ភ្នំពេញៈ ក្រោយ​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង កាល​ពី​ដើម​ឆ្នាំ​នេះ​មក ការ​ផ្តល់​សេវា​ប័ណ្ណ​ព្រំដែន កម្ពុជា-ថៃ នៅ​រដ្ឋបាល​ក្រុង ស្រុក​នៃ​ខេត្ត​ជាប់ព្រំដែន​ជាមួយ​ប្រទេសថៃ ត្រូវ​បាន​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ និង​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​មូលដ្ឋាន​រាប់​ម៉ឺន​នាក់​ក្នុង​ការ​ចេញចូល​ប្រទេស​ថៃ។

ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ បាន​កំពុង​តែ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ឆ្លង​កាត់​ចេញចូល​ទៅ​ប្រទេស​ថៃ តាម​ច្រកព្រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែត​ជា​រៀងរាល់​ថ្ងៃ ក្រោយ​ពី​ការ​ផ្តល់​សេវា​ប័ណ្ណ​ព្រំដែន កម្ពុជា-ថៃ នៅ​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​បាន​បន្ត។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អភិបាល​ខេត្ត បន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅ​ក្នុងខ្លិប​វីដេអូ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​​សង្គម​របស់​លោក​នា​ថ្ងៃទី​២០ ខែ​សីហានេះ។ 

លោក​អភិបាល​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ​មាន​ភាព​ងាយស្រួល​មែនទែន មិន​ដូច​មុន​ទេ។ ប័ណ្ណ​ព្រំដែន​ឥឡូវ​នេះ​យើង​មាន​ប្រើ​រហូត​ដល់ QR code។ ពី​មុន​អត់​មាន​ទេ ពិនិត្យ​មើល​ក្នុង​កុំព្យូទ័រ​ហើយ វាយ​តែម តែ​ឥឡូវ​អត់​ទេ​អូស QR code ចេញ​មក ទិន្នន័យ​ចេញ​មក​តែ​ម្តង​ដូច​លិខិត​ឆ្លង​ដែន​អញ្ជឹង»។ 

លោក អ៊ុំ រាត្រី បន្ត​ថា ពី​មុន​ការ​ធ្វើ​ប័ណ្ណ​ព្រំដែន​គឺ​នៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត តែ​ក្នុង​ឆ្នាំ ២០២៤នេះ រដ្ឋបាល​ខេត្ត​បាន​អនុញ្ញាត​ឱ្យ​គ្រប់​ក្រុង​ស្រុក​ផលិត​ប័ណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ទៅ​តាម​តម្លៃ​កំណត់​របស់​រដ្ឋាភិបាល គឺ ២​ ម៉ឺន​រៀល​ក្នុង​មួយ​ប័ណ្ណ។ លើស​ពី​នោះ​ប័ណ្ណ​ព្រំដែន​នេះ​ក៏​អាច​ប្រើប្រាស់​នៅ​តាម​ច្រក​តំបន់​ក្នុង​ខេត្ត​បាន​ផងដែរ ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​រួច​មក។ 

លោក​ថ្លែង​ថា៖ «ពីមុន​គាត់​ប្រមូល​ផ្តុំ​គ្នា​មួយ​កន្លែង តែឥឡូវ​អត់​ទេ ពង្រាយ​គ្រប់ស្រុក​ទាំងអស់។ អញ្ជឹង​ពលរដ្ឋ​មិន​ចាំ​បាច់​ឡើង​មក​សាលា​ខេត្ត​ទេ។ ពី​មុន​ប័ណ្ណ​ចេញចូល​បាន​តែ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ទេ តែឥឡូវ​អត់​ទេ។ ដោយ​មាន​ការ​សម្របសម្រួល​រវាង​កម្ពុជា ថៃ ពលរដ្ឋ​ចេញ​តាម​ច្រក​តំបន់​ក៏​បាន​ដែរ។ វា​មាន​ភាព​ងាយស្រួល​មែន​ទែន​សម្រាប់​ពលរដ្ឋ កាត់​បន្ថយ​ពេលវេលា​ច្រើន​មែនទែន។ អនុវត្ត​តាម​ឥឡូវ​ដំណើរការ​យ៉ាង​រលូន»។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​រយៈពេល ៦ខែ នូវ​ការ​ផ្តល់​សេវា​ប័ណ្ណ​ព្រំដែន កម្ពុជា-ថៃ នៅ​រដ្ឋបាល​ក្រុង ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃទី១ ខែ​មករា កន្លងមក។ ក្នុង​រយៈពេល​អនុវត្ត​សាកល្បង​នេះ អភិបាល​ក្រុង ស្រុក ត្រូវ​បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​ឱ្យ​ក្នុង​ការ​ពិនិត្យ សម្រេច និង​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​ព្រំដែន កម្ពុជា-ថៃ ជូន​ពលរដ្ឋ ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

សេចក្តី​សម្រេច​ស្តីពី​ការ​អនុវត្ត​សាកល្បង ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​សរសេរ​ថា៖​ «ក្នុង​ការ​អនុវត្ត​សាកល្បង​នេះ​នឹង​ត្រូវ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ ប្រសិន​បើ​ពុំ​មាន​ការ​សម្រេច​ផ្សេង ណាមួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា»។ 

ទោះយ៉ាងណា ក្នុង​ការ​ស្នើសុំ​ប័ណ្ណ​ព្រំដែន​នេះ ប្រជាពលរដ្ឋ​ត្រូវ​បង់​ប្រាក់​ចំនួន ២ ម៉ឺន​រៀល​ក្នុង​មួយ​ប័ណ្ណ។

លោក ជា ពិសិដ្ឋ នាយករដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ពលរដ្ឋ​អាច​ស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន​នៅ​ថ្នាក់​ក្រុង​ស្រុក​តាម​រយៈច្រកចេញ​ចូល​តែ​មួយ​ក៏​បាន ឬ​នៅ​ខេត្ត​ក៏​បាន​ដែរ។

លោក​បញ្ជាក់​ថា៖ «ក្រោយ​ពី​សាកល្បង ៦ខែ ឥឡូវ​យើង​ចូល​យន្តការ​អនុវត្ត​ជាក់​ស្តែង​ហើយ។ ការ​អនុវត្ត​សាកល្បង​បាន​ជោគជ័យ​ហើយ អញ្ជឹង​បន្ត​អនុវត្ត​បម្រើ​សេវា​ហ្នឹង​តែម្តង»។ 

លោកបន្តថា ការ​ផលិត​ប័ណ្ណ​នេះ​គឺ​មាន​រយៈពេល​ ៥ថ្ងៃ​ តាម​ការ​កំណត់​របស់​រដ្ឋាភិបាល ប៉ុន្តែ​ជាក់ស្តែង នៅ​ខេត្ត​យ៉ាង​យូរ​តែ​ ២​ថ្ងៃ​ទេ អាច​ធ្វើ​ជូន​ពលរដ្ឋ​រួចរាល់​ហើយ។ ទោះយ៉ាងណា​ លោក​មិន​មាន​តួលេខ​នៅ​ក្នុង​ដៃ​ពី​ចំនួន​ប័ណ្ណ​ដែល​ត្រូវ​ផលិត​ជូន​ពលរដ្ឋ​នា​ពេល​កន្លងមក​នោះទេ៕