ស្ទឹងត្រែងៈ អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (WEA) ក្រោមកិច្ចសហការជាមួយនឹងក្រសួងបរិស្ថានកំពុងតែបន្តសិក្សាលើរបបអាហាររបស់សត្វដំរីព្រៃ ក្រោយពីបានរកឃើញប្រភេទរុក្ខជាតិចំនួន ៨៧ប្រភេទផ្សេងៗគ្នានៅក្នុងរបបអាហាររបស់សត្វដំរីតាមរយៈពិនិត្យលាមក ក្នុងរយៈពេល ៣ឆ្នាំមកនេះ។
ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ការចុះពិនិត្យរយៈពេល ៤ថ្ងៃ (២១ ដល់ ២៤ ខែសីហា) បានរកឃើញថា សត្វដំរីក្នុងតំបន់នោះបានស៊ីរុក្ខជាតិជិត ២០ប្រភេទផ្សេងៗគ្នាផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន។
រុក្ខជាតិ ដែលសត្វដំរីស៊ីមានដូចជា ប្រភេទស៊ីប្ញស រួមមាន វល្លិ៍អន្ទង់, ដើមក្រាយក្រហម, ស្រោមដាវ,ដើមព្រីង, ដើមច្រម៉ាស់, ដើមទឹកបាយ, ដើមក្ដីកំប្រុក,ដើមពភ្លា។ ប្រភេទស៊ីស្លឹកមាន ជ្រី, ដើមក្រឡាញ់, ដើមផ្អុង, ដើមត្រម៉ូង, ដើមធ្លក់។ ប្រភេទស៊ីសំបកមាន៖ វល្លិ៍ទន្លីង, វល្លិ៍តាអាន, វល្លិ៍ឈ្នូ និងវល្លិ៍សឹង និងប្រភេទស៊ីផ្លែមាន៖ ផ្លែគុយ និងផ្លែធ្លក់ជាដើម។
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីនៃអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies-WEA) ប្រចាំកម្ពុជាបានឱ្យដឹងថា ក្រោយពីបានសិក្សាដឹងពីចំនួនសត្វដំរីក្នុងតំបន់នោះហើយ អង្គការក៏បានកំពុងតែធ្វើការសិក្សាពីរបបអាហាររបស់ដំរីតាមរយៈលាមករបស់វា ក្នុងទិសដៅផ្គត់ផ្គង់ចំណីនិងបង្កើនចំនួនសត្វដំរីព្រៃ ឬដំរីអាស៊ី។
តាមរយៈការសិក្សាដោយបំពាក់កាមេរ៉ាបានរកឃើញថា មានសត្វដំរីព្រៃ ២៦ក្បាលកំពុងតែរស់នៅក្នុងតំបន់ព្រៃឡង់នៃខេត្តស្ទឹងត្រែងនោះ។
លោកបញ្ជាក់ថា៖ «អញ្ជឹង យើងកំពុងតែសិក្សាហ្នឹង។ តើដំរីវាស៊ីរុក្ខជាតិអីខ្លះនៅក្នុងព្រៃឡង់ហ្នឹង។ រុក្ខជាតិអីខ្លះដែលអាចផ្គត់ផ្គង់ឱ្យដំរីស៊ីបាន សិក្សាទីជម្រក និងប្រភពទឹក។ ដើម្បីបង្កើនចំនួនដំរីព្រៃឱ្យច្រើនឡើងទៀតក្នុងថ្ងៃអនាគតហ្នឹង តើត្រូវការសមត្ថភាពចំណី និងទីជម្រកហ្នឹងអ្វីខ្លះ»។
លោកថ្លែងបន្តថា៖ «សិក្សាដើម្បីឱ្យដឹងពីសមត្ថភាពផ្គត់ផ្គង់ទៅដល់ដំរីព្រៃដែលកំពុងតែរស់នៅថាបានប៉ុន្មានប្រភេទចំណី ហើយថាតើវាអាចឆ្លើយតបទៅនឹងសត្វដំរីត្រូវការដែរឬទេ»។
នៅឆ្នាំ២០១៩ អង្គការ WEA បានចាប់ផ្តើមការសិក្សាជាលើកដំបូងពីរបបអាហាររបស់ដំរីអាស៊ីនៅកម្ពុជា។ ក្រោយមក «គម្រោងដើមឈើដំរីរបស់យើង Our Elephant Trees project »ត្រូវបានបង្កើតឡើង ដែលជាវិធីសាស្រ្តដាំដើមឈើ ដែលផ្តោតលើរបបអាហាររបស់សត្វដំរីអាស៊ី។ បង្កើតឡើងតាមរយៈការស្រាវជ្រាវជាច្រើនឆ្នាំ គម្រោងនេះកំពុងបង្កើតកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញក្នុងដែនជម្រកសត្វព្រៃព្រៃឡង់របស់កម្ពុជា។
ដើម្បីស្វែងយល់ពីរបបអាហាររបស់សត្វដំរីអាស៊ី ក្រុមការងារបានតាមដានផ្លូវដំរី ហើយបានចងក្រងឯកសារអំពីរុក្ខជាតិ និងផ្លែឈើដែលដំរីស៊ី។ តាមរយៈការសង្កេតមើលបន្លែ ដែលវាទំពារថ្មីៗ និង ការវិភាគលើគំនរលាមក ក្រុមការងារបានចងក្រងជាឯកសារប្រភេទរុក្ខជាតិចំនួន ៨៧ ប្រភេទផ្សេងៗគ្នានៅក្នុងរបបអាហាររបស់សត្វដំរី។ នេះបើយោងតាមអង្គការ WEA។
លោក ទុយ សេរីវឌ្ឍនា ក៏បានបញ្ជាក់ផងដែរថា៖ «ក្នុងលាមកដំរីមានប្រភេទផ្លែឈើ ហើយយើងយកគ