ភ្នំពេញៈ លោក​គុយ វ៉ាត អតីត​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្នុង​ក្រុមហ៊ុន ស៊ី អាយ ស៊ី ផាតន័រ (CIC Partner Co.ltd) និង​ជា​ថៅកែ​ហាង Park Coffee ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​សីហានេះ។ នេះ​បើ​យោង​តាម​លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក គុយ វ៉ាត ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​២៤ ខែ​សីហា​នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចេញ​សែក​អត់​ទឹក​ប្រាក់ និង​ការ​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក។ 

លោក អ៊ី រិន្ទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ពុធ ទី​២៨ សីហា​នេះ​ថា៖ «ហ្នឹងហើយ ត្រូវ​បាន​ចោទ​ប្រកាន់ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​បាន​ចេញ​សែក​អត់​លុយ [ចេញ​មូលប្បទានបត្រ​គ្មាន​សាច់​ប្រាក់]។ ហើយ​ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ម្សិល​មិញ»។ 

លោក អ៊ី រិន្ទ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​​បន្ថែម​លើ​ករណី​នេះ។ 

យោង​តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​បាន​ឱ្យ​ដឹង​ថា បទ​ចោទ​នេះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ២​លាន​ដល់ ៦​លាន​រៀល និង ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣ឆ្នាំ ដោយ​​មិន​ទាន់​គិត​ដល់​កាតព្វកិច្ច​ទូទាត់​សង​ចំនួន​ប្រាក់​នៃ​ឧបករណ៍​អាច​ជួញដូរ​បាន​នោះ​ទៅ​អ្នក​កាន់។

ទាក់ទងនឹង​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​អ្នក​ជំនួញ​នេះ​ផងដែរ តុលាការ​ខេត្ត​សៀមរាប​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​រក​ចាប់​ខ្លួន​លោកស្រី​ឧកញ៉ា​លី អ៊ុំអេង ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ឯកសារ​សាធារណៈក្លែង​កាល​ពី​ឆ្នាំ ២០២២ ក្រោយ​ពី​ចេញ​ដីកា​នាំ​ខ្លួន ប៉ុន្តែ​ជន​ត្រូវ​ចោទ​បាន​គេច​ខ្លួន​បាត់។

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា​ថា តំណាង​ចៅក្រម​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោកស្រី​ឧកញ៉ា​ លី អ៊ុំអេង ក្នុង​សំណុំ​រឿង« ប្រើ​ប្រាស់​ឯកសារ​សាធារណៈក្លែង» ប៉ុន្តែ​លោក​អះអាង​ថា លោក​មិន​បាន​ដឹង​ថា អ្នក​ណា​ជាដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ​នោះ​ទេ។

លោកស្រី លី អ៊ុំអេង នាយិការ​ក្រុមហ៊ុន​លីអ៊ុំអេងលីមីតធីត​។ សហការី

លោក​បញ្ជាក់​ថា៖ «សំណុំរឿង​នេះ​នៅ​ដៃ​ចៅក្រម។ ខាងនេះ [ចៅក្រម] បាន​ចេញ​ដីកា​ឱ្យ​អនុវត្ត​ហើយ។ ការងារ​អនុវត្ត​ខាង​នគរបាល​យុត្តិធម៌​អ្នកធ្វើ។ រឿង​អនុវត្ត​បាន​សម្រេច ឬ​មិន​បាន​សម្រេច​នៅ​លើ​គាត់»។

កាល​ពី​ថ្ងៃទី​៧ ខែ​សីហា​នេះ លោក ហេង ឈៀង​គ្រី ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លោកស្រី លី អ៊ុំអេង អាយុ​ ៥២ឆ្នាំ ដែល​មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​បុរីសៀងណាំ ផ្ទះលេខ​១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោយ​ពី​ស្រ្តី​រូបនេះ​បាន​រត់​គេច​ខ្លួន។

