បាត់ដំបង៖ ក្នុង​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ជនបទ​ប្រកប​ដោយ​និរន្តរភាព ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បាន​ចាប់​ផ្តើម​​គម្រោង​អភិវឌ្ឍន៍​ភូមិ (VDP) ក្រោម​កម្មវិធី​ជំនួយ​ទ្វេភាគី «​អភិវឌ្ឍន៍​ជនបទ​ភូមិ​សន្តិភាព»។

ពិធីនេះ​ត្រូវ​បាន​ដំណើរការ​ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ភូមិ​រវាង​ទីភ្នាក់ងារ​ KOICA អង្គការ​ទស្សនៈ​ពិភព​លោក​ដែល​ជា​ទីប្រឹក្សា​គម្រោង និង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ទាំង​៣០។

យោងតាម KOICA បាន​ឱ្យ​ដឹងថា​៖ «ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦ តាម​រយៈ​ការ​គាំទ្រ​ដោយ​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​អាមេរិក ​ជា​គម្រោង​ជំនួយ​ឥត​សំណង​ដែល​ត្រូវ​អនុវត្តន៍​​ក្នុង​រយៈពេល ៥ ឆ្នាំ​របស់​រដ្ឋាភិបាល​កូរ៉េ​នេះ «គម្រោង​ការ​កសាង​ភូមិ​សន្តិភាព តាម​រយៈ​​ការ​អភិវឌ្ឍ​សហគមន៍​ជនបទ​ចម្រុះ» បាន​និង​កំពុង​ផ្តោត​លើ​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​​កម្ពុជា ជាពិសេស​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន»​។ 

តំបន់​ទាំងនេះ​ត្រូវ​បាន​កំណត់​​​ដោយ​ប្រជាជន​ជនបទ​ភាគច្រើន​ដែល​រស់​នៅ​ក្នុង​តំបន់​​ដាច់​ស្រយាល​ដែល​នៅតែ​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​បន្ទាប់ពី​ជម្លោះ​សោកនាដកម្ម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០​។​

ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (NSDP) របស់​កម្ពុជា និង​ផែន​ការ​យុទ្ធសាស្ត្រ​ថវិកាខេត្ត (PSBP) គម្រោង​ភូមិ​សន្តិភាព​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​រវាង​រដ្ឋាភិបាល​កូរ៉េ និង​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​សហគមន៍​ជនបទ​របស់​កម្ពុជា​។ 

KOICA បាន​បន្ដថា​៖ «គម្រោង​មាន​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍន៍​ជនបទ​ប្រកប​ដោយ​បរិយាប័ន្ន និង​និរន្តរភាព​នៅក្នុង​ភូមិ​ទាំង​៣០ ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន»។ 

គម្រោង​នេះ​ផ្តោត​លើ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​ជនបទ ការ​ជំរុញ​ប្រាក់​ចំណូល​កសិកម្ម និង​ការ​ពង្រឹង​សមត្ថភាព​អភិបាលកិច្ច​សម្រាប់​ការអភិវឌ្ឍន៍​ជនបទ។ 

ការ​ផ្តល់​មូលនិធិ​ដល់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ទាំង​៣០ ដែល​ពួកគេ​នឹង​ដឹកនាំ​គម្រោង​​ផ្ទាល់​ខ្លួន​​ក្នុង​ការ​សាងសង់ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​សំខាន់ៗ រួមមាន​សាលារៀន មណ្ឌល​សុខភាព ផ្លូវថ្នល់ អាង​ស្តុក​ទឹក និង​អគារ​សហគមន៍​។​

អ្នកស្រី ស៊ូ ហឿន ប្រធានភូមិ និង​ជា​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្តបាត់ដំបង​បានអរគុណ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ភូមិ។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​ក្នុងការ​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​នេះ​ដោយ​ផ្អែកលើ តម្រូវ​​ការ​ដែល​យើង​​បាន​ជ្រើសរើស​តាមរយៈ​ការ​បណ្តុះ​បណ្តាល​ជា​បន្តបន្ទាប់​សម្រាប់​អភិបាលកិច្ច​អភិវឌ្ឍន៍​ភូមិ​»។ ​​

ពិធី​បើក​ដំណើរការ​នេះ​ធ្វើឡើង​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោក អឿន ធារិទ្ធ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ និង​ជាទី​ប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ជនបទ ​លោក ផេង សិទ្ធី អភិបាលរង​ខេត្តបាត់ដំបង លោក Shin Yonghwa នាយករង​ប្រចាំ​ប្រទេស​នៅ​ការិយាល័យ KOICA ប្រចាំ​កម្ពុជា នៅ​សណ្ឋាគារ​ស្ទឹង​សង្កែ ខេត្តបាត់ដំបង កាលពី​​ថ្ងៃទី​៣១ ខែកក្កដា៕​