ពោធិ៍សាត់ៈ កម្លាំង​ចម្រុះ​ចន្លោះ​ពី​៧០០ ទៅ​៨០០​នាក់ កំពុង​តែ​ត្រូវ​បាន​ដាក់​ប្រចាំការ​នៅ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការ​​ទន្រ្ទាន​ដី​ព្រៃ​បែប​អាណាធិបតេយ្យ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ក្រោយ​ពី​ដី​ព្រៃ​ជិត​ ៤​ម៉ឺន​ហិកតា​ត្រូវ​បាន​ដក​ហូត​ពី​បទ​ល្មើស និង​គ្រោង​នឹង​ធ្វើការ​ដំា​ស្តារ​ព្រៃឈើ​ឡើងវិញ ជាពិសេស​គឺ​នៅ​តំបន់​ភ្នំ​ជួរ​ភ្នំក្រវាញ។ 

ក្នុង​កិច្ច​សម្ភាស៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ដែល​ដឹកនាំ​ដោយ​ក្លិបអ្នក​កាសែត​កម្ពុជា​កាល​ពី​សប្តាហ៍មុន អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​ឱ្យ​ដឹង​ថា ក្នុង​នាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត លោក​បាន​ត្រៀម​កម្លាំង​ចម្រុះ​ចន្លោះ​ពី​ ៧០០ ទៅ ៨០០​នាក់ នៅ​តាម​រដ្ឋបាល​ឃុំ​ទាំងអស់​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ត្រៀម​បន្ត​ទប់ស្កាត់​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង ទន្រ្ទាន​យក​ដី​ព្រៃ​រដ្ឋ​ដោយ​ខុស​ច្បាប់ ជាពិសេស នៅ​ក្នុង​តំបន់​ដែល​ការពារ​ដោយ​ព្រះ​រាជក្រិត្យ។ ​ក្នុង​នោះ​ក៏​មាន​ទាំង​ក្រុម​ទាហាន​ជួយ​ការពារ​តំបន់​ទាំង​នោះ​ថែម​ទៀត​ផងដែរ។ 

លោក​បញ្ជាក់​ថា៖ «រយៈពេល​កន្លង​មក ខ្ញុំ​សុំ​គោលការណ៍​ដើម្បី​ទប់ស្កាត់​ទាំងអស់​ហ្នឹង គឺ​រៀបចំ​កម្លាំង​រហូត​ដល់ ៧០០​ទៅ ៨០០​នាក់​ឯ​នោះ​ទាំង​ថ្នាក់​ជាតិ ក្រោម​ជាតិ ដើម្បី​បញ្ឈប់​ការ​ទន្រ្ទាន​ដី​ព្រៃ​អាណាធិបតេយ្យ​ទាំងអស់​នេះ។ អញ្ជឹង​កម្លាំង​ចម្រុះ​ខ្ញុំ​រាល់​ថ្ងៃ​កំពុង​តែ​ដាក់​គ្រប់​ឃុំ ​នៅ​ប្រចាំ​ការ​គ្រប់​កន្លែង​ទាំងអស់។ យើង​កំពុង​តែ​ផ្គត់ផ្គង់​ជីវភាព​ពួក​គាត់​​រាល់ថ្ងៃ ដើម្បី​ធ្វើ​ការងារ​ហ្នឹង។ ការ​គ្រប់គ្រង​ដែនដី​ត្រូវ​ធ្វើ​ឱ្យ​បាន ហើយ​បើ​យើង​បណ្តោយ​អស់​បាត់​ហើយ»។

លោក​បន្ត​ថា៖ «ឥលូវ​កម្លាំង​នៅ​ប្រចាំការ​រហូត​គ្រប់​ឃុំ​ទាំងអស់ ដើម្បី​ការពារ​ឱ្យ​បាន​ដាច់​ខាត។ រឿង​ហ្នឹង គឺ​កម្លាំង​ត្រូវ​មាន​ជា​អចិន្រ្តៃយ៍ ទោះ​មិន​ដើរ​ល្បាត​ក៏​ដោយ គឺ​នៅ​ប្រចំាការ​ហ្នឹង គឺ​មាន​កិច្ច​ការងារ​កន្លែង​ណា​ដែល​យើង ដឹង​ព័ត៌មាន​គឺ ចេញ​អន្តរាគមន៍​ភ្លាមៗ​តែ​ម្តង»។

