ភ្នំពេញៈ កម្ពុជា​ដក​ស្រង់​បទពិសោធន៍​នៃ​ «គម្រោង​សាលា​រៀន ស គ្មាន​គ្រឿងញៀន» ដែល​កំពុង​តែ​អនុវត្ត​ដោយ​ជោគ​ជ័យ​នៅ​ប្រទេស​ឡាវ ដើម្បី បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អប់​រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន។ 

លោក​ឧត្តមសេនីយ៍​ឯក ​លឹម ​តុងហួត ​ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ ​អប់រំ ​និង​ទំនាក់​ទំនង​សាធារណ:​ នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និង​លោក ​ស៊ូផាផាត ហ៊ីបឱសថ ​ទី​ប្រឹក្សា​ទទួល​បន្ទុក​គ្រឿងញៀន​អម​ស្ថាន​ទូតថៃ​ប្រចាំ​កម្ពុជា​បាន​ជួប​ប្រជុំ​ពិភាក្សា​ការ​រៀប​ចំ​គម្រោង​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រឿង​ញៀន​ក្នុង​សាលារៀន​នាថ្ងៃ​ទី១​ ខែ​សីហា។

លោក​ លឹម តុងហួត បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ ​ភាគីថៃ​បាន​លើក​ពី​គំនិត​ផ្តួច​ផ្តើម នៃ«គម្រោង​សាលារៀន ស គ្មាន​គ្រឿង​ញៀន» ដែល​កំពុង​តែ ដំណើរការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ឡាវ​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ថៃ (TICA)។

លោក​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី២ ខែ​សីហា​ថា៖ « ម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ជោគ​ជ័យ​នៅ​ឡាវ។ គាត់​ឃើញ​គម្រោង​អនុវត្ត​នៅ​ឡាវ​បាន​ជោគជ័យ​ល្អ​អញ្ជឹង គាត់​ចង់​ពង្រីក​ឱ្យ​កម្ពុជា​ធ្វើ​ដែរ។ នេះ​គ្រាន់​ ​តែ​ឈ្មោះ​គម្រោង​ទេ​។ គេឱ្យ​ជា​គំនិត​គម្រោង​មក ​អញ្ជឹង​យើង​យក​មក​ដាក់​ឱ្យ​ត្រូវ​នៅ​ក្នុង​ស្ថានភាព​ប្រទេស​យើង។ កម្ពុជា​នឹង​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ [អនុវត្ត]»។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីលោក​ស្រី ​ផាណា វ៉ឺនីដា​ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ លោកស្រី​ផាណា វ៉ឺនីដា​បាន​សាទរ និង​ផ្តល់​ការ​គាំទ្រ​នូវ​គំនិត​ផ្តួច​ផ្តើម​គម្រោង​នេះ។ 

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីលោក​ស្រី ​ផាណា វ៉ឺនីដា​ (ស្តាំ) អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ រូបថត អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន

លោកស្រី​ បាន​ណែនាំ​ឱ្យ​រៀប​ចំគម្រោង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ដាក់​ចូល​ក្នុង​របៀបវារ:​នៃ​កិច្ច​ប្រជុំ​ពាក់​កណ្តាល​អាណត្តិ នៃ​កិច្ច​សហការ​អនុវត្ត​ការងារ​របស់​ TICA ដែល​គ្រោង​រៀប​ចំ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​ តុងហួត ​ក៏​បាន​បន្ថែម​ថា ភាគី​ថៃ​បាន​លើក​ជា​គំនិត តែ​កម្ពុជា​ជា​អ្នក​កសាង​គម្រោង​នេះ​ដោយខ្លួន​ឯង។ ​កម្ពុជា​អាច​ធ្វើ​ការ​ដក​ស្រង់​បទពិសោធន៍​នៃ​ការ​អនុវត្ត​គម្រោង​នេះ។ 

