ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយក្នុងពេលអនាគតដ៏ខ្លី ខណៈពេលដែលបេសកជនពិសេសមីយ៉ាន់ម៉ាបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី២ សីហា និងបានចែករំលែកអំពីការវិវត្តន៍នាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១ សីហា នៅរាជធានីភ្នំពេញ លោក អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) មីយ៉ាន់ម៉ា បានលើកឡើងអំពីស្ថានភាពវិវត្តន៍នាពេលថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១ សីហា។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា នៅមានសក្ដានុពលលើវិស័យជាច្រើន។ សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយក្នុងពេលអនាគតដ៏ខ្លី»។
ហ្វេសប៊ុកដដែលបន្ថែមថា លោក អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនង «ដ៏ល្អប្រសើរ» រវាងមីយ៉ាន់ម៉ា និងកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ប្រភពដដែលបញ្ជាក់ថា ក្នុងជំនួបនេះ វិស័យសក្ដានុពលមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកឡើង មានជាអាទិ៍ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, ទេសចរណ៍, និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា ការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជារឿងមួយសំខាន់ ប៉ុន្តែអ្វីដែលមីយ៉ាន់ម៉ាត្រូវគិតគូរបន្ថែមទៀតគឺ ថាតើមីយ៉ាន់ម៉ាត្រូវកសាង និងស្តារសង្គមសេដ្ឋកិច្ចរបស់ខ្លួនដោយរបៀបណា។
លោកថ្លែងថា៖ «កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដល់ការកសាងសន្តិភាព និងចូលរួមជាមួយនឹងសមាជិកអាស៊ានដទៃក្នុងការផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចដល់មីយ៉ាន់ម៉ា។ ស្ថិរភាព និងសន្តិភាពតំបន់ជាមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍អាស៊ាន ហើយអាស៊ានក៏ត្រូវការចូលរួមពីសមាជិកទាំងអស់ផងដែរ។ ដូចនេះ ការរួមគ្នាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា គឺជាអ្វីដែលកម្ពុជាផ្តល់អាទិភាព»។
យោងតាមក្រសួងព័ត៌មានមីយ៉ាន់ម៉ានាថ្ងៃទី២ ខែសីហាបានឱ្យដឹងថា ក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១ ខែសីហា លោក អ៊ូ កូកូ ឡាំង បានចែករំលែកអំពីការវិវត្តន៍នាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា, ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានស្របតាមផែនទីបង្ហាញផ្លូវ៥ចំណុចរបស់SAC, និងការត្រៀមរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបញ្ជាក់ថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាពាក់ព័ន្ធនឹងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ,ទស្សនវិស័យពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមមានទេសចរណ៍, ការតភ្ជាប់, វប្បធម៌, កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវេទិកាតំបន់ និងពហុភាគី, និងសកម្មភាពដែលអាចធ្វើទៅបានដើម្បីរំលឹកខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតមីយ៉ាន់ម៉ា-កម្ពុជានៅឆ្នាំ២០២៥៕