ភ្នំពេញ៖ ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅលើបណ្តាញសង្គមអំពីសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង និងសាលាបឋមសិក្សាបល្ល័ង បានអានញត្តិជាសាធារណៈ ដើម្បីគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
សិស្សានុសិស្សបានអានញ្ញត្ដិនៅមុខដងទង់ជាតិ ដោយបានបន្លឺសំឡេង គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ត្រូវបានលើកយកមកជជែកអំពីភាពសមស្របនៃការចូលរួមរបស់កុមារក្នុងសកម្មភាពបែបនេះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានការពារការចូលរួមរបស់សិស្សានុសិស្សដោយបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ គឺជាសិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ។
លោក បូណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការបង្ហាញការគាំទ្រ ឬការមិនយល់ព្រមលើអ្វីមួយ គឺជាសេរីភាពរបស់បុគ្គលម្នាក់ៗ ហើយគ្មាននរណាម្នាក់អាចហាមឃាត់វាបានទេ ជាពិសេសក្នុងបញ្ហាផលប្រយោជន៍ជាតិ»។
លោកបញ្ជាក់ថា ដរាបណាការបញ្ចេញមតិមិនបំពានច្បាប់ រំលោភសិទ្ធិអ្នកដទៃ ឬញុះញង់ឱ្យមានការស្អប់ខ្ពើម ឬចលាចល វានៅតែស្ថិតក្នុងព្រំដែននៃរដ្ឋធម្មនុញ្ញ។
យ៉ាងណាក៏ដោយ ការចូលរួមរបស់សិស្សានុសិស្សក្នុងការបញ្ចេញមតិនយោបាយបែបនេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកសង្កេតការណ៍។
លោក មាស នី អ្នកស្រាវជ្រាវសង្គម បានទទួលស្គាល់ថា ខណៈពេលដែលកុមារមានសិទ្ធិបញ្ចេញមតិ បរិបទដែលការបញ្ចេញមតិទាំងនេះមានសារៈសំខាន់ណាស់។
លោក នី បាននិយាយថា៖ «ប្រសិនបើការនិយាយនេះចេញពីចិត្ដរបស់ក្មេង នេះគឺជាសិទ្ធិរបស់ក្មេង ដោយសារក្មេងក៏មានសិទ្ធិបញ្ចេញយោបល់ដែរ។ បើនយោបាយអាចជជែកបាននៅក្នុងសាលា ហើយក្មេងចាប់អារម្មណ៍រឿងនេះ ពួកគាត់មានសិទ្ធិ»។
លោកបានបន្ថែមថា បើសិនជាក្មេងៗមិនដឹងអ្វី តែពួកគេត្រូវបានប្រើឱ្យនិយាយអ្វីមួយទៅតាមការទាក់ទាញតាមបែបណាមួយ ដូចជា ការទិញទឹកចិត្ដ ជាការបញ្ឆោត នោះហើយគឺជាសំណួរធំ ដែលទាក់ទងនឹងសីលធម៌នយោបាយ។
ទិដ្ឋភាពជាក់ស្ដែង ក្រសួងអប់រំបានប្រកាសមិនឱ្យសិស្ស-និស្សិតមកពាក់ព័ន្ធរឿងនយោបាយ ជាពិសេស ធ្វើនយោបាយ។
លោកបានចោទសួរថា តើទង្វើយកសិស្សមកនិយាយគាំទ្រគម្រោងរបស់រដ្ឋាភិបាលនេះត្រឹមត្រូវឬទេចំពោះសេចក្ដីប្រកាស។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រហូតដល់ពេលនេះ មិនអាចទាក់ទងបានដើម្បីសុំសេចក្ដីបំភ្លឺជុំវិញការឱ្យសិស្សានុសិស្សបង្ហាញការគាំទ្ររបស់ពួកគេ ឬអាចខុសពីសេចក្ដីណែនាំរបស់ក្រសួងឬទេ៕