ករណី​ព័ត៌មាន​ក្លែង​ក្លាយ​បាន​កើន​ឡើង​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្រប​ពេល​មាន​សន្ទុះ​​នៃ​ការ​បញ្ចេញ​មតិ​ប្រឆាំង​និង​គាំទ្រ​ទៅ​លើ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​ ឡាវ វៀតណាម (CLV-DTA)។

កាល​ពី​ថ្ងៃទី២២ ខែសីហា ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ច្រាន​ចោល​ព័ត៌មាន​ក្លែង​ក្លាយ​​ជា​ភាសា​ចិន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១៩ ខែ​សីហា​ ដែល​ថា អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ ទៀ បាញ់ ដែល​បច្ចុប្បន្ន​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ និង លោក​ ទៀ សីហា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ក៏​ដូចជា​កង​យោធពល​ខេមរភូមិន្ទ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល និង​បាន​សម្រុក​ចូល​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​ចាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និង​បាន​ចូល​ចាប់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា។

លោកស្រី​ ម៉ាលី សុជាតា អ្នកនាំពាក្យ​​ក្រសួង​ការពារ​ជាតិ​បាន​បដិសេធ​ព័ត៌មាន​នេះ​ ដោយ​លោក​ស្រី​ថ្លែង​ថា៖ «ចេតនា​បំភ្លៃ​ការពិត​និង​ញុះញង់​ដ៏​អាក្រក់​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត​នេះ គឺជា​ទង្វើ​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ។ ក្រសួងការពារជាតិ​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​នាំ​ខ្លួន​ក្រុម​អគតិ​ជ្រុល​និយម និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត ឲ្យ​មក​ទទួល​ខុស​ត្រូវ​ពេញ​លេញ​ចំពោះ​មុខ​ច្បាប់​ឲ្យ​បាន​ជា​ដាច់​ខាត»។

លោកស្រី​បញ្ជាក់​ថា កងទ័ព​ប្ដេជ្ញា​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត និង​ប្ដេជ្ញា​ការពារ​សាមគ្គី​ជាតិ ស្ថិរភាព សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាជន។

ករណី​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ភាសា​ចិន​នេះ ក៏​ទទួល​បាន​ប្រតិកម្ម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wenbin ផងដែរ ដោយ​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា៖ «យើង​ថ្កោល​ទោស​ចំពោះ​ការ​ប្រឌិត​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ហើយ​នឹង​សហការ​ជាមួយ​មិត្តភ័ក្ដិ​កម្ពុជា​ដើម្បី​ទប់​ស្កាត់​និង​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ។

ក្រៅ​ពី​នេះ ក៏​មាន​ព័ត៌មាន​ក្លែង​ក្លាយ​មួយ​ចំនួន​ទៀត​ដែល​ផ្ដោត​គោលដៅ​លើ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា​ លោក ស ខេង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ។

ក្រៅ​ពី​នេះ​ក៏​មាន​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ថា លោក ស ខេង និង​លោក ស សុខា ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដោយសារ​តែ​មិន​គាំទ្រ​ CLV-DTA។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់​ថា រាល់​ការ​លើក​ឡើង​បែប​នេះ​គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​ព័ត៌មាន នៅ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ​ គណៈកម្មការ​នេះ​បាន​កត់​ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ចំនួន ៣២០ ករណី រាប់​បញ្ចូល​ទាំង​ព័ត៌មាន​បែប​ញុះញង់​ ព័ត៌មាន​បែប​ប្រឌិត​ខុស​ពី​ការពិត ព័ត៌មាន​បំពុល​សង្គម និង​ព័ត៌មាន​បែប​ប្រមាថ​ដល់​អង្គ​ព្រះ​មហាក្សត្រ​និង​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន។

លោក​ថា ព័ត៌មាន​ទាំង​នេះ​ក៏​បូក​រួម​ទាំង​ការ​អត្ថាធិប្បាយ​បំភ្លៃ​ការពិត​ជុំវិញ​ប្រធាន​បទ CLV-DTA ផង​ដែរ។ ប្រភព​នៃ​ការ​សាយ​ភាយ​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ទាំង​នេះ​ ភាគច្រើន​មាន​ប្រភព​នៅ​ក្រៅ​ប្រទេស ដែល​ត្រូវ​បាន​ចែកចាយ ឬ​ផ្សព្វផ្សាយ​បន្ត​ដោយ​ក្រុម​មាន​ចេតនា​ទុច្ចរិត​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។