ដីកា​សរសេរ​ថា៖ «ឈ្មោះ លី អ៊ុំអេង ត្រូវ​បាន​ដាក់​ក្រោម​ការ​ពិនិត្យ​ពីបទ ប្រើប្រាស់​ឯកសារសាធារណៈក្លែង ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​កុម្ភៈ​រហូត​ដល់​ខែ​តុលា​ឆ្នាំ ២០២២ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង និង​កំណត់​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ»។ ជនត្រូវ​ចោទ​រូបនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទមជ្ឈិម ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ។

មុន​ពេល​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​នេះ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន។ ប៉ុន្តែ​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីពី​ការ​អនុវត្ត​ដីកា​បង្គាប់​ឱ្យនាំ​ខ្លួន​ថា កម្លាំង​ជំនាញ​បាន​ចុះ​ដល់​លំនៅដ្ឋាន​ជន​ត្រូវ​ចោទ​ តែ​រក​ពុំឃើញ។ 

លោកចៅក្រម​ស៊ើបសួរ ហេង ឈៀង​គ្រី បាន​បញ្ជាក់​ក្នុង​ដីកា​បន្ត​ថា ​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​នីតិវិធី​ច្បាប់ គប្បី​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ លី អ៊ុំអេង មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។

លោកចៅក្រម​បាន​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឱ្យ​ស្រាវជ្រាវ​រក​ចាប់​និង​នាំ​ខ្លួន ឈ្មោះ លី អ៊ុំអេង ទៅ​ក្នុង​ពន្ធនាគារ ឬ មណ្ឌល​ឃុំខ្លួន។ លើសពីនោះ ក៏​បាន​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន​ឱ្យ​ទទួល​និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ លី អ៊ុំអេង និង​ត្រូវ​នាំ​ទៅ​បង្ហាញ​ដល់​ចៅក្រម​ស៊ើបសួរ​ក្នុង​រយៈពេល​យ៉ាង​ខ្លី​បំផុត ប្រសិន​បើ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ​នៅ​ឡើយ។

លោកស្រី លី អ៊ុំអេង ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា «ឧកញ៉ា» តាម​រយៈព្រះរាជក្រឹត្យ​មួយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៣។ 

ទោះ​យ៉ាងណា ឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​ទេ​ថា លោកស្រី លី អ៊ុំអេង នៅ​មាន​ង៉ា​ជា​ឧកញ៉ា​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ។ 

លោកថ្លែងថា៖​ «ខ្ញុំអត់​ទាន់​បាន​ដឹង​ដែរ។ គាត់​មិនមែន​ជា​សមាជិក​ផង ដោយសារ​តែ​សមាគម​យើង​អត់​ទាន់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​គោរមងារ។ នៅ​ពេល​ធ្វើ​បច្ចុប្បន្ន​កម្ម​គោរមវន្ត​ឡើង​វិញ​ទាំងអស់ បាន​ងាយ​ស្រួល»។

លោក​បាន​លើក​ឡើង​ថា ការ​ប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ​របស់​អ្នក​ដែល​មាន​ងារ ឬ​មិនមែនងារ​ជា​ឧកញ៉ា​នោះ គឺជា​បញ្ហា​បុគ្គល​ផ្ទាល់​ខ្លួន ដែល​មិន​ពាក់ព័ន្ធ​ទៅ​នឹង​សមាគម​នោះ​ទេ។
លោក​បាន​ឱ្យ​ដឹង​ដែរ​ថា បើ​យោង​តាម​សៀវភៅ​ព្រះ​រាជ​កិច្ច​មាន​ឧកញ៉ា​ជាង ១ ៤០០រូប។ ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិន​ទាន់​ជាក់​លាក់​នោះទេ។ 

ក្រៅពី​មាន​បញ្ហាដីធ្លី​ជាមួយ​នឹង​បុគ្គល​ឯកជន​ផ្សេងៗ លោកស្រី​ឧកញ៉ា លី អ៊ុំអេង ដែល​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​រូបនេះ​ក៏​មាន​រឿង​ក្តី​ពី​បញ្ហា​ដីធ្លី​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​នា​ពេល​កន្លងមក៕