លោក​ក៏​បន្ត​ថា ដី​ព្រៃ​ដែល​ត្រូវ​ទន្រ្ទាន​ចំនួន ៣ ៩ ៧៥៥​ហិកតា​ហើយ​ត្រូវ​បាន​ដក​ហូត។ ក្រៅ​ពី​នោះ នៅ​តំបន់​ខ្លះ​ទៀត ក៏​មិន​ទាន់​ធ្វើ​ការ​ដក​ហូត​មក​វិញ​ផងដែរ។ សកម្មភាព​ទន្រ្ទាន​យក​នោះ​ មិនមែន​ទើប​តែ​កើត​មាន​ក្នុង​ពេល​ដែល​លោក​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់ កាល​ពី​ចុង​ឆ្នាំ ២០២២​នោះ​ទេ។

លោក​បន្ថែម​ថា៖ «អ្នក​ខ្លះ​ថា ព្រៃឈើ​ហ្នឹង​អស់​ពេល ចៅហ្វាយ​ខេត្ត​នេះ​មក​កាន់។ មិនមែនទេ។ មិនមែន​កាប់​ប៉ុន្មាន ថ្ងៃ​ខ្ញុំ​មក​នេះ​ទេ គឺ​ខ្ញុំ​មក​ដល់​ភ្លាម ​ខ្ញុំ​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ចាត់​វិធានការណ៍​ភ្លាម ព្រោះ​អា​នេះវា​មាន​ទាំង​ពី​យូរ​បន្តិចៗ​មក​ហើយ។ អត់​បន្ទោស​ជំនាន់​ណា ជំនាន់​ណា​ទេ»។ 

ទោះយ៉ាង​ណា លោក​មិន​បាន​បង្ហាញ​តួលេខ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ទាំង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា លោក​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​អ្នក​ប្រព្រឹត្ត​ទាំង​នោះ ហើយ​រក​ឃើញ​ថា ពួកគេ​ជា​ពលរដ្ឋ​មក​ពី​កន្លែង​ផ្សេងៗ​ប្រហែល​ជាង​២០​ខេត្ត​ឯ​នោះ។ 

លោកបន្ត​ថា ដំបូង​ឡើយ​មាន​មនុស្ស​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​គ្មាន​ការ​ទប់ស្កាត់ ពួកគេ​ចេះ​តែ​បបួល​អ្នក​ផ្សេង​ទៅ​ទន្រ្ទាន​យក​ដី​ព្រៃ​ដែរ​ ដែល​នេះ​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ។ 

បញ្ហា​ប្រឈម​ចម្បង គឺ​ការ​បាត់បង់​ធនធាន​ព្រៃឈើ សម្រស់​ធម្មជាតិ និង ប៉ះពាល់​ដល់​ប្រភព​ទឹក។ ម្យ៉ាង​វិញ​ទៀត ការ​ចូល​​ទៅ​រស់​នៅ​ដោយ​ខុស​ច្បាប់​របស់​មនុស្ស​ទាំង​នោះ ​គឺជា​បន្ទុក​របស់​អាជ្ញាធរ​ នៅ​ថ្ងៃ​ក្រោយ។ ក្នុង​នោះ​រួម​មាន​ការ​ដោះស្រាយ​បញ្ហា​ធ្វើ​ផ្លូវ ភ្លើង ទឹក មន្ទីរពេទ្យ និង សាលារៀន ជាដើម ខណៈ​ពេល​ដែល ដំណោះ​ស្រាយ​អាទិភាព​គ្រប់​គោលដៅ​ទាំងអស់​នៅ​ក្នុង​ខេត្ត​មិន​ទាន់​មាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ផង។

លោក ខូយ រីដា អភិបាល​​ខេត្ត​​ពោធិ៍សាត់ ផ្តល់​កិច្ច​សម្ភាស៍​ដល់​​ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០​នាក់ មក​ពី​ ៣៧​ស្ថាប័ន ដែល​មាន​បេសកកម្ម​ចុះ​មក​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​ធម្មជាតិ និង ការអភិវឌ្ឍ​ថ្មីៗ ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​សប្តាហ៍​មុន។ រដ្ឋបាលខេត្ត

