មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​វាស់​វែង​ និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ឲ្យ​ចប់​សព្វគ្រប់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ ដែល​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ចំនួន ១០០​លាន​ដុល្លារ។ សង្គម​ស៊ីវិល​យល់​ថា​ ការ​បញ្ចប់​កិច្ចការ​នេះ​នឹង​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដែល​បាន​កើត​មាន​ជា​ញឹក​ញាប់។

ផែន​ការ​ចំណាយ និង​ការ​បញ្ចប់​ការ​វាស់​វែង​ដីធ្លី​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ កន្លង​ទៅ​ដែលជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី។ លោក​ថា កាល​ពី​អាណត្តិ​កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​វាស់​វែង​និង​ចុះ​បញ្ជី​ដី​ជាង ៧,៧​លាន​ក្បាល​ដី និង​បាន​ចេញ​ប័ណ្ណ​ប្រមាណ ៧​លាន​ប័ណ្ណ។ 

លោក​បន្ត​ថា​៖ «សម្រាប់​រយៈ​ពេល ១២ ខែ​ចុងក្រោយ រាជរដ្ឋាភិបាល​បាន​វាស់​វែង​និង​ចុះ​បញ្ជី​ដី​បន្ថែម​បាន​ចំនួន​ជាង ២​ លាន​ក្បាល​ដី និង​បាន​ចេញ​ប័ណ្ណ​ជិត ៥៩​ ម៉ឺន​ប័ណ្ណ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ការ​វាស់​វែង​ក្បាល​ដី​នៅ​សេស​សល់​ប្រមាណ ២,៥​ លាន​ក្បាល​ដី នៅ​ក្នុង​ឆ្នាំ ២០២៥ ដោយ​ប្រើ​ប្រាស់​កម្លាំង​សរុប​ជាង​ ៥ពាន់​នាក់ និង​គ្រោង​ចំណាយ​ថវិកា​១០០​លាន​ដុល្លារ»។ 

លោក​សន្និដ្ឋាន​ថា ក្រោយ​ពី​ការ​ចុះ​បញ្ជី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ រាជរដ្ឋាភិបាល​សង្ឃឹម​ថា ​ទំនាស់​ដីធ្លី​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ និង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​នា​ពេល​ខាង​មុខ។ ចំពោះ​ដី​រដ្ឋ ដី​ព្រៃ​ លោក​ថា រដ្ឋាភិបាល​ក៏​រំពឹង​ថា​នឹង​ឈាន​ទៅ​បញ្ចប់​ការ​ចុះ​វាស់​វែង នា​ពេល​ខាង​មុខ​ផង​ដែរ។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​​ប្រជា​ពលរដ្ឋ​​ដើម្បី​​អភិវឌ្ឍន៍​​និង​​សន្ដិភាព​ ថ្លែង​ថា តាម​ការ​អង្កេត​របស់​លោក បច្ចុប្បន្ន​នេះ​មាន​ដី​ជាច្រើន​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី ដូចជា​ស្រុក​ខ្លះ​ទើប​ចុះ​បាន​ប្រមាណ ១៥​ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល​​តំបន់​ព្រៃ​សហគមន៍​ជាច្រើន​ក៏​មិនទាន់​បាន​ចុះ​បញ្ជី។

លោក​ចង់​ឲ្យ​ធ្វើ​ការ​វាស់​វែង​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្រប​ច្បាប់។​ 

បើ​តាម​ការ​អង្កេត​របស់​លោក នៅ​កន្លែង​ខ្លះ​ដី​ត្រូវ​បាន​ធ្វើ​ប្លង់​រឹង​រួច​ហើយ ប៉ុន្តែ​មាន​ប្លង់​រឹង​ពីរ​ជាន់​គ្នា​ដែល​បញ្ហា​នេះ​បណ្ដាល​មក​ពី​កង្វះ​អភិបាលកិច្ច​ល្អ។ ករណី​ រដ្ឋ​មិន​គួរ​អធ្យាស្រ័យ​ទេ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ហើយ​​ដាក់ទោស​អ្នក​ចេញ​ប្លង់។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «អីចឹង ការ​ជំរុញ​ការ​ធ្វើ​ប្លង់​ឲ្យ​បាន​នៅ​ឆ្នាំ​ក្រោយ ខ្ញុំ​អបអរ​សាទរ​ចំពោះ​រឿង​នេះ។ ខ្ញុំ​សង្ឃឹម​ថា យ៉ាង​ហោច​ណាស់​ពលរដ្ឋ​កម្ពុជា​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​នៅ​លើ​ដី​ដែល​ខ្លួន​បាន​រស់​នៅ​រាប់​ឆ្នាំ​មក​ហើយ»។

តាម​ការ​អង្កេត​របស់​លោក គឹមអេង ភាព​យឺតយ៉ាវ​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ធ្វើ​ប្លង់​ គឺ​ដោយសារ​ទំនាស់​ដែល​អូស​បន្លាយ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ប្រឹង​ដោះស្រាយ ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​ក្រុម​ការងារ​ចុះ​វាស់​វែង​ដីធ្លី​ធ្វើការ​វាស់​វែង​និង​ចេញ​កម្មសិទ្ធិ ដោយ​មិន​គួរ​ទុក​ដី​នោះ​ចោល​សិន​ឡើយ។

លោក​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ការ​ប្ដេជ្ញាចិត្ត​នេះ​នឹង​កើត​មាន​យ៉ាង​ពិត​ប្រាកដ នៅ​ដំណាច់​ឆ្នាំ​ក្រោយ ហើយ​ប្រជា​ពលរដ្ឋ​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់ៗ​គ្នា។ ផ្ទុយ​ទៅវិញ ហើយ​មិន​អាច​ធ្វើ​បាន​ដូច​ការ​ប្ដេជ្ញា​ចិត្ត​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​លោក​លែង​មាន​ទំនុក​ចិត្ត និង​លែង​មាន​ភាព​រីករាយ»។

លោក អំ សំអាត នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ យល់​ថា ផែនការ​របស់​រដ្ឋាភិបាល​គឺ​សំដៅ​ទៅ​លើ​ការ​ចុះ​បញ្ជី​ដី​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​កាត់​បន្ថយ​ជម្លោះ​បាន​ច្រើន​ ប៉ុន្តែ អ្វី​ដែល​ជា​កង្វល់​ដែរ​នោះ​គឺ​ការ​ចុះ​បញ្ជី​ដី​សហគមន៍ ដូចជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាដើម​ដែល​មាន​ភាព​ស្មុគស្មាញ។

លោក​បន្ត​ថា ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ស្គាល់​អត្តសញ្ញាណ​ដែល​ពាក់​ព័ន្ធ​ជាមួយ​អភិវឌ្ឍន៍ជនបទ ក្រសួង​មហាផ្ទៃ ក្រសួង​បរិស្ថាន។ 

លោក​ថា បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​កម្រិត​សហគមន៍​នៅ​​មាន​ច្រើន​ដែល​មិន​ទាន់​បាន​ដោះស្រាយ។

លោក​សន្និដ្ឋាន​ថា​ នៅ​ពេល​ដីធ្លី​ត្រូវ​បាន​ចុះ​បញ្ជី វា​នឹង​កាត់​បន្ថយ​ ឬ​លុប​បំបាត់​ជម្លោះ​ ឬ​អាច​នៅ​មាន​តិច​តួច​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​ព្រំ​ដី ​ដែល​ខុស​ពី​ជម្លោះ​រឿង​កម្មសិទ្ធិ​ដី​ទាំង​មូល៕