រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង ​នេសាទ​បាន​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ស្វា​កាច ឬ​ជួប​នឹង​ស្វា​កាច​នៅ​តាម​ទី​សាធារណៈ សូម​ជូន​ដំណឹង​ទៅ​លេខ​ទូរស័ព្ទ​ hotline ដើម្បី​រដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់យក​​ស្វា​ទាំង​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ព្រៃឈើ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ស្វា និង​ដក​ហូត​សត្វ​ស្វា​ពី​កន្លែង​សាធារណៈ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រក្សា​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ​និង​ភ្ញៀវ​ទេសចរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ក្នុង​ករណី​ដែល​មាន​សត្វ​ស្វា​កាច ឬ​ស្វា​ចំនួន​ច្រើន​បង្ក​ការ​រំខាន​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ ​សូម​ទាក់​ទង​មក​តាម​រយៈ​ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧​ ឬ ​០១០៥៥៦៦៣០​នេះ ដែល​រដ្ឋបាល​ព្រៃឈើ​នឹង​ចេញ​អន្តរាគមន៍​ក្នុង​ការ​ដក​ហូត​សត្វ​ស្វា​ដែល​ អាច​បង្ក​គ្រោះថ្នាក់​ទាំង​នោះ​ចេញ​ពី​តំបន់​សាធារណៈ​មួយ​ចំនួន​នេះ»។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ស្វា​ដែល​នឹង​ទទួល​បាន​នឹង​យក​ទៅ​លែង​ក្នុង​​ ព្រៃ​ធម្មជាតិ​ដើម្បី​បង្កើន​ចំនួន​សត្វ​ស្វា​ដោយ​ធម្មជាតិ ឬ​យក​ទុក​ធ្វើ​ជា​មេ​បង្កាត់​ពូជ​នៅ​ក្នុង​កសិដ្ឋាន​ ឬ​រក្សា​ទុក​នៅ​តាម​សួន​សត្វ​ ផ្អែក​ទៅ​តាម​ស្ថានភាព​នៃ​សត្វ​ស្វា​នីមួយៗ។

លោក យុង រតនា អនុប្រធាន​ការិយាល័យ​អភិរក្ស​និង​វិបុលកម្ម នៃ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​នៅ​ភ្នំ​តាម៉ៅ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ប្រកាស​ទទួល​សត្វ​ស្វា​កាចៗ​ឬ​ស្វា​ដែល​ប្រជា​ពលរដ្ឋ​លែង​ត្រូវ​ការ ដោយសារ​តែ​កន្លង​មក ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ចិញ្ចឹម​ស្វា​នៅ​តាម​ផ្ទះ ហើយ​ពេល​ស្វា​ធំ ពួក​គាត់​ឈប់​ស្រឡាញ់​វា ឬ​ដោយសារ​តែ​វា​កាច ហើយ​ក៏​យក​ទៅ​លែង​នៅ​តាម​ព្រៃ​តូចៗ ឬ​នៅ​តាម​វត្ត​អារាម ឬ​ទី​សាធារណៈ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ផ្សេង​ទៀត។

លោក​និយាយ​ថា៖ «នៅ​ភ្នំពេញ ស្វា​បែប​នេះ​មាន​មួយ​ចំនួន​ដែរ​ ហើយ​ខេត្ត​សៀមរាប និង​ខេត្ត​កំពត​សំបូរ​ទៅ​តាម​ប្រភេទ​ស្វា។ ពេល​ខ្លះ​បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​ចិញ្ចឹម​ស្វា ហើយ​ពិបាក​ដោះ​លែង។ កាលពី​តូច​គាត់​ស្រឡាញ់ ដល់​ពេល​វា​ធំ​វា​កាច ​អាច​ខាំ​កូនចៅ ឬ​សមាជិក​គ្រួសារ។ ពេល​ខ្លះ​គាត់​យក​ទៅ​លែង​នៅ​ទីវាល​ដែល​មាន​ដើម​ឈើ​បន្តិច​បន្តួច»។

លោក​បញ្ជាក់​ថា លោក​តែង​ទទួល​បាន​ស្វា​ជា​ញឹក​ញាប់​ទាំង​ពី​ប្រជា​ពលរដ្ឋ​ និង​ទទួល​បាន​ពី​ក្រុម​បង្ក្រាប​សត្វ​ព្រៃ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​រឿង​អភិរក្ស​សត្វ​ព្រៃ។

រដ្ឋបាល​ព្រៃឈើ​ស្នើ​សុំ​កិច្ច​សហការ​ពី​ប្រជាពលរដ្ឋ​ និង​ស្នើ​កុំ​ឲ្យ​លែង​ស្វា​នៅ​តាម​វត្ត​អារាម ឬ​ទី​សាធារណៈ និង​កុំ​ឲ្យ​ចំណី ​ប៉ះ​ពាល់ ឬ​លេង​ជាមួយ​សត្វ​ស្វា ហើយ​ត្រូវ​រក្សា​គម្លាត​ឆ្ងាយ​ពី​ស្វា​ដើម្បី​ធានា​សុវត្ថិភាព​ បញ្ចៀស​គ្រោះ​ថ្នាក់​បង្ក​ដោយ​សត្វ​ស្វា​ទាំង​នេះ ​និង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ៕