចូលរួម​មេត្តា​បញ្ឈប់ ហើយ​ដក​ខ្លួន​ថយ​ចេញ​ពី​ក្រុម​ជន​ល្មើស​ទាំង​អស់​នោះ។ បើ​សិន​ជា​មក​សារភាព អាច​រួច​ផុត​ពី​ការ​ទទួល​សុខ​ត្រូវ​ផ្សេងៗ។ បើ​គ្រាន់​តែ​ចូលរួម​ល្មមៗ សូម​ដក​ខ្លួន​ចេញ​ជា​បន្ទាន់»។

កាល​ពី​ថ្ងៃទី១៣ ខែសីហា ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ពន្យល់​ពី​ផ្លូវ​ច្បាប់​ថា អ្នក​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ បដិវត្តន៍​ពណ៌ នឹង​ត្រូវ​ជាប់​បទ​ល្មើស​ឧបឃាត ដែល​ប្រឈម​នឹង​ការ​ចាប់​ពន្ធនាគារ​ចន្លោះ​ពី ១៥​ទៅ ៣០​ឆ្នាំ។ ចំណែក​អ្នក​ដែល​ចូលរួម​ក្នុង​ផែនការ​នេះ​នឹង​ត្រូវ​ជាប់​ក្នុង​បទល្មើស «រួម​គំនិត​ក្បត់» ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០​ឆ្នាំ។​

លោក ឆាយ គឹមខឿន អ្នក​​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​មិន​បាន​ប្រាប់​អំពី​ចំនួន​មនុស្ស​សរុប​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ទេ។

ទាំង​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​លោក សុឃៈ ក៏​មិន​បាន​បង្ហាញ​ពី​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដែរ គ្រាន់​តែ​បាន​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​នា​ពេល​ចុង​ក្រោយ​នេះ។

បើ​តាម​ការ​កត់​ត្រា​ត្រួសៗ​របស់​ភ្នំពេញ​ប៉ុស្តិ៍ គិត​មក​ត្រឹម​ថ្ងៃ​ទី១៥ ខែសីហា​នេះ មនុស្ស​ប្រមាណ​ ១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង​នឹង​ CLV-DTA ដែល​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​លោក ស៊្រុន ស្រន កញ្ញាភឹង ​សោភា និង​លោក​សាន សិត នៅ​ខេត្ត​សៀមរាប កាល​ពី​ចុង​ខែ​កក្កដា ហើយ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ 

លោក ទូច សុឃៈ៖ «ចំពោះ​ចំនួន​មនុស្ស ខ្ញុំ​ក៏​មិន​បាន​បូក​សរុប​ទេ ប៉ុន្តែ​ការ​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន​អ្នក​ដែល​យក​គម្រោង​ CLV-DTA នេះ​មក​ធ្វើ​ជា​ឈ្នាន់​ ឬ​ចលករ​មួយ​បោក​ប្រជាពលរដ្ឋ បោក​យុវជន​នោះ​យើង​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ មែនទែន​ទៅ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​កំណត់​មុខ​សញ្ញា​បាន​នៅ​ក្នុង​ដៃ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ទាំង​អស់​នោះ ហើយ​យើង​កំពុង​បន្ត​នីតិវិធី​ចាប់​ខ្លួន​អ្នក​ទាំង​អស់​នោះ»។

លោក សុឃៈ ថ្លែង​ថា អ្នក​ដែល​បាន​ចាប់​ខ្លួន​បាន​ប្រព្រឹត្ត​ហួស​ពី​សេរីភាព​បញ្ចេញ​មតិ ដោយ​បាន​រៀបចំ​ផែនការ​ទុច្ចរិត​ និង​មាន​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទ​ល្មើស​ដែល​មាន​ការ​រៀបចំ​ច្បាស់​លាស់ ក្នុង​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ឬ​ធ្វើ​រដ្ឋ​ប្រហារ៕