មន្ត្រីបច្ចេកទេសកសិកម្មនឹងត្រូវដាក់ពង្រាយទៅគ្រប់ឃុំទាំងអស់នៅក្នុងខេត្តនៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA ដើម្បីពង្រឹងវិស័យកសិកម្មនៅក្នុងខេត្តទាំងបួននេះ ដែលរួមមាន រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីកសិកម្ម ១០០០នាក់ទៀត។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីផែនការនេះនៅក្នុងការថ្លែងសារពិសេសកាលពីល្ងាចថ្ងៃទី២២ ខែសីហា ក្នុងគម្រប់ខួបមួយឆ្នាំនៃការឡើងកាន់អំណាចរបស់លោក។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំបានឯកភាពឲ្យប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំចំនួន ១០០០នាក់បន្ថែមទៀត ដែលផែនការចាស់មានត្រឹមតែ៨០០នាក់ទេ។
លោកបន្តថា៖ «ខ្ញុំបានអនុញ្ញាតឲ្យបន្ថែម ២០០នាក់ទៀតឲ្យគ្រប់ ១០០០នាក់ ដើម្បីពន្លឿនការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមបណ្ដាខេត្ត ជាពិសេសនៅតាមឃុំទាំងអស់នៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តក្នុងតំបន់ឦសានរបស់យើង»។
រហូតមកទល់នឹងពេលនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម បានប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ និងបានដាក់ពង្រាយនៅតាមឃុំគោលដៅចំនួន ២៥០ ឃុំ នៅក្នុងស្រុកចំនួន ៨៩ ក្នុងខេត្តចំនួន ១៧ រួចហើយ។ ពួកគេបានចុះផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋបានជិត ១២ម៉ឺនគ្រួសារ។
យោងតាមក្រសួងមហាផ្ទៃ ខេត្តទាំង៤នៃ CLV-DTA មានឃុំសង្កាត់ចំនួន ១៥៣ ដែលក្នុងនោះស្ទឹងត្រែងមាន ៣៤ ឃុំសង្កាត់, ក្រចេះមាន ៤៨ ឃុំសង្កាត់, រតនគិរីមាន ៥០ ឃុំសង្កាត់ និងមណ្ឌលគិរីមានចំនួន ២១។
រដ្ឋាភិបាលបានរៀបចំសហគមន៍ទំនើបចំនួន ៨ ដែលអនុវត្តនៅខេត្តសៀមរាប តាកែវ កំពង់ឆ្នាំ កំពង់ធំ និងខេត្តកណ្ដាល ដើម្បីជួយដល់កសិកម្មទៅលើវិធីសាស្ត្រដាំដុះថ្មី ក្នុងគោលដៅបង្កើនប្រាក់ចំណូល។
លោកនាយរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការប្រឹងប្រែងជួយដល់វិស័យកសិកម្មតាមរយៈការទប់លំនឹងតម្លៃផលិតផល និងការផ្ដល់ហិរញ្ញប្បទានដល់រោងម៉ាស៊ីនកិនស្រូវដែលមានទឹកប្រាក់សរុប ២៩លានដុល្លារ៕