ពាក់​ព័ន្ធ​នឹង«គម្រោង​សាលា​រៀន ស គ្មាន​គ្រឿង​ញៀន»នេះ ​នៅ​កម្ពុជា​ក៏​មាន​ដាក់​ពាក្យ​ស្លោក​ជា​ច្រើន​ដាក់​នៅ​ក្នុង​សាលា ​ដើម្បី​ធ្វើ​ការ​អប់រំ​សិស្សានុសិស្ស​ឱ្យ​បាន​យល់​ដឹង​ពី​បញ្ហា​គ្រឿង​ញៀន​ផង​ដែរ។ 

លោក​បាន​លើក​ឡើង​ថា ការ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​សាលា​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ 

លោក​បញ្ជាក់​ថា៖ «គ្រប់​គ្រួសារ​ទាំងអស់​គឺ​គ្មាន​គ្រួសារ​ណា​មួយ ​ដែល​គ្មាន​កូន​ទៅ​រៀន​ទេ។ អញ្ជឹង​យើង​បណ្តុះ​បណ្តាល​គាត់​នៅ​ក្នុង​សាលា​ ឱ្យ​គាត់​បាន​ដឹង ​ហើយ​គាត់​យក​ចំណេះ​ដឹង​ហ្នឹង​ទៅ​ចែក​រំលែក​ជាមួយ​នឹង​គ្រួសារ​គាត់​ដោយ​បើក​ចំហ ដើម្បី​ឱ្យ​បញ្ហា​គ្រឿង​ញៀន​ត្រូវ​បាន​និយាយ​គ្រប់​គ្នា ហើយ​សមត្ថកិច្ច​បន្ត​ខិត​ខំ​បង្រ្កាប​គ្រឿង​ញៀន​ទៅ ​អញ្ជឹង បញ្ហា​គ្រឿង​ញៀន​លែង​ជា​កង្វល់​របស់​រដ្ឋាភិបាល​ទៀត​ហើយ»។

ពាក់​ព័ន្ធ​ទៅនឹង​គ្រឿង​ញៀន​នេះ​ លោក​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរថា​ ប្រទេសថៃ​មាន​គោល​នយោបាយ​ក្រៅ​ប្រទេស​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា ទប់​ស្កាត់​កុំ​ឱ្យ​គ្រឿង​ញៀន​ ហូរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ។ លើស​ពីនោះ ​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ​គឺ​ត្រូវ​ធ្វើ​ដោយ​ពហុវិស័យ ​និង​ពី​បណ្តា​ប្រទេស​នានា​ដែល​មិនអាច​ធ្វើ​ឱ្យ​បាន​ជោគជ័យ​តែ​ឯង​បាន​នោះ​ទេ។ 

លោក​ថ្លែង​ដូច្នេះ​ថា៖«យើង​គាំទ្រ និង​ស្វាគមន៍​គ្រប់​ភាគី​ទាំង​អស់​រាល់​គម្រោង​ផ្សព្វផ្សាយ​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​របស់​យើង​បាន​លឿន ​និង​ទូលំទូលាយ»។

ក្នុង​រយៈពេល​ឆមាស​ទី១ ​នៃ​ឆ្នាំ ២០២៤ ​នេះ​ ពលរដ្ឋ​ប្រមាណ​ជា ១៦​លាន​នាក់ ដែល​ស្មើនឹង​ចំនួន​ពលរដ្ឋ​កម្ពុជា​បាន​ចូល​រួម​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿង​ញៀន​នេះ​ផង​ដែរ។

សាលាដំបូង និង​អយ្យការ​អមសាលា​ដំបូង​រាជធានី ​ខេត្ត បាន​ទទួល​ចាត់​ការ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​សរុប​ចំនួន​ ៥២៧ ករណី​ក្នុង​រយៈពេល​ ១ខែ ​គិត​ចាប់​ពីថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០២៤ ។ ក្នុង​នោះ ​មាន​ជន​សង្ស័យ​ចំនួន ១ ៣៣៧ នាក់ និង​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន​ ១ ០៣១​នាក់។ នេះ​បើ​យោង​តាម​ក្រសួង​យុត្តិធម៌៕