លោក​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ជិត ៦០​នាក់​មក​ពី ៣៧​អង្គភាព​ដូច្នេះ​ថា​៖«បទល្មើស​យើង​អនុវត្ត​ច្បាប់ តែ​ភាគ​ច្រើន​គឺ​យើង​អប់រំ​ជា​ចម្បង ជា​អាទិភាព​ទី១។ ទាល់​តែ​អស់​ជម្រើស បាន​យើង​ច្បិច។ យើង​ចាប់​យក​ទៅ​ដាក់​គុក​ច្រើន​ពេក មាន​បាយ​ឯណា​ឱ្យ​ហូប។ ហើយមាន​កន្លែង​ឯណា​ដាក់?​​ មិនមែន​យើង​និយាយ​អញ្ជឹង​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ទេ បើ​អប់រំ​មិនបាន​គឺ​ត្រូវ​ចាត់​ការ​ហើយ»។ 

ទោះយ៉ាងណា លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​គ្រប់គ្រង និង សម្រេច​ធ្វើអី្វ​មួយ​របស់​អាជ្ញាធរ ​គឺ​ត្រូវ​មាន​ការ​ថ្លឹងថ្លែង​ច្បាស់លាស់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់។

លោកថា៖ «មិនមែន​ចេះ​តែ​ថា លី​ពូថៅ ហើយ​កាំបិត ខ្វែវ​ដើរ​តែ​កាប់​ទេ។ អត់​បាន​ទេ។ ថ្លឹង​ទាំង​សង​ខាង ថ្លឹង​ទាំង​ធន​ធាន ថ្លឹង​ទាំង​ជីវិត​រស់​នៅ ជីវភាព​របស់​ប្រជាជន ថ្លឹង​ពី​គោល​នយោបាយ​រដ្ឋាភិបាល។ បើធ្វើ​អាជ្ញាធរ​គេ​ឱ្យ​ដាវ​អាជ្ញាសឹក មក​លី​តែ​កាប់ ងាប់​ហើយ​គ្មាន​សុខ​ទេ ខ្លួន​ឯង ក៏​មិនសុខទេ អាហ្នឹង​នោះ។ អញ្ជឹង​ត្រូវ​ប្រើ​ខួរ​ក្បាល​គិត​គ្រប់​ជ្រុង​ជ្រោយ ទៅតាម​ស្ថានភាព​ហ្នឹង»។ 

ក្នុង​ការ​គ្រប់គ្រង និង ការពារ​ដី​ព្រៃ​ទាំង​នោះ លោក​អភិបាល​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​អាជ្ញាធរ​មូល​ដ្ឋាន​មុនគេ ដែល​រាប់​ចាប់​តាំងពី​រូប​លោក ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត រហូត​ដល់​ថ្នាក់​ស្រុក ឃុំ និងភូមិ។ លើល​ពី​នោះ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​វិញ ក៏​មាន​មន្ទីរ​និង​ក្រសួង​បរិស្ថាន​ផងដែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ត្រូវ​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​មុន​គេ ដាច់​ខាត​ត្រូវ​តែ​ធ្វើ។ បើ​ខ្ញុំ​អ្នក​ដឹកនាំ​ម៉ា​ខេត្ត​ហ្នឹង ខ្ញុំ​មិន​ធ្វើ ​អ្នក​ណា​ធ្វើ​ឥលូវ​ហ្នឹង។ ក្រសួង​បរិស្ថាន​គាត់​មាន​កម្លាំង​ប៉ុន្មាន? ការពារ​ធនធាន​ធម្មជាតិ​នេះ ខ្ញុំ​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​មែន ប៉ុន្តែ ខ្ញុំ​ប្រើ​ភាសា​យើង។ យើង​គឺ​ទាំងអស់​គ្នា កម្លាំង​នឹង​មធ្យោបាយ​សរុប​ទាំង​អ្នក​អនុវត្ត​ផ្ទាល់ ទាំងអ្នក​ដែល​ផ្តល់​ធនធាន អ្នក​ផ្តល់​គំនិត..ដែល​សុទ្ធ​តែ​ចូលរួម​ការពារ»។ 

