ភ្នំពេញៈ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន លោក លី ធុជ បាន​លើក​ឡើងថា​ ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ដែល​រងគ្រោះ​ដោយសារ​មីន បាន​ទទួល​ការ​ថែទាំ​សុខភាព ការ​ស្តារនីតិសម្បទា និង​គាំពារ​ផ្លូវ​ចិត្ត ដែល​អាច​ឱ្យ​ពួកគាត់​កសាង​ជីវិត​ឡើង​វិញ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចការ​សង្គម តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​រដ្ឋាភិបាល​កម្ពុជា។ 

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កម្មវិធី​បើក​សន្និសីទ​ថ្នាក់​តំបន់​អឺរ៉ុប ស្តីពី​ការ​បង្កើន​​កិច្ច​សហប្រតិបត្តិការ និង​ការ​អនុវត្ត​កិច្ច​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម នា​ថ្ងៃទី​២៦ ខែ​សីហា​នេះ​នៅ​ទីក្រុង Ljubljana ប្រទេស ស្លូវេនី។

តាង​នាម​កម្ពុជា ជា​ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤ លោក​បញ្ជាក់​ប្រាប់​សន្និសីទ​ថ្នាក់​តំបន់​អឺរ៉ុប​ថា៖ «កម្ពុជា​ជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​ទទួល​បន្ទុក​ដ៏​ធ្ងន់​នៃ​គ្រាប់មីន បាន​ប្រែក្លាយ​ទៅ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម និង​ភាពធន់»។ 

យោងតាម អាជ្ញាធរមីន​បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​១៩៧៩ ដល់​ខែ​កក្កដា ឆ្នាំ​២០២៤ កម្ពុជា​មាន​ជនរង​គ្រោះ​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ចំនួន ៦៥ ០៧៤នាក់។ ក្នុង​នោះ​រួមមាន ជន​រងគ្រោះ​ដោយសារ​មីន ៥១ ២០២នាក់ (៧៩​ភាគរយ) និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ស.ផ.ស)​១៣ ៨៧២​នាក់​(២១ភាគរយ)។ ជន​រងគ្រោះ​ស្លាប់​មាន ១៩ ៨៣១នាក់​ របួស ៣៦ ១៤៨នាក់ និង​ពិការ​អវយវៈចំនួន ៩ ០៩៥នាក់​ផងដែរ។

ជនរងគ្រោះ​ជា​បុរស​មាន ៥២ ៦៩៨នាក់ ក្មេង​ប្រុស​អាយុ​ក្រោម ១៨​ឆ្នាំ​មាន ៦ ១២១នាក់ ស្ត្រី ៤ ៧៩៦នាក់ ក្មេង​ស្រី​អាយុ​ក្រោម ១៨ឆ្នាំ ១ ៣៩៦​នាក់ និង​ជន​រងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ៦៣​នាក់។

ក្នុង​សន្និសីទ​នោះ លោក លី ធុជ បាន​បន្ថែម​ថា សមិទ្ធិផល​សម្រេច​បាន​កន្លង​មក​មាន​សារៈសំខាន់ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ។ ពិភព​លោក​នៅតែ​ប្រឈម​មុខ​នឹង​ផលវិបាក​ដ៏​អាក្រក់​នៃ​គ្រាប់​មីន ហើយ​ជន​រងគ្រោះ​ដោយសារ​មីន​ជាច្រើន នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ដែល​ត្រូវការ។ 

លោក លី ធុជ ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ជួបជុំ​គ្នា​ដ៏​មាន​សារៈសំខាន់​នេះ គឺជា​រំលឹក​អំពី​សកម្មភាព​សមូហភាព និង​ឆន្ទៈ​រួប​រួម​គ្នា ដើម្បី​ការងារ​មនុស្ស​ជាតិ និង​ជម្នះ​រាល់​ផល​លំបាក​បន្សល់​ទុក​នា​សម័យ​សង្រ្គាម និង​ជម្លោះ​ផ្សេងៗ។ សន្និសីទ​នេះ មិន​ត្រឹម​តែ​ផ្តោត​លើ​ជំនួយ​ជន​រងគ្រោះ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​គិត​លើ​ការ​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ សិទ្ធិ និង​អនាគត​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​គ្រាប់​មីន និង​ជន​រង​គ្រោះ​គ្រប់​រូប។

លោកក៏​លើក​ឡើង​ដែរ​ថា កាល​ពី ២៥ ឆ្នាំ​មុន ពិភពលោក​បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​បង្កើត​អនុសញ្ញា​ហាម​ប្រាម​មីន​ប្រឆាំង​មនុស្ស ដែល​ជា​សន្ធិសញ្ញា​កើត​ចេញ​ពី​ភាព​ជា​ដៃគូ​ពិសេស​រវាង​សង្គម​ស៊ីវិល និង រដ្ឋាភិបាល ដើម្បី​ឆ្លើយ​តប​បញ្ហា​មនុស្ស​ធម៌ ដែល​បង្ក​ឡើង​ដោយ​មីន​ប្រឆាំង​មនុស្ស។ ចាប់​តាំង​ពី​ពេល​នោះ​មក អនុសញ្ញា​បាន​បោះ​ជំហាន​យ៉ាង​សំខាន់ ជាពិសេស ក្នុង​ការ​រួម​បញ្ចូល​ជំនួយ​ជន​រងគ្រោះ​ទៅ​ក្នុង​គោល​នយោបាយ​ជាតិ​ដ៏ទូលំទូលាយ​ទាក់​ទង​នឹង​សុខភាព ការ​អប់រំ និង​ការងារ។

លោក​គូស​បញ្ជាក់​ថា៖ «ក្នុងនាម​ជា​សហគមន៍​សកលលោក យើង​ត្រូវ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​មិន​ទុក​នរណា​ម្នាក់​ចោល។ ពិភព​លោក​ដែល​មាន​សន្តិភាព មិនមែន​គ្រាន់តែ​អវត្ដមាន​នៃ​សង្គ្រាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​វត្តមាន​នៃ​ភាព​យុត្តិធម៌ សេចក្តី​ថ្លៃថ្នូរ និង​ក្តី​សង្ឃឹម​សម្រាប់​មនុស្សជាតិ»។ 

ក្នុង​ឱកាស​នោះ លោក​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គិត​គូរ​អំពី​ផែនការ​សកម្មភាព​សៀមរាប-អង្គរថ្មី និង​បន្ត​ដឹក​នាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ និង​ក្តី​មេត្តា ដើម្បី​ស្វែង​រក​ព្រំដែន​ថ្មី វិធីសាស្រ្ត​ថ្មី ការ​សហការ​ថ្មី និង​ការ​ប្តេជ្ញា​ចិត្ត​ថ្មី ដើម្បី​ធានា​ថា​គ្មាន​ជន​រងគ្រោះ​ណាមួយ ត្រូវ​បាន​ទុក​ចោល​នោះ​ទេ។ ការ​អនុវត្ត​ផែនការ​សកម្មភាព​សៀមរាប-អង្គរ​ថ្មី​ត្រូវ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ ទទួល​ជោគជ័យ និង​មាន​ប្រសិទ្ធភាព៕