ភ្នំពេញៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​នា​ថ្ងៃទី​២៦ សីហា ដើម្បី​បំពេញ​ទស្សនកិច្ច និង​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​លើក​ទី៤​នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ហ្វីលីពីន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (JCBC) ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី២៧-២៨ ខែ​សីហា នៅ​ទីក្រុង​ម៉ានីល។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី២៦ សីហា ថា កិច្ចប្រជុំ​នេះ នឹង​ធ្វើការ​តាមដាន និង​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង ដែល​បាន​ឯកភាព​ក្នុង​កិច្ចប្រជុំ JCBC លើកទី៣ កាល​ពី​ឆ្នាំ ២០២១ និង​ដាក់​ចេញ​ផែនការ​សកម្មភាព​ថ្មី ដើម្បី​បន្ត​ពង្រឹង​ទំនាក់​ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា រដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ពិភាក្សា​អំពី​ការ​វិវត្ត​ក្នុង​តំបន់ និង​បញ្ហា​អន្តរជាតិ​ដែល​ជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផង​ដែរ។ លោក សុខ ចិន្តាសោភា នឹង​ជួប​ជាមួយ​លោក Ferdinand Romualdez Marcos ប្រធានាធិបតី​ហ្វីលីពីន និង​ចូលរួម​កម្មវិធី​អាហារ​ថ្ងៃត្រង់​ដែល​រៀបចំ​ឡើង​ដោយ​លោកស្រី Sara Duterte អនុ​ប្រធានាធិបតី​ហ្វីលីពីន។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា កិច្ចប្រជុំ JCBC កម្ពុជា-ហ្វីលីពីន​លើក​ទី៤​នេះ​ក៏​នឹង​ផ្ដោត​លើ​ការ​កែលម្អ និង​ពិនិត្យ​ពាណិជ្ជកម្ម​ទ្វេភាគី ការ​វិនិយោគ កសិកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ។

លោក​ថា គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ងឿង​ឆ្ងល់​ទេ ថា ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​មាន​ការ​កើន​ឡើង​ចាប់​តាំងពី​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ឡើងវិញ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០។

លោក​ជឿជាក់​ថា ជំនួប​រវាង​លោក សុខ ចិន្តាសោភា និង​លោក Marcos នឹង​នាំ​មក​នូវ​ការ​ពិភាក្សា​ផ្នែក​សន្តិសុខ​ដ៏​រសើប​ជាច្រើន​រវាង​ភាគី​ទាំងពីរ ជា​ពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​តែ​អូស​បន្លាយ ដូចជា​ការ​កើន​ឡើង​នៃ​ជម្លោះ​ចិន-ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​សំខាន់​បំផុត​លើ​សំណួរ​ថា​តើ​លើក​នេះ កម្ពុជា និង​ហ្វីលីពីន​អាច​ធ្វើ​យ៉ាង​ដូចម្ដេច​បាន​ដើម្បី​តម្រឹម​គោលជំហរ​របស់​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។
 
លោក ប៊ុនលី ថ្លែង​ថា៖ «វា​គឺ​ជា​ផលប្រយោជន៍​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់ ឱកាស​នេះ​ដើម្បី​ដោះស្រាយ​ការ​យល់​ខុស​របស់​បស្ចិម​លោក​អំពី​ជំហរ​របស់​ទីក្រុង​ភ្នំពេញ ដែល​ជា​រឿយៗ​ត្រូវ​បាន​គេ​យល់​ខុស​ថា​ជា​ប្រទេស​គាំទ្រ​ចិន​ផ្កាប់មុខ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង។ អព្យាក្រឹតភាព​មិនមែន​មាន​ន័យថា ការ​ចូលរួម​ប្លុក​ណា​នោះ​ទេ ហើយ​ការ​ជ្រើសរើស​គោលជំហរ​របស់​ប្រទេស​ដែល​មិន​ស្រប​នឹង​មហា​អំណាច​ធំៗ​ក៏​មិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រឆាំង​ប្រទេស​ណា​មួយ​នោះ​ដែរ»។ 

លោក​ពន្យល់​ថា លោក សុខ ចិន្តាសោភា និង​លោក Marcos​ អាច​សម្រេច​បាន​នូវ​ផលប្រយោជន៍​ទ្វេភាគី និង​តំបន់​សំខាន់ៗ​នា​ពេល​អនាគត ដោយ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ពួកគេ​លើ​វិធី​ពង្រឹង​ពហុភាគី​និយម​អាស៊ាន ជាពិសេស​តាម​រយៈ​ការ​ពិភាក្សា​អំពី​វិធី​ការពារ​មហាអំណាច​ពី​ការ​ «លួច​យក» ​វេទិកា​ដឹកនាំ​ដោយ​អាស៊ាន ដើម្បី​បង្កើត​ «ប្រព័ន្ធ​បែងចែក​សម្ព័ន្ធ​មិត្ត​ (hub-and-spoke)» នៅ​ក្នុង​អាស៊ី​អាគ្នេយ៍។ 

លោក ប៊ុនលី ថ្លែង​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​រំពឹង​ថា ជំនួប​តែ​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ប្រធានាធិបតី​ហ្វីលីពីន​នឹង​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​តំបន់​ភ្លាមៗ​បាន​នោះ​ទេ»៕