ការចូលទស្សនារមណីយដ្ឋានអង្គរអាចនឹងត្រូវកែសម្រួលកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយគ្រឹះស្ថានអង្គរនឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិជិះកាត់តំបន់នេះដោយមិនចាំបាច់ទិញសំបុត្រ លើកលែងតែការចូលទស្សនាប្រាសាទ។ នេះជាការបង្ហើបឲ្យដឹងរបស់លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ។
បច្ចុប្បន្ននេះ រាល់ភ្ញៀវទេសចរអន្តរជាតិដែលចូលទៅក្នុងតំបន់រមណីយដ្ឋានអង្គរត្រូវតែទិញសំបុត្រ ហើយនៅពេលពួកគេដើរចូលប្រាសាទនិងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីភ្នាក់ងារត្រួតពិនិត្យសំបុត្រ។ សម្រាប់ភ្ញៀវទេសចរដែលត្រូវទៅតំបន់ផ្សេងហើយឆ្លងកាត់តំបន់អង្គរ ពួកគេត្រូវប្រើប្រាស់ផ្លូវវាង។
លោក លី សែ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងនឹងដូរវិធីសាស្ត្រក្នុងការគ្រប់គ្រងវិញ។ យើងនឹងសុំគោលការណ៍ ព្រោះយើងអត់ចងធ្វើអីចឹងទៀត គ្រាន់តែគាត់ជិះឆ្លងកាត់ក៏មិនបានដែរ ដែលគោលការណ៍នេះមានមកជាយូរមកហើយ ហើយយើងចង់កែសម្រួល»។
លោកបន្តថា៖ «យើងនឹងសុំគោលការណ៍គឺយើងលក់សំបុត្រតែការទស្សនាប្រាសាទទេ។ បើគាត់ជិះតែតាមផ្លូវអត់ចូលប្រាសាទ នោះមិនចាំបាច់ឲ្យគាត់ទិញសំបុត្រទេ ហើយយើងដកការត្រួតពិនិត្យរបស់យើងទៅដាក់តែនៅតាមប្រាសាទ យើងមិនចង់ដាក់នៅតាមផ្លូវទេ ព្រោះគេមកដើរលេងទៅ ឃើញស្អេកស្កះតាមផ្លូវ វារំខានច្រើន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធរកវិធីសម្រួលដល់ការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ការសម្រួលនោះក៏បូករួមទាំងការបន្ថែមម៉ោងទស្សនានៅតាមប្រាសាទនានាផងដែរ ដែលលោកបានអនុម័តរួចហើយ។
កាលពីថ្ងៃទី២៧ ខែសីហា ម្សិលមិញ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ បានកែសម្រួលលក្ខខណ្ឌតម្រូវក្នុងការទិញសំបុត្រដោយចាប់ពីចុងខែកញ្ញាតទៅ ភ្ញៀវទេសចរអន្តរជាតិដែលទិញសំបុត្រទស្សនាតែមួយថ្ងៃមិនមានតម្រូវការថតរូបធ្វើប័ណ្ណទស្សនាទៀតទេ។
ការកែសម្រួលនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ ដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្រាប់ការទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ នៅបន្តអនុវត្តការថតរូបភ្ញៀវដើម្បីធ្វើប័ណ្ណទស្សនាដូចមុនដដែលរហូតដល់ដាច់ឆ្នាំ២០២៤។ លើសពីនេះទៀត ការត្រួតពិនិត្យសំបុត្រនៅតាមច្រកចូលរមណីយដ្ឋានអង្គរទាំង៤ច្រក ត្រូវបានកាត់បន្ថយ ដោយរក្សាទុកតែការត្រួតពិនិត្យតាមច្រកចូលប្រាសាទប៉ុណ្ណោះ។
លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យគ្រឹះស្ថានអង្គរសិក្សាអំពីការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ។ លោកក៏ជំរុញឲ្យគ្រឹះស្ថានអង្គរក៏នឹងជំរុញការទូទាត់ប្រាក់តាមទម្រង់អេឡិចត្រូនិកផងដែរ ព្រមទាំងបង្កើតប្រព័ន្ធទិញសំបុត្រដោយខ្លួនឯង (self-service machine) និងប្រព័ន្ធតាមកម្មវិធីលើទូរស័ព្ទ។
លោក លី សែ បានឲ្យដឹងថា បច្ចុប្បន្ននេះ ការទិញសំបុត្រទស្សនាត្រូវបំពេញព័ត៌មានសញ្ជាតិ ក្រុមអាយុ ភេទ ប៉ុន្តែព័ត៌មាននេះមិនបញ្ចេញនៅលើសំបុត្រទេ គឺមានតែរូបថតប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលអនុវត្តគោលការណ៍ថ្មី ព័ត៌មានទាំងនេះលែងមានការតម្រូវហើយ ដូចទៅនឹងអ្វីដែលប្រទេសផ្សេងបានអនុវត្ត។
លោកបន្តថា តាមពិតទៅ គ្រឹះស្ថានអង្គរមិនតួនាទីប្រមូលព័ត៌មានទាំងនេះទេ ព្រោះព័ត៌មាននេះត្រូវបានប្រមូលដោយសមត្ថកិច្ចអន្តោប្រវេសន៍នៅតាមច្រកចូលរួចហើយ៕