ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​គាំពារ និង​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​​ចាស់​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដោយ​លោក​បាន​លើកឡើង​អំពី​តួនាទី​ដ៏​សំខាន់​របស់​ពួកគាត់​ក្នុង​ការ​​បង្កើត​ធនធាន​ដ៏​មាន​សារប្រយោជន៍ និង​បទពិសោធន៍​យ៉ាង​ច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ 

ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី២៦ សីហា ស្តីពី​ការ​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី១ ខែ​តុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ការ​ប្រារព្ធ​ទិវា​នេះ​មាន​គោលបំណង «លើកកម្ពស់​កិច្ច​គាំពារ​ដ៏​មាន​ប្រសិទ្ធភាព​សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យ​ចាស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ [ទិវា​នេះ] ក៏​បង្ហាញ​ឱ្យ​ឃើញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​មនុស្ស​វ័យ​ចាស់ បុព្វការី​ជន ដែល​បាន​បង្កើត​ធនធាន​ដ៏​មាន​សារប្រយោជន៍ ព្រមទាំង​ផ្តល់​នូវ​ចំណេះដឹង ចំណេះ​ធ្វើ និង​បទពិសោធន៍​យ៉ាង​ច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

សារាចរ​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​២៧ សីហា លើក​ឡើង​ថា៖ «រាជ​រដ្ឋាភិបាល​ចាត់​ទុក​ទិវា​មនុស្សចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ជា​ទិវា​បុណ្យ​រំឭក​ដល់​គុណូបការៈ​របស់​មនុស្ស​វ័យ​ចាស់​កម្ពុជា បុព្វការី​ជន ជីដូនជីតា ឪពុកម្ដាយ អ៊ំ ពូ មីង ដែល​បាន​កសាង និង​បន្សល់​ទុក​នូវ​កេរមរតក​ដ៏​ថ្លៃថ្លា​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត»។ 

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ដើម្បី​អបអរសាទរ​ទិវា​នេះ​ឱ្យ​បាន​អធិកអធម។

លោក​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​នេះ ដោយ​បង្ក​លក្ខណៈ​ឱ្យ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់ ព្រះសង្ឃ បព្វជិត ព្រមទាំង​ប្រជាជន​គ្រប់​វ័យ​បាន​ចូលរួម​ចំណែក​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ដើម្បី​បង្កើន​ការ​យល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យ​ចាស់២០១៧-២០៣០។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បន្ត​ផ្តល់​កិច្ច​អន្តរាគមន៍​ជំរុញ​សកម្មភាព​បង្កើត​សមាគម​មនុស្ស​ចាស់ បន្ថែម​ទៀត​នៅ​តាម​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​តាម​ផែនការ ដែល​បាន​កំណត់​ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព​ជួយ​គា្ន​ទៅ​វិញ​ទៅ​មក​រវាង​មនុស្ស​វ័យ​ចាស់​ទូទៅ ជាពិសេស​យកចិត្តទុកដាក់​ជួយ​មនុស្ស​វ័យ​ចាស់​ជរា ព្យាធិ ពិការ ក្រីក្រ គ្មាន​ទីពឹង»។

លោក​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​នានា​បន្ត​ជួយ​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍ​សមាគម​មនុស្ស​ចាស់​ដែល​មាន​ស្រាប់។

លោក ហ៊ុន ម៉ាណែត ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ដែល​មាន​សមាសភាព​ក្នុង​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ​ទទួល​បន្ទុក​ការងារ​មនុស្ស​ចាស់ ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យ​ចាស់​២០១៧-២០៣០។

លោក​ថ្លែង​ថា៖ «គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចុះ​សំណេះ​សំណាល​ជាមួយ​មនុស្ស​វ័យ​ចាស់ ស្រប​តាម​គោល​នយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យ​ចាស់​២០១៧-២០៣០ នៅ​តាម​មូលដ្ឋាន វត្ត​អារាម វិហារ​សាសនា​នានា ដោយ​នាំ​យក​ជំនួយ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា​ជួយ​ដល់​មនុស្ស​វ័យ​ចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មាន​ទីពឹង»។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាថ្ងៃទី២៧ សីហា ថា​ការ​ដែល​លោក ហ៊ុន ម៉ាណែត ណែនាំ​ទៅ​ដល់​ក្រសួង ស្ថាប័ន​ឱ្យ​យកចិត្តទុកដាក់​មនុស្ស​ចាស់​នេះ​ជា​រឿង​មួយ​ប្រសើរ ប៉ុន្តែ​ក៏​ត្រូវ​មាន​ផែនការ​សកម្មភាព​ដើម្បី​ជួយ​ទៅ​ដល់​មនុស្ស​ចាស់​ជាក់លាក់ ដែល​នេះ​ជា​សកម្មភាព​មួយ​ដែល​អាច​មើល​ឃើញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ច្បាស់លាស់​របស់​រដ្ឋាភិបាល។

