រាជរដ្ឋាភិបាលនឹងចែកដីជូនពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដទៅរស់នៅតំបន់ព្រំដែននៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ នេះបើតាមសារនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលលោកអំពាវនាវឲ្យពលរដ្ឋចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
នៅក្នុងសារដែលបង្ហោះកាលពីម៉ោង ១០និង៣៧នាទីយប់មិញ លោកបានថ្លែងអំពីការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋសម្រាប់មូលនិធិនេះ ហើយថាការចូលរួមនេះបង្ហាញពីស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិកម្ពុជា។
លោកបន្តថា មូលនិធិនេះក៏អាចបញ្ជាក់បានថាតើអ្នកចោទប្រកាន់ថាកម្ពុជាកាត់៤ខេត្ត (រតនគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, និងក្រចេះ) ឬច្រើនជាងនេះទៅឲ្យវៀតណាម ពួកគេចូលលុយដែរឬទេ។
លោកបញ្ជាក់ថា៖ «ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ»។
ទំព័រហ្វេសប៊ុករបស់លោកបន្តថា៖ «ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត»។
លោកអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគសម្រាប់មូលនិធិនេះ និងពិនិត្យមើលថាតើអ្នកចោទប្រកាន់រឿងបាត់ដីទៅវៀតណាម ចូលរួមបរិច្ចាគដែរឬយ៉ាងណា។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា វាជារឿងល្អដែលរដ្ឋាភិបាលចែកដីជូនពលរដ្ឋដែលខ្វះខាត ប៉ុន្តែក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធដូចមាននៅក្នុងគោលដៅនៃមូលនិធិនេះ។ បន្ថែមពីលើនេះ លោកស្នើឲ្យមានការគាំទ្រអ្នកដែលទទួលបានដី ដូចជាផ្ដល់ដីកសិកម្ម បច្ចេកទេសដាំដុះ និងបង្កើតទីផ្សារ។
លោកនិយាយថា៖ «ធ្វើដូច្នេះទើបគាត់អាចរស់នៅបាន មិនមែនមានតែដី ហើយមិនដឹងដាំដុះនៅឯណា ទៅលក់នៅឯណា ឬមានមុខរបរអាជីវកម្មយ៉ាងម៉េច ព្រោះមនុស្សត្រូវការដោះដូរទំនិញដើម្បីសេដ្ឋកិច្ចគ្រួសារ»។
នៅពេលសួរថាតើអ្នកមិនគាំទ្រ CLV-DTA អាចនឹងចូលរួមបរិច្ចាគសម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឬយ៉ាងណានោះ លោក យង់ ពៅ យល់ថា វាអាស្រ័យលើមនុស្សពីរប្រភេទ គឺអ្នកប្រឆាំង CLV-DTA ដោយមានរៀបវារៈនយោបាយ និងអ្នកដែលប្រឆាំងតាមគេតាមឯងដោយសារតែមិនទាន់បានទទួលព័ត៌មានច្បាស់លាស់អំពីកិច្ចសហប្រតិបត្តិការនេះ។
លោកអះអាងថា៖ «ចំពោះក្រុមទី១ គាត់អាចនឹងមិនចូលរួមក្នុងមូលនិធិនេះទេ ព្រោះគាត់ប្រឆាំងក្នុងរបៀបវារៈនយោបាយ រីឯក្រុមទី២ នៅពេលគាត់យល់ហើយ និងឃើញថាគម្រោងហ្នឹងមានសារៈសំខាន់ហើយ គាត់អាចនឹងចូលរួមតាមលទ្ធភាពជាក់ស្ដែងរបស់គាត់»។
កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២៣ មក រាជរដ្ឋាភិបាលបានចែកដីសង្គមកិច្ចជូនយោធិន នគរបាលការពារព្រំដែន និងប្រជាពលរដ្ឋក្រីក្រប្រមាណ ១,៤លានហិតា ដែលមានមនុស្សសរុប ៤៩ម៉ឺនគ្រួសារ និងបានសង់ផ្ទះជូនពួកគាត់បានប្រមាណ ៨២០០ខ្នង។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីផែនការចែកដីនៅតាមព្រំដែន CLV នោះទេ។ យ៉ាងណាក៏ដោយ លោកធ្លាប់បានលើកឡើងថា ពលរដ្ឋគឺជាខឿនការពារជាតិដ៏រឹងមាំ៕