លោក​និយាយ​ថា៖ «វិធានការ​ដែល​គណៈកម្មការ​បាន​ដាក់​ចេញ គឺ​យើង​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក និង​​ក្រុមហ៊ុន​ទិកតុក​ដើម្បី​សុំ​ការ​សហការ​លុប​ចោល​មាតិកា​ទាំង​ឡាយ​ដែល​ផ្ទុក​ព័ត៌មាន​បំពុល​និង​ក្លែង​ក្លាយ​ដែល​មាន​ចរិត​ញុះញង់​និង​បំភ្លៃ​ការ​ពិត​ទាំង​នោះ»។

លោក​បន្ត​ថា ករណី​ខ្លះ​គណៈកម្មការ​ក៏​បាន​សុំ​ឲ្យ​ក្រុមហ៊ុន​លុប​ឬ​ប្លុក​ចោល​គណនី​ហ្វេសប៊ុក​​ឬ​ទិកតុក​ទាំង​នោះ ព្រោះ​គណនី​ខ្លះ​ជា​គណនី​ក្លែង​ក្លាយ ដែល​កាន់​ដោយ​មនុស្ស​តែ​ម្នាក់។

លោក​ពន្យល់​ដូច្នេះ​ថា៖ «ជា​បទពិសោធន៍​ដែល​យើង​ធ្លាប់​មាន​ចំណាត់​ការ​គឺ មនុស្ស​ម្នាក់​អាច​មាន​គណនី​ដល់​ទៅ​១០ ឬ​លើស​ហ្នឹង។ គាត់​ចង​ជា​ក្រុម​គណនី ពេល​គាត់​បញ្ចេញ​ព័ត៌មាន​ក្លែង​ក្លាយ​ម្ដង​គឺ​ទៅ​ទាំង​អស់ ហើយ​បណ្ដាញ​របស់​គាត់​ក៏​យក​ព័ត៌មាន​នោះ​ទៅ​ផ្សាយ​តៗ​គ្នា​ដើម្បី​ឲ្យ​ឃើញ​ចំនួន​ច្រើន។ ប៉ុន្តែ​ ជាក់​ស្ដែង​ភាគច្រើន​ អ្នក​គ្រប់​គ្រង​គណនី​ទាំង​នោះ​មាន​តែ​ប៉ុន្មាន​នាក់ ហើយ​ភាគច្រើន​នៅ​ក្រៅ​ប្រទេស»។

នៅ​ក្នុង​ខែ​កក្កដា​ដដែល គណនី​ក្លែង​ក្លាយ ឬ គណនី​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នៅ​កម្ពុជា ឬ​ព័ត៌មាន​គ្មាន​តុល្យភាព​ដែល​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ព្រមាន​ទៅ​អង្គភាព​ចំនួន​២។ លើស​ពី​នេះ គេហទំព័រ​១ ត្រូវ​បាន​បញ្ឈប់​ដោយសារ​តែ​ការ​រំលោភ​ទៅ​ក្រម​សីលធម៌​អ្នកសារព័ត៌មាន និង​ការ​បំពាន​លិខិត​ដែល​តម្កល់​នៅ​ក្រសួង​ព័ត៌មាន។

បើ​តាម​លោក​ អស្នារិទ្ធ ការ​សាយ​ភាយ​លឿន​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​គឺ​ដោយសារ​តែ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​មាន​ច្រើន ហើយ​ការ​យល់​ដឹង​អំពី​ព័ត៌មាន​នៅ​មាន​កម្រិត​នៅ​ឡើយ។​ យ៉ាង​ណា​ក៏ដោយ លោក​កត់​សម្គាល់​ឃើញ​ថា សាធារណជន​កាន់​តែ​ច្រើន​ឡើង​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែង​ក្លាយ និង​ផលវិបាក​របស់​វា ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន។

លោក​ថា ព័ត៌មាន​ក្លែង​ក្លាយ​​ពាក់​ព័ន្ធ​នឹង​រឿង​ CLV-DTA ក៏​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​សាធារណជន​ទៅ​លើ​អ្នក​ដែល​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ​ផង​ដែរ ដែល​លោក​ចាត់​ទុក​ថា​នេះ​ជា​ចំណុច​វិជ្ជមាន​កើត​ចេញ​ពី​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ទៅ​លើ​ព័ត៌មាន​ក្លែង​ក្លាយ។

ក្នុង​ឆ្នាំ​២០២៣ ក្រសួងព័ត៌មាន​បាន​កត់​ត្រា​ទុក​ព័ត៌មាន​ក្លែងក្លាយ​ចំនួន​ជាង ៣​ពាន់​ករណី។ ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២៤​នេះ ក្រសួង​ព័ត៌មាន​បាន​កត់​ត្រាទុក​ព័ត៌មាន​ក្លែង​ក្លាយ​សរុប​ចំនួន​ ១៧០១ ករណី ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ចំនួន ​១២ភាគរយ ​បើ​ប្រៀប​ធៀប​នឹង​ចំនួន​កត់​ត្រា​ទុក​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន ​១៥១៩ ករណី៕