ភ្នំពេញៈ កម្ពុជា​មាន​វត្តមាន​សត្វ​ត្រយងយក្ស​ច្រើន​ជាង​គេ​ផុត​ក្នុង​ពិភពលោក ខណៈ​ការ​ធ្វើ​ជំរឿន​លើក​ទី​៣ ក្នុង​ឆ្នាំ ២០២៤ នេះ បាន​បង្ហាញ​ថា ចំនួន​សត្វ​ត្រយង​យក្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣៣​ក្បាល ត្រូវ​បាន​រក​ឃើញ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់។

ចំនួន​សត្វ​ត្រយង​យក្ស​ពេញ​វ័យ​សរុប​នៅ​ក្នុង​ពិភពលោក ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​តែ​ប្រហែល ១៩៤ ក្បាល តែ​ប៉ុណ្ណោះ ហើយ​ពួកវា​ស្ទើរ​តែ​ទាំងអស់​ត្រូវ​បាន​រកឃើញ​ថា​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០២៤ របស់​គម្រោង USAID មរតកបៃតង។

លោក ប៊ូ វរសក្ស នាយក​ប្រតិបត្តិ​របស់​អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​ក៏​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផងដែរ​ថា៖ «នៅ​ស្រុក​ខ្មែរ​យើង​មាន​វត្តមាន​សត្វ​ត្រយង​យក្ស​ជាង ៩០​ភាគរយ នៃ​ចំនួន​សត្វ​ត្រយងយក្ស​ទាំងអស់​នៅ​ក្នុង​ពិភពលោក។ នៅ​ទីតាំង​ប្រទេស​គេ​មាន​ខ្លះ​ដែរ​»។ 

លោក​បន្ថែម​ថា ការ​ធ្វើ​ជំរឿន​ជា​ធម្មតា​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ខែ​មករា កុម្ភៈ និង​ខែ​មេសា។ 

លោក​បន្ត​ថា ការ​ធ្វើ​ជំរឿន​លើក​ទី​៣ នៅ​ដែន​ជម្រក​សត្វ​ព្រៃលំផាត់​បាន​រក​ឃើញ​វត្តមាន​សត្វ​ត្រយងយក្ស​ចំនួន ៣៣​ក្បាល។ ចំនួន​នេះ​មាន​ស្ថិរភាព​បើ​ប្រៀបធៀប​ទៅ​នឹង​ព័ត៌មាន​មូលដ្ឋាន​ឆ្នាំ ២០១៩។ ក្រៅ​ពី​ដែន​ជម្រក​សត្វព្រៃ​នេះ សត្វ​ត្រយង​យក្ស​ក៏​មាន​វត្តមាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង ប្រមាណ​ជា ២៥គូ និង តំបន់​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផងដែរ​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «សត្វ​ត្រយងយក្ស​មិន​រស់​នៅ​ផ្តុំ​គ្នា ទ្រនុំ​រួម​គ្នា​ទេ។ គាត់​នៅ​ជា​ក្រុម​តូចៗ អញ្ជឹង​យើង​ត្រួត​ពិនិត្យ​មើល​ទៅ​តាម​ត្រពាំង ដែល​វា​មក​រក​ចំណី ហើយ​ក្រោក​ពី​ព្រលឹម​ចាំ​ស្តាប់​វា​យំ។ តាម​រយៈការ​ស្រែក​យំ​ហ្នឹង យើង​ស្វែង​រក​វា និង​ឃើញ​វា...ការ​ធ្វើ​ជំរឿន​ម្តងៗ​យ៉ាង​តិច​ក៏​មួយ​អាទិត្យដែរ»។

គម្រោង USAID មរតក​បៃតង​បាន​លើក​ឡើង​ថា ជំរឿន​សត្វ​ត្រយង​យក្ស​ឆ្នាំ២០២៤ នៅ​ដែន​ជម្រក​សត្វ​ព្រៃលំផាត់ បាន​ប្រើ​វិធីសាស្ត្រ​ស្តង់ដា​មួយ​ក្នុង​ការ​វាស់​ស្ទង់​និន្នាការ​ចំនួន​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស។ ជំរឿន​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​រេដបូក​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​គាំទ្រ​ដោយ​គម្រោង USAID មរតក​បៃតង ដែល​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ឥណទាន​កាបូន​ដោយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ និង ការ​បាត់បង់​ព្រៃឈើ។

ត្រយងយក្ស ដែល​ជា​បក្សី​និមិត្ត​រូប​របស់​កម្ពុជា និង​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​មួយ​របស់​ពិភព​លោក​ផង​នោះ គឺ​នៅ​តែ​បន្ត​ប្រឈម​នឹង​បញ្ហា​ដ៏​លំបាក​ក្នុង​ការ​អភិរក្ស ដោយសារ​ការ​បាត់បង់ ទី​ជម្រក ដែល​បណ្តាល​មក​ពី​ការ​ពង្រីក​ដី​ធ្វើ​កសិកម្ម ការ​កាប់​ព្រៃឈើ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាដើម។ កត្តា​គំរាម​កំហែង​ទាំង​នេះ បាន​កាត់​បន្ថយ​ជម្រក​របស់​សត្វ​ត្រយងយក្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​ធ្វើឱ្យ​វា​ស្ទើរ​តែ​ឈាន​ទៅ​ដល់​ការ​ផុតពូជ។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ដដែល​នេះ។ 

ពីមុន ត្រយង​យក្ស​ធ្លាប់​ជា​សត្វ​ដែល​មាន​វត្តមាន​នៅ​ពាសពេញ​តំបន់​ដី​គោក​ក្នុង​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​បច្ចុប្បន្ន បក្សី​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវ​បាន​ចុះ​ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​បំផុត នៅ​ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN Red List)។

លោក ផុន ខេមរិន្ទ ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​ថ្លែង​ថា សត្វ​ត្រយងយក្ស​នៅ​មាន​វត្តមាន​ច្រើន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​នេះ​ដោយសារ​តែ​មាន​ការ​អភិរក្ស​ដែល​មាន​កិច្ច​សហការ​ជាមួយ​នឹង​អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា៕