ភ្នំពេញ៖ ចាប់ពី​ខែមករា ឆ្នាំ២០២២ ដល់​ខែមិថុនា ឆ្នាំ២០២៤ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទទួល​របាយការណ៍​អំពី​ករណី​ឆ្លង​មេរោគអុតស្វា ឬ mpox ដែល​ត្រូវបាន​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​ជាង ៩៩១៦៧ ករណី​ ជាមួយនឹង​ការស្លាប់​២០៨​នាក់​។​

ករណី​ទាំងនេះ​ត្រូវបាន​កត់ត្រា​នៅ​ទូទាំង ១១៦ ប្រទេស និង​ដែនដី ដែល​លាតសន្ធឹង​លើ​តំបន់​ទាំង​ប្រាំមួយ​របស់ អង្គការ​សុខភាព​ពិភពលោក។​

​យោងតាម​របាយការណ៍​ប្រចាំ​សប្តាហ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ «​ក្នុងចំណោម​ករណី​ដែល​បាន​រាយការណ៍​ជា​សកល​ជាមួយនឹង​ទិន្នន័យ​ដែលមាន​ទាក់ទង​នឹង​យេនឌ័រ ៩៦,៤ភាគរយ​ ជា​បុរស​ដែលមាន​អាយុ​ជា​មធ្យម ៣៤ ឆ្នាំ»។​

​នៅ​កម្ពុជា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បាន​រាយការណ៍​ពី​ករណី​ជំងឺអុតស្វា​ mpox ចំនួន ២០ ករណី​នៅ​ចន្លោះ​ឆ្នាំ២០២៣ ដល់​ឆ្នាំ២០២៤​។​

​ករណី​ទាំងអស់​ត្រូវបាន​កំណត់​ថា​ជាប្រភេទ​ Clade II ហើយ​ចាប់តាំងពី​ពេល​នោះមក​ត្រូវបាន​ព្យាបាល ជា​ទាំងអស់​ ដែល​​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ប្រទេស​​។​

​យោងតាម CDC បានឱ្យដឹងថា៖ «​ចាប់ពី​ឆ្នាំ២០២៣ ដល់​ឆ្នាំ២០២៤ នាយកដ្ឋាន​បានធ្វើ​រោគវិនិច្ឆ័យ ២០ ករណី​នៃ​ជំងឺអុតស្វា​ meningococcal (Clade 2) ដែល​សុទ្ធតែ​កើត​លើ​​​បុរស​ និង​​ត្រូវបាន​ព្យាបាល​ដោយ​អ្នកឯកទេស»។​

​វិសមភាព​យេនឌ័រ​​ចំពោះ​​ករណីជំងឺអុតស្វា​ mpox បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​សាធារណៈ​។ ជាមួយ​ឥទ្ធិពល​ខ្លាំង​ដែល​​ពាក់ព័ន្ធ​នឹង​​​មេរោគ​អេដស៍​ ប្រហែល ៥២,១​ភាគរយ​​ គឺជា​បុគ្គល​​មាន​ផ្ទុកមេរោគ​អេដស៍ ដោយ​បញ្ជាក់​ពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​មេរោគ​ទៅលើ​អ្នក​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ​។​

​ការផ្ទុះ​ឡើង​នៃ​មេរោគអុតស្វា​ mpox ជា​សកល​ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ២០២២ ត្រូវបាន​ស្គាល់​​វ៉ា​រ្យ៉​ង់ Clade IIb។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក WHO បានឱ្យដឹងថា៖ «​វិធី​ចម្បង​នៃ​ការចម្លង​មេរោគ​​​តាមរយៈ​ការទំនាក់ទំនង​ជិតស្និទ្ធ និង​ស្និទ្ធស្នាល ​ត្រូវបាន​រីក​រាលដាល​ជាពិសេស​នៅក្នុង​ទំនាក់ទំនង​​សង្គម និង​ផ្លូវភេទ​របស់​បុរស​ពេញវ័យ ខ្ទើយ​ទាំង​ពីរភេទ និង​បុរស​ផ្សេងទៀត​ដែល​រួមភេទ​ជាមួយ​បុរស (MSM)»។​

