កោះកុងៈ ផ្សោត​ប្រភេទ​ថ្មី​មួយ​ក្បាល ដែល​ការ​សិក្សា​កន្លង​មក​មិន​ដែល​បាន​រក​ឃើញ​នោះ ត្រូវ​បាន​ជួយ​សង្រ្គោះ ក្រោយពី​បាន​ជាប់​ប្ញស​កោងកាង ពេល​ទឹក​ស្រក ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា។

ពលរដ្ឋ​បាន​ប្រទះឃើញ​ផ្សោត​មួយ​ក្បាល ដែល​ជា​ប្រភេទ​ថ្មី​ឈ្មោះ​ថា​ Risso's dolphin ហើយ​បាន​រាយការណ៍​ទៅ​មន្រ្តី​​ជំនាញ​ជលផល។ មន្ត្រី​សង្កាត់​ជលផល​ស្មាច់​មានជ័យ​ និង សហគមន៍​នេសាទ​ពាម​ក្រសោប​បាន​ទៅ​ជួយ​សង្គ្រោះ​ផ្សោត​នោះ​នា​ថ្ងៃទី​២៦ ខែ​សីហា ហើយ​បាន​យក​ទៅ​ប្រលែង​វិញ។ នេះ​បើ​យោង​តាម​លោក សេង ប៊ុណ្ណា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង​នា​ថ្ងៃ​ពុធ ទី​២៨ ខែសីហានេះ។ 

ផ្សោត​សមុទ្រ​មួយ​ក្បាល​នេះ ជា​ផ្សោត​ឈ្មោល ដែល​មាន​ប្រវែង ២,៤០ម៉ែត្រ និង​ទម្ងន់​ប្រមាណ ១២០គីឡូក្រាម។

លោក​បញ្ជាក់​ថា៖ «ពលរដ្ឋ​ផ្ទះ​គាត់​នៅ​ក្បែរ​ហ្នឹង​ឃើញ ហើយ​រាយការណ៍​មក​សហគមន៍។ សហគមន៍​បាន​រាយការណ៍​មក​មន្រ្តី​ជលផល​ដើម្បី​ជួយ។ វា​មក​លេង រក​ចំណី​កៀក​មក​ខាង។ ដល់​ពេល​ទឹកនាច រាក់​ទៅ វា​រក​កន្លែង​ត្រឡប់​វិញ​អត់​ឃើញ ក៏​ចេះ​តែ​ចូលៗ​ទៅ​ក្នុង​ព្រៃ​កោងកាង ក៏​ជាប់»។ 

លោក​ ប៊ុណ្ណា ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ផ្សោត​ប្រភេទ Risso's dolphin នេះ ជា​ប្រភេទ​ផ្សោត​សមុទ្រ​ថ្មី ដែល​ការ​សិក្សា​មួយ​របស់​គម្រោង​អង្គការ IUCN កាល​ពី​ឆ្នាំ ២០១៥ មិន​បាន​រក​ឃើញ​នោះ​ទេ។ 

លោក​ថ្លែង​ថា៖ «តាម​ការ​សិក្សា​ខាង IUCN កាល​ពី​ឆ្នាំ ២០១៥ នៅ​កម្ពុជា មាន​ផ្សោត ១១​ប្រភេទ។ ក្នុង​នោះ មាន ៣​ប្រភេទ​នៅ​ខេត្ត​កោះកុង។ ប៉ុន្តែ​ប្រភេទ​ដែល​ជាប់​ហ្នឹង​ជា​ប្រភេទ​ថ្មី ដែល​ការ​សិក្សា​នោះ​អត់​មាន​ឃើញ​វត្តមាន​វា​ក្នុង​សមុទ្រ​ខេត្ក​កោះកុង។ ទើប​ឃើញ​មាន​វត្តមាន​វា​កាល​ពី​ឆ្នាំ​ទៅ»។

មន្ត្រី​ជំនាញ​ជួយ​​សង្រ្គោះ​ផ្សោត​ឈ្មោល​មួយក្បាល ក្រោយពី​បាន​ជាប់​ប្ញស​កោងកាង ពេល​ទឹក​ស្រក ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា។ រូបថត ក្រសួងកសិកម្ម

លោក​បន្ថែម​ថា ផ្សោត​ប្រភេទ Risso's dolphin នេះ​មាន​ប្រហែល​ជា ៧ ទៅ ៨​ក្បាល​ប៉ុណ្ណោះ តែ​ផ្សោត​ទាំង ៣​ប្រភេទ​ក្នុង​ខេត្ត​កោះកុង ដែល​ការ​សិក្សា​រក​ឃើញ​កាល​ពី​ឆ្នាំ ២០១៥​នោះ​មាន​ប្រហែល​ជា ៥០០​ក្បាល​ផងដែរ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​កំពុង​តែ​រងគ្រោះ។

លោក​លើក​ឡើង​ថា៖ «អ្នក​នេសាទ​ធ្លាប់​ចាប់​បាន​ដែរ​កន្លង​មក តែ​គាត់​អត់​យក​ទេ។ អ្នក​នេសាទ​មាន​ជំនឿ​ថា យក​ផ្សោត​ទៅ​វា​ស៊យ​គេ។ អញ្ជឹង​គេ​អត់​យក​ទេ ទើប​លែង​វិញ»។ 

ទោះយ៉ាងណា លោកថា ផ្សោត​ប្រភេទ​ថ្មី​នេះ មិន​ទាន់​មាន​ការ​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ឡើយ​នោះ​ទេ។ ដោយ​សារ​តែ​ខេត្ត​កោះកុង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ ហេតុនេះ​ផ្សោត​សមុទ្រ​ទាំងនោះ​អាច​ចល័ត​ទៅវិញ​ទៅមក​ក្នុង​ផ្ទៃ​សមុទ្រ​ផង​ដែរ៕