ខណៈ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) នៅ​តែ​បន្ត​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ លោក ដៀប សុផល ស្នើ​ថា ទាំង​ភាគី​គាំទ្រ​និង​ភាគី​ប្រឆាំង​នឹង CLV-DTA គួរ​ចុះ​ទៅ​មើល​ព្រំដែន​ផ្ទាល់ ហើយ​ទទួល​យក​ការពិត។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ លោក ដៀប សុផល និយាយ​ថា៖ «វា​ជា​ការ​ល្អ​ហើយ​ដែល​ប្រជាជាតិ​មួយ​ព្រួយ​បារម្ភ​ពី​ការ​បាត់​ទឹកដី។ ទឹកដី​ជា​កម្មសិទ្ធិ​ទាំង​អស់​គ្នា ហើយ​អ្នក​ណា​ក៏​មាន​សិទ្ធិ​ថែ​រក្សា​ដែរ។ ប៉ុន្តែ អ្វី​ដែល​ជា​ការពិត​ យើង​គួរ​ចុះ​ទៅ​ដល់​កន្លែង យើង​មិន​គួរ​អង្គុយ​ពី​ចម្ងាយ ហើយ​ចេះ​តែ​គូសវាស​នោះ​ទេ»។

លោក​ពន្យល់​ថា ការ​ប្រឆាំង​នឹង​ CLV-DTA គឺ​ដោយសារ​តែ​ការ​យក​ប្រវត្តិសាស្ត្រ​នៃ​ការ​បាត់​បង់​ទឹក​ដី ដូចជា​កម្ពុជា​ក្រោម និង​ការ​បាត់​បង់​ទឹកដី​កាល​ពី​យូរ​លង់​មក​ហើយ។ 

យ៉ាងណា​ក៏​ដោយ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ពន្យល់​ជា​ច្រើន​លើក​ដោយ​ថ្នាក់​ដឹកនាំ រួម​មាន​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត និង លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​ស្ថាប័ន​មួយ​ចំនួន​ទៀត។​ លើស​ពី​នេះ​ក៏​មាន​ការ​បញ្ចេញ​ឯកសារ​ពាក់​ព័ន្ធ​ជា​ច្រើន​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ផង​ដែរ។

លោក​ ដៀប សុផល៖ «ខាង​អ្នក​ប្រឆាំង ប្រសិន​បើ​គាត់​ស្ដាប់​ការ​ពន្យល់ គាត់​យល់​ថា​តំបន់​នោះ​មាន​ភាព​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​ដើម្បី​ឲ្យ​តំបន់​នេះ​កាត់​បន្ថយ​គម្លាត​ពី​តំបន់​កណ្ដាល»។

លោក​បន្ត​ថា លោក​បាន​ចុះ​ទៅ​តាម​ព្រំដែន​កាល​ពី​កន្លង​ទៅ ​ហើយ​បាន​ឃើញ​កងទ័ព​និង​នគរបាល​បាន​ការពារ​ព្រំដែន​យ៉ាង​តឹងរ៉ឹង​ដូចជា​នគរបាល​ការពារ​ព្រំដែន​ជាដើម។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ដូច្នេះ រឿង​នេះ​ត្រូវ​តែ​ស្វែង​រក​ការពិត។ ការ​ស្វែង​រក​ការពិត គឺ​ការ​ចុះ​ទៅ​ដល់​កន្លែង​ និង​សិក្សា​លើ​ឯកសារ​ដែល​មាន ហើយ​មើល​លទ្ធផល​ ២៥ ​ឆ្នាំ​ហ្នឹង តើ​មាន​លទ្ធផល​យ៉ាង​ម៉េច ហើយ​ធ្វើ​ការ​សន្និដ្ឋាន​ទៅ»។

លោក​បន្ត​ថា៖ «អ្វី​ដែល​ជា​មន្ទិល​សង្ស័យ គឺ​ត្រូវ​ទៅ​មើល​ទាំង​អស់​គ្នា និង​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទាំង​អស់​គ្នា គឺ​ត្រូវ​ឈរ​លើ​អ្វី​ដែល​ពិត​ជាក់ស្ដែង។ នោះ​គឺ​ឈ្នះ​ឈ្នះ​ទាំង​អស់​គ្នា»។ 

លោក​ស្នើ​ឲ្យ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​នេះ​តាម​យន្តការ​ប្រជាធិបតេយ្យ នោះ​គឺ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​មាន​មូលដ្ឋាន​ និង ហេតុផល​ ច្បាស់​លាស់ និង​ចៀសវាង​ការ​ប្រើ​ទស្សន​ជាតិ​និយម​ជ្រុល​ដែល​និង​នាំ​ទៅ​ដល់​អំពើ​ហិង្សា និង សោកនាដកម្ម។​

លោក​លើក​ពី​ឧទាហរណ៍​អំពី​ជាតិ​និយម​ជ្រុល គឺ​ការ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ តាម​រយៈ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃទី​១៨ មីនា ឆ្នាំ១៩៧០ និង​ជាតិ​និយម​ជ្រុល​របស់​ពួក​ខ្មែរ​ក្រហម។ ចំណែក​នៅ​លើ​ពិភព​លោក​ ក៏​មាន​ទស្សន​ជាតិ​និយម​ជ្រុល​ដែរ ដូចជា​នៅ​ក្នុង​របប​ដឹកនាំ​ដោយ ​ហ៊ីត្លែរ​ នៅ​អាល្លឺម៉ង់ និង​ចូសេហ្វ​ ស្ដាលីន នៅ​រុស្ស៊ី ដែល​របប​ទាំង​អស់​នោះ​គ្មាន​មួយ​ណា​នាំ​ទៅ​រក​ភាព​រីក​ចម្រើន​ទេ។ ទស្សន​ជាតិ​និយម​ជ្រុល​ត្រូវ​តែ​ទប់​ស្កាត់។

លោក​បន្ត​ថា៖ «ដូច្នេះ អ្វី​ទៅ​ដែល​ហៅ​ថា នយោបាយ​ឈ្នះ-ឈ្នះ? ឈ្នះ-ឈ្នះ គឺ​ទាល់​តែ​ឈរ​នៅ​លើ​ច្បាប់​ ទាល់​តែ​យើង​បើក​បេះ​ដូង​ចំហ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​រក​ការពិត​ថា​តើ CLV-DTA នេះ​វា​បាន​លទ្ធផល​យ៉ាង​ម៉េច។ នៅ​ពេល​ទទួល​យក​ការ​ពិត​ហ្នឹង​បាន ចាប់​ដៃ​គ្នា​អភិវឌ្ឍ​ជាតិ ហ្នឹង​ហើយ​គេ​ហៅ​ថា​ឈ្នះ-ឈ្នះ ទាំង​អស់​គ្នា។ នៅ​ពេល​ខ្មែរ​មាន​ឯកភាព​ជាតិ នោះ​គឺ​ឈ្នះ-ឈ្នះ សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា»។

លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​អនុប្រធានទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ឆ្នាំ​២០២៥ ឬ ២០២៦ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​នឹង​សាងសង់​ផ្លូវ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ ដែល​បច្ចុប្បន្ន​នេះ ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​អាច​ធ្វើ​បាន​ទាំង​លំបាក៕