ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​រៀបចំ​ទីតាំង​ចត្ដាឡីស័ក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​បំណង​ទប់ស្កាត់​​ការ​នាំ​ចូល​ជំងឺ​អឹមផក Mpox ឬ​អុតស្វា។

វិធានការ​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​រួមគ្នា​ក្នុង​ការ​ទប់ស្កាត់​ការនាំ​ចូល​ជំងឺ​អឹមផក (Mpox Clade 1b) ចូលមក​កម្ពុជា នៅ​តាម​ច្រក​ទាំងអស់ និង​វិធាន​ការ​ការពារ ក៏​ដូចជា​ផ្ញើ​សារ​ក្រើនរំឭក​ដល់​អ្នក​ដំណើរ​ទាំងអស់។ 

នៅថ្ងៃទី ២៨ ខែ​សីហានេះ លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ប្រតិភូ​សុខាភិបាល​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការ​រៀបចំ​ទីតាំង​ផ្នែក​ចត្តាឡីស័ក ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​អឹមផក (Mpox)។

យោង​តាម​ក្រសួង​សុខាភិបាល (MoH) បាន​ឱ្យ​ដឹង​ថា៖ «ការ​ត្រួត​ពិនិត្យ​នេះ​មាន​គោល​បំណង​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​វិធាន​ការ​បង្ការ​បច្ចុប្បន្ន និង​ពង្រឹង​ការការពារ​របស់​ប្រទេស​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​មេរោគ Mpox»។

ការ​ផ្តោត​អារម្មណ៍​របស់​គណៈប្រតិភូ​គឺ​លើ​ការ​ធានា​ថា អ្នក​ដំណើរ​ទាំងអស់​ដែល​ចូល និង​ចេញ​ពី​ប្រទេស​កម្ពុជា​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​សុខភាព​យ៉ាង​ម៉ត់ចត់។

ក្រសួង​សុខាភិបាល​បាន​បន្ត​ថា៖ «ពង្រឹង​យន្តការ​បន្ថែមទៀត​យ៉ាង​ម៉ត់ចត់​ក្នុង​ការ​តាមដាន​កម្តៅ ដោយ​ប្រព័ន្ធ​កាមេរ៉ា និង​ការ​អង្កេត​តាមដាន​រាល់​អ្នក​ដំណើរ​គ្រប់​ច្រកចេញចូល​ទាំងអស់​ ហើយ​ក្នុង​ករណី​មានការ​សង្ស័យ មន្ត្រី​ចត្តាទ្បីស័ក​របស់​ក្រសួង​សុខាភិបាល នឹង​ចាត់ចែង​អនុវត្តតាម​គោលការណ៍​ណែនាំ​ក្នុងការ​ទប់ស្កាត់​នឹង​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ជាបន្ទាន់»។ 

លើស​ពី​នេះ ក្រុម​ការងារ​របស់​ក្រសួង បាន​​បំពាក់​បន្ថែម​នូវ​ម៉ាស៊ីន​ស្កែន​កម្ដៅ​ និង​រៀបចំ​តម្លើង​រូបភាព សារជា​វីដេអូ​សំខាន់ៗ ជា​សារ​អប់រំ និង​វិធានការ​នានា ដល់​គ្រប់​អ្នក​ដំណើរ​ស្តីពី​ជំងឺ​អឹមផក (Mpox)។

ការ​ត្រួតពិនិត្យ​នេះ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​មន្ត្រី​សុខាភិបាល​នោះ​ទេ។ 

តំណាង​មកពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ក្រុមហ៊ុន​បារាំង និង​សហការី​តំណាង​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង (CDC) ព្រមទាំង​ក្រុម​ការងារ​ចត្តាទ្បីស័ក ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ក៏​បាន​ចូលរួម​​ផងដែរ៕