គំរូ​នៃ​ការចម្លង​ជាក់លាក់​នេះ​គឺជា​ហេតុផល​សំខាន់​សម្រាប់​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​នៃ​ករណី mpox ក្នុងចំណោម​បុរស​​​។​

​ខណៈពេលដែល mpox អាច​រីក​រាលដាល​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ ដូចជា ​ការប៉ះពាល់​ជាមួយ​វត្ថុ​កខ្វក់ ឬ​ដំណក់ទឹក​ផ្លូវដង្ហើម ផ្លូវ​បញ្ជូន​ផ្លូវភេទ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សក្ដានុពល​នៃ​ការផ្ទុះ​ឡើង​។​

WHO បាន​បង្ហាញ​ថា៖ «​ការ​ឆ្លង​​មេរោគ​​ក្នុង​​ចង្កោម​​បុរស ជាពិសេស​នៅក្នុង​សហគមន៍ MSM ត្រូវបាន​គេ​កំណត់ថា​ជា​កត្តា​ចម្បង​នៃ​ផលប៉ះពាល់​​​លើ​បុរស»។​

​ចំនួន​ករណីអុតស្វា​ mpox ​បាន​កើន​ឡើង​ឈានដល់​កម្រិត​កំពូល​ក្នុង​ខែសីហា ឆ្នាំ២០២២ បន្ទាប់មក​មានការ​ថយចុះ​យ៉ាងខ្លាំង​រហូតដល់​ឆ្នាំ២០២៣​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការឆ្លង​កម្រិត​ទាប​នៅតែ​បន្ត​កើតមាន​នៅក្នុង​ប្រទេសមួយ​ចំនួន ដោយ​ករណី​ដែល​បាន​រាយការណ៍​នៅតែ​បន្ត​កើនឡើង​នៅក្នុង​ទីតាំង​មួយចំនួន​នៅ​អាហ្វ្រិក​កណ្តាល ដែល​ជំងឺ​នេះ​ជា​ជំងឺ​រាតត្បាត​។​

​នៅ​ខែឧសភា ឆ្នាំ២០២៤ ការផ្ទុះ​ឡើង​នៃមេរោគ​អុតស្វា​ mpox ដោយសារតែ​វ៉ា​រ្យ៉​ង់ Clade IIb បាន​លេចឡើង​នៅ​អាហ្វ្រិក​ខាងត្បូង ដែលនាំឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ខ្ពស់​ក្នុងចំណោម​បុគ្គល​ដែលមាន​ភាពស៊ាំ​នឹង​ជំងឺ​។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក WHO បានឱ្យដឹង​ថា៖ «​ទន្ទឹមនឹងនោះ នៅក្នុង​តំបន់​អាហ្វ្រិក ការលេចឡើង​នៃ​វ៉ា​រ្យ៉​ង់ Clade Ib ​ជា​អនុប្រភេទ​​ថ្មី​នៃ​មេរោគ Clade I ​បាន​បង្ក​ការគំរាមកំហែង​ដល់​សុខភាព​សាធារណៈ​យ៉ាងសំខាន់»​។​

​អង្គការសុខភាពពិភពលោក​ បាន​បន្ដថា ​វ៉ា​រ្យ៉​ង់ Clade Ib បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​​បុគ្គល​ដល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ រួមទាំង​អ្នក​​​មិនបាន​ព្យាបាល ឬ​ឆ្លង​មេរោគ​អេដស៍​កម្រិត​ខ្ពស់ កុមារ​តូចៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ការកើត​ឡើងវិញ​នៃ​ករណីមេរោគអុតស្វា​ mpox នៅក្នុង​ទ្វីបអាហ្វ្រិក ដែល​កើតឡើងពី​វ៉ា​រ្យ៉​ង់​ Clade Ib បាន​ជំរុញ​ឱ្យ WHO ប្រកាសអាសន្ន​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​អន្តរជាតិ (PHEIC) នៅ​ខែសីហា ឆ្នាំ២០២៤ នេះ​។​

​សេចក្តីប្រកាស​នេះទាមទារ​​ការបង្កើន​ការតាមដាន ការចាក់​ថ្នាំ​បង្ការ និង​កិច្ចខិតខំ​ប្រឹងប្រែង​ព្យាបាល​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​ប្រភេទ​មេរោគ​ដ៏​សាហាវ​នេះ​៕