ភ្នំពេញៈ ថ្នាំ​ញៀន​ជិត ៤០០គីឡូក្រាម និង​ជន​សង្ស័យ​ចំនួន ៦​នាក់ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ធ្វើការ​រឹបអូស និង​ឃាត់ខ្លួន​នៅ​ក្នុង​ទីតាំង​ចំនួន ៣​ផ្សេង​គ្នា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ចុង​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា​នេះ។

ការ​បង្រ្កាប​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​កិច្ច​សហការ​រវាង​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន (ក៤) និង​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដោយ​មាន​ការ​ដឹក​នាំ​និង​សម្របសម្រួល​ដោយ​លោក គឹម ហុងសាន ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២៤ ខែ​សីហា​នេះ។

កងកម្លាំង​បាន​ចុះ​ស្រាវជ្រាវ​ស៊ើប​អង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សាទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុស​ច្បាប់ នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​៣​ទីតាំង។ ក្នុង​នោះ​រួម​មាន​ទីតាំង​ទី១ ស្ថិត​នៅ​ចំណុច​បុរី​ផុងស៊ុយ សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍សែនជ័យ។ ទីតាំង​ទី២ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ WG ផ្លូវលេខ៦ ភូមិ​ទួលសំពៅ សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬស្សី​កែវ និង​ទីតាំងទី៣ ស្ថិត​នៅ​ចំណុច​បុរីលឹម​ឈាងហាក់ ហ្គ្រីនហូម ផ្ទះ​លេខ​១៦​D ផ្លូវ​លេខ២A ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

វត្ថុតាង​ដែល​ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស​រួម​មាន៖ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន (ICE) ២៥៤ ២៩២, ៤០ក្រាម, គ្រឿងញៀន​ប្រភេទ​កេតតាមីន (Ketamine) ១២៧ ៦០៦,៨០ក្រាម, គ្រឿងញៀន​ហេរ៉ូអ៊ីន (Heroine) ៧ ៧០០ក្រាម ដែល​សរុប​គ្រឿង​ញៀន ៣៨៩គីឡូ ៥៩៩.២០ក្រាម។ ក្រៅ​ពី​នោះ​ក៏​មាន​រថយន្ត Pruise១​គ្រឿង​ផងដែរ។

រីឯ​ជន​សង្ស័យ​ទាំង ៦​នាក់​នោះ​ជា​ជនជាតិ​ខ្មែរ រួមមាន​ស្រ្តី ២​នាក់​ផងដែរ។ ក្នុង​នោះ​រួមមាន​ស្រ្តី​ឈ្មោះប៊ុន ម៉ាឡែន អាយុ​៥១ឆ្នាំ, ស្រ្តី​ឈ្មោះ សេង គីម អាយុ​២៦ឆ្នាំ និង​បុរស​៤នាក់ មាន​ឈ្មោះ រី សុខលិ អាយុ ២៣ឆ្នាំ, ឈ្មោះដាំ ប្រុសពៅ អាយុ ២៨ឆ្នាំ, ឈ្មោះ ជួន ចំរើន អាយុ ៣៥ឆ្នាំ និងឈ្មោះ អេង គីមសាយ អាយុ ២៤ឆ្នាំ។

មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជន​សង្ស័យ​និង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ទាក់ទង​នឹង​ករណី​គ្រឿងញៀន​នេះ​ដែរ តុលាការ​ខេត្ត​ព្រះសីហនុ​ក៏​បាន​សម្រេច​ធ្វើការ​ឃុំ​ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​លូ តា (LU DA) អាយុ ៤១​ឆ្នាំ​នៅ​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹក​ជញ្ជូន, ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន និង​បទ​ឆ្លងដែន​ចូលមក​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​បញ្ញត្តិ​មាត្រា៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​និង​មាត្រា២៩ នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ។ 

យោងតាម​សេចក្តី​ប្រកាស​របស់​តុលាការ​ខេត្ត​បាន​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​កាក់​ឃាត់​រថយន្ត ​១គ្រឿង ម៉ាក LEXUS RX-300 ពណ៌ខ្មៅ នៅ​ចំណុច​គោលដៅ​ត្រួត​ពិនិត្យ​អាវុធ គ្រឿងផ្ទុះ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន។ លើស​ពី​នោះ​បាន​ត្រួត​ពិនិត្យ​និង​ឆែកឆេរ​ក្នុង​រថយន្ត​រកឃើញ​មាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​អ៊ុចស្តាស៊ី (MDMA) ចំនួន២ កញ្ចប់ធំ ទម្ងន់​សរុប​ជាង ១០​គីឡូក្រាម​ដែល​លាក់​ទុក​ក្នុង​វ៉ាលី។ 

កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ លូ តា នេះ​តែម្តង៕