លោក​បាន​អះអាង​ថា លោក និង រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ លោក កែវ រតនៈ បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា ដើម្បី​ប្តូរ​ផ្តាច់​ការពារ​ធនធាន​ទាំងអស់​នេះ។ បន្ថែម​ពី​នោះ ក៏​គ្រោង​នឹង​ធ្វើការ​ដាំ​ស្តារ​ព្រៃឈើ​នៅ​កន្លែង​ដែល​ដក​ហូត​យក​មក​វិញ ជាពិសេស ​គឺ​នឹង​ចាប់​ផ្តើម​ដាំ​ពី​ជើង​ភ្នំ​ឡើង​ទៅ​លើ​ភ្នំ​វិញ ដោយ​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​និង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «កំពូល​ភ្នំខ្លះ គឺ​បាត់បង់​ច្រើន​ណាស់។ ខ្ញុំ​មិន​បកស្រាយ​ច្រើន​ទេ។ ក្នុង​អាណត្តិ​ខ្ញុំ គឺ​ត្រូវ​ចាត់​ចែង​កិច្ច​ការងារ​ហ្នឹង ធ្វើម៉េច​ឱ្យ​ភ្នំ​ទាំងអស់​ហ្នឹង មាន​ដើមឈើ​ឡើង​វិញ។ ថ្ងៃនេះ ហ្នឹង​យើង​មិន​ទាន់​ដាំ​នៅ​ឡើង​ទេ ដោយ​សារ​តែ​យើង​កំពុង​តែ​ធ្វើ​នៅ​តំបន់​ក្រោមៗ​នេះ​សិន»។

លោក​អភិបាល​បាន​សម្តែង​ការ​ជឿជាក់​ថា នៅ​ប្រហែល​ជា ៥​ឆ្នាំ​ក្រោយ​ទៀត ការងារ​ដំា​ស្តារ​ព្រៃឡើង​វិញ​នោះ នឹង​ទទួល​បាន​ជោគជ័យ ហើយ​នៅ​ក្នុង​រដូវស្សា​នេះ ​ដើមឈើ​ក៏​មាន​ការ​លូតលាស់​ឡើង​វិញ​ខ្លះ​ដែរ​នៅ​កន្លែង​ដែល​ទទួល​រងការ​កាប់​បំផ្លាញ​នោះ។

លោក​ តាន់ គឹមសួរ ប្រធាន​សមាគម​យុវជន​ស្រលាញ់​ធម្មជាតិ​ បាន​សង្កេត​ឃើញ​ថា អភិបាល​ខេត្ត​ពោធិ៍សាត់ លោក​ខូយ រីដា ជា​ថ្នាក់​ដឹកនាំ​មួយ​រូប ដែល​មាន​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ដឹកនាំ ក៏​ដូចជា​សហការ​នៅ​ក្នុង​ការ​បង្រ្កាបបទ​ល្មើស​ព្រៃឈើ។ ជាក់ស្តែង​នៅ​ពេល​ថ្មីៗ​នេះ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ធំ​មួយ ដែល​កើត​មាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ដោយ​បុគ្គល​ឈ្មោះ កោះ សុភី ហៅ​តាហយ​ត្រូវ​បាន​បង្រ្កាប រហូត​ដល់​មាន​ចំណាត់ការ​ពី​តុលាការ​ទៀត​ផង។ 

លោកថ្លែង​ថា៖ «ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​និយាយ​ពិត ធ្វើ​ពិត​តែ​ម្តង។ ខ្ញុំ​ឃើញ​ថា គាត់​មាន​ឆន្ទៈខ្ពស់​ខ្វាយ​ខ្វល់​​ចំពោះ​ធនធាន​ធម្មជាតិ។ គ្រាន់​តែ​រយៈពេល​ខ្លី​ដែល​ខ្ញុំ​បាន​ចុះ​ធ្វើ​កិច្ចការ​ជាមួយ​គាត់ គឺ​មាន​ប្រសិទ្ធភាព​ល្អ​ខ្លាំង​មែន​ទែន»៕