គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃ​ទី២៨ ខែ​សីហា​នេះ ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ១០​នាក់ និង​បន្សល់​ទុក​អ្នក​រង​របួស​ចំនួន ៣២​នាក់។ នេះ​បើ​តាម​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

ចំនួន​ជន​រងគ្រោះ​នេះ​កើត​ឡើង​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១១ ករណី​នៅ​ទូទាំង​ប្រទេស​ដែល​ក្នុង​នោះ ៦ ករណី​បាន​កើត​គិត​ទាំង​កើត​ឡើង​នា​ពេល​យប់។

ករណី​គ្រោះ​ថ្នាក់​ទាំង​នេះ​ ក៏​រួម​បញ្ចូល​ទាំង​ករណី​រថយន្ត​ដឹក​កម្មករ​ម៉ាក​សាំយ៉ុង​បុក​ជាមួយ​រថយន្ត​កុងតឺន័រ កាល​ពី​ព្រលឹម​ថ្ងៃ​នេះ នៅ​ក្នុង​ភូមិ​ចាំស្រី ឃុំ​កំពង់សីលា ​ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ​ផង​ដែរ។

សារព័ត៌មាន​ហ្វ្រេសញូវ​បាន​ស្រង់​សម្ដី​របាយការណ៍​សមត្ថកិច្ច​ដែល​បញ្ជាក់​ថា រថយន្ត​កុងតឺន័រ​ដែល​បើក​បរ​ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ បាន​វ៉ាជែង​ជាមួយ​រថយន្ត​មួយ​ផ្សេង​ទៀត​ ហើយ​បាន​បុក​រថយន្ត​សាំយ៉ុង​ដឹក​កម្មករ​រោងចក្រ​ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​រថយន្ត​សាំយ៉ុង​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ និង​កម្មករ​ជា​ស្ត្រី​ម្នាក់​បាន​ស្លាប់។ 

ហេតុការណ៍​នេះ​ក៏​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​ និង ស្រាល​ ចំនួន​២៥​នាក់ ដែល​ក្នុង​នោះ​មាន​១៦នាក់​ជា​ស្ត្រី។

យោង​តាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក្នុងឆមាសទី១​ ឆ្នាំ​២០២៤ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង ១៥៣៤លើក ​បណ្តាល​ឱ្យ​ស្លាប់​៧៩៣​នាក់ និងរបួសចំ ២១១៦នាក់ ដែល​ភាគច្រើន​បណ្ដាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់។ ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​អ្នក​ជិះ​ម៉ូតូ​ក្នុង​អត្រា ៧៩​ភាគរយ ហើយ​៦៧​ភាគរយ​នៃ​ពួក​គេ​មិន​បាន​ពាក់​មួក​សុវត្ថិភាព។

លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ឆ្នាំ​ឲ្យ​បាន ៥ ភាគរយ​តាម​ផែនការ​ដែល​បាន​ដាក់​ចេញ៕