នៅចំពោះមុខក្ដីបារម្ភរបស់ប្រជាពលរដ្ឋដែលខ្លាចបាត់បង់ទឹកដីកម្ពុជាតាមរយៈតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម (CLV-DTA) រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីតុមូលបង្ហាញពីការសិក្សាស្រាវជ្រាវព្រំដែនកាលពីឆ្នាំ២០១៣ ហើយគ្រោងនឹងបោះពុម្ពផ្សាយឯកសារនេះទុកជាភស្តុតាងនាងពេលខាងមុខ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្ដីបារម្ភខ្លាចបាត់បង់ទឹកដីត្រូវបានលើកឡើងនៅលើបណ្ដាញសង្គម ដោយពលរដ្ឋខ្លះស្នើឲ្យរដ្ឋាភិបាលដកខ្លួនចេញពី CLV-DTA ខណៈដែលអ្នកខ្លះថែមទាំងស្នើឲ្យមានការសាងសង់របងការពារព្រំដែនទៀតផង។
បើតាមឯកសារកិច្ចព្រមព្រៀងដែលត្រូវបានផ្សព្វផ្សាយកាលពីកន្លងទៅ CLV-DTA គឺជាកិច្ចសហការដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខភាព សន្តិសុខ អប់រំ និងគ្រោះមហន្តរាយ ដែលបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ១៩៩៩។
បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងនេះគ្របដណ្ដប់លើខេត្ត ៤ របស់កម្ពុជា គឺរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។ ចំណែកភាគីឡាវមាន ខេត្ត Attapeu, Salavan, Sekong និង Champasak។ វៀតណាមមានខេត្ត Kon Tum, Gia Lai, Dak Lak, Dak Nong និង Binh Phuoc។
ក្នុងកម្មវិធីតុមូលដែលរៀបចំនៅថ្ងៃសុក្រនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជាបានសិក្សាស្រាវជ្រាវអំពីព្រំដែនកម្ពុជាជាមួយវៀតណាម និងឡាវ ហើយបានចងក្រងឯកសារទុកជាភស្តុតាង ដែលបង្ហាញថាកម្ពុជាមិនបានបាត់ដីទៅប្រទេសវៀតណាមទេ។
លោកនិយាយថា ឯកសាររបស់លោកមាននិយាមការច្បាស់លាស់ដែលមិនអាចមានប្រទេសណារំលោភយកទឹកដីខ្មែរបានឡើយ។
លោក សុខ ទូច៖ «មិនអាចយកបានទេ ពីព្រោះយើងមាននិយាមការនៅលើតុនេះ។ បើអ្នកណាហ៊ានឱ្យ (ដីទៅគេ) អ្នកនោះនឹងគ្រោះថ្នាក់។ អ្នកណាកាន់រដ្ឋាភិបាល ហ៊ានតែផ្ដេសផ្ដាស់ សាក្សីរស់ សាក្សីឯកសារ ប្រជាជននឹងថ្កោលទោស ពីព្រោះយើងមានឯកសារច្បាស់លាស់ណាស់»។
លោក យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលចូលរួមកម្មវិធីតុមូលនេះដែរ បានថ្លែងដោយលើកជាចម្ងល់ថា លោកមិនដឹងថា ខេត្តរបស់កម្ពុជាទាំង ៤ នឹងបាត់បង់ដោយរបៀបណាទេ ពីព្រោះ CLV-DTA មិនមែនជាការដាក់ហ៊ុនខេត្តរួមគ្នាជាមួយឡាវ និង វៀតណាមនោះទេ។
លោកនិយាយថា៖ «វាអត់បាត់ទៅណាទេ ព្រំដែនបោះរួចហើយ។ ចំណុចមិនទាន់បោះគឺនៅដាក់ដាំ ព្រែកដាក់ដាំដែលអ្នកស្រុកហៅថា អូតាំ មានទាំងភាសាអ្នកស្រុក និងភាសាបារាំងទៀត»។
កម្ពុជាមានព្រំដែនជាមួយវៀតណាមប្រវែង១ ២៧០ គម ដោយភាគីទាំងពីរបានឯកភាពគ្នាបាន ៨៤ភាគរយ នៅសល់ ១៦ ភាគរយទៀតកំពុងដោះស្រាយ។ ចំណែកព្រំដែនជាមួយឡាវមានប្រវែង ៥៤០គម ដោយភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនបានប្រមាណ៨៦ភាគរយ នៅសល់ ១៤ភាគរយទៀតកំពុងបន្តដោះស្រាយ។ នេះបើតាមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។
លោក យ៉ង់ ពៅ យល់ឃើញថា រដ្ឋាភិបាលអភិវឌ្ឍតំបន់នេះដោយមិនចង់ទុកឲ្យព្រំដែននៅរងា។
លោកនិយាយថា៖ «អីចឹងហើយបានជារដ្ឋាភិបាលត្រូវតែអភិវឌ្ឍ តាមគ្រប់រូបភាពដែលអាចអភិវឌ្ឍបាន។ ដូច្នេះ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនកាត់ដីឲ្យអ្នកណាទេ។ បើដឹកនាំប្រទេសហើយមិនអភិវឌ្ឍប្រទេសនោះទើបជារឿងខុស»។
លោកថា កាលពីពេលដែលលោកចុះទៅសិក្សាស្រាវជ្រាវនៅតាមព្រំដែនឆ្នាំ២០១៣ លោកឃើញមានផ្លូវសម្រាប់អូសឈើចេញពីកម្ពុជាដោយខុសច្បាប់ទៅវៀតណាម។ ដូច្នេះ ការអភិវឌ្ឍតំបន់នេះអាចជួបទប់ស្កាត់បញ្ហានេះបាន។
លោក សុខ ទូច យល់ឃើញថា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលធ្លាប់បានចូលរួមផ្ដួចផ្ដើមគំនិតបង្កើត CLV-DTA មិនអាចកាត់ដីឲ្យវៀតណាមដូចការលើកឡើងរបស់អ្នករិះគន់មួយចំនួននោះទេ។
លោកថា លោក ហ៊ុន សែន និង ភរិយា ក៏ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត និងភារិយា សុទ្ធតែមានឈាមជ័រជាខ្មែរ ដែលមិនអាចកាត់ដីឲ្យគេដូចការចោទប្រកាន់នោះទេ។ លោកថា លោកបានស្នើសុំកុំឲ្យមានការជួលដីនៅតាមព្រំដែន ហើយរដ្ឋាភិបាលបានយល់ព្រមតាមសំណើររបស់លោក។
លោក សុខ ទូច ថ្លែងថា៖ «ប្រសិនបើអតីតសម្ដេចនាយករដ្ឋមន្ត្រីលោកមានគំនិតអាក្រក់បែបហ្នឹង ប្រហែលជាគាត់មិនដកដីទេ។ រាជបណ្ឌិត្យសភាស្នើសុំកុំឲ្យជួលដីនៅតាមព្រំដែនមួយគីឡូម៉ែត្រ។ ក្រោយមករាជរដ្ឋាភិបាលក៏ចេញអនុក្រឹត្យមិនឲ្យជួល។ មូលហេតុអ្វីមិនឲ្យជួល? ព្រោះកុំឲ្យមានរឿង»។
លោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានរៀបរាប់អំពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាច្រើន ហើយថាការស្នើសុំឲ្យដឹកខ្លួនពី CLV-DTA មិនចាំបាច់ទេ ពីព្រោះរាល់គម្រោងអភិវឌ្ឍន៍នានានៅខេត្តទាំង៤នោះ ត្រូវចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា៕