លោក​ថ្លែង​ថា៖ «ទិវា​មនុស្ស​ចាស់​នេះ យើង​អត់​ចង់​ឃើញ​កើតឡើង​ត្រឹមតែ​ទិវា​ទេ។ ចង់​ឃើញ​មាន​សកម្មភាព​ជាក់ស្ដែង​ដើម្បី​គាំពារ​ដើម្បី​ជួយ​ទៅ​ដល់​មនុស្ស​ចាស់។ ហើយ​រឿង​ងាយ​ទេ មនុស្ស​ចាស់​ត្រូវការ​អី​ធំ​ជាង​គេ? [គឺ] បញ្ហា​ការ​ថែទាំ​សុខភាព។ អ៊ីចឹង ថា​តើ​រដ្ឋ​មាន​ជួយ​ទំនុកបម្រុង​ការ​ថែទាំ​សុខភាព​ដល់​គាត់​ទេ? មាន​ផ្ដល់​ប័ណ្ណ ប.ស.ស. សម្រាប់​ការ​ព្យាបាល​ជំងឺ​ដល់​គាត់​ទេ?»។

លោក យង់ គិមអេង បន្ត​ថា៖ «បើ​សិន​ជា​មាន​ការ​គិតគូរ ជា​ដំបូង​គឺជា​អាទិភាព​គឺ​ត្រូវតែ​គិតគូរ​អំពី​ការ​ផ្តល់​ប័ណ្ណ​ថែទាំ​សុខភាព ប.ស.ស. ហ្នឹង​ឱ្យ​គាត់​អ្នក​ចាស់ៗ ដែល​គាត់​មាន​ជីវភាព​ក្រីក្រ គឺ​ត្រូវតែ​ឱ្យ​គាត់។ បណ្ណ​សម្រាប់​ថែ​រក្សា​សុខភាព​ហ្នឹង​គឺ​ត្រូវ​បាន​អនុវត្ត​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​គ្មាន​ការ​រើសអើង​ពី​មន្ទីរពេទ្យ ពី​បុគ្គលិក ពី​គ្រូពេទ្យ​អី​ជាដើម។ នេះ​ជា​រឿង​មួយ​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ចាស់​ហ្នឹង​មាន​សង្ឃឹម​សម្រាប់​ជីវិត​ចុង​ក្រោយ»។

លោក​បន្ថែម​ថា រដ្ឋ​ក៏​ត្រូវ​តែ​មើល​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ផង​ដែរ ដោយ​មនុស្ស​ចាស់​ខ្លះ​ក៏​មាន​ទីពឹង រីឯមនុស្ស​ចាស់​ខ្លះ​ទៀត​មិន​មាន​ទីពឹង។ នៅ​ពេល​មនុស្ស​ចាស់​ធ្វើការ​មិន​កើត និង​មិន​អាច​ប្រកប​មុខរបរ​បាន ពួកគាត់​ត្រូវ​ពឹង​ទៅ​លើ​ការ​ថែទាំ​ពី​សាច់​ញាតិ និង​រដ្ឋ។ 

លោក យង់ គិមអេង លើក​ឡើង​ថា៖ «បើ​សាច់ញាតិ​ក្រីក្រ បើ​សាច់ញាតិ​អត់​មាន ឬ​ក៏​សាច់ញាតិ​ចិត្ត​មិន​បាន ពេល​នោះ​គឺ​ពឹង​ពាក់​ទៅ​លើ​រដ្ឋ​ជា​អ្នក​ដែល​ជួយ​ផ្តល់​កិច្ច​ថែទាំ​ដល់​គាត់ ព្រោះ​ថា​រដ្ឋ គឺ​ត្រូវតែ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ពលរដ្ឋ។ រដ្ឋ​មិន​អាច​គេច​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​បាន​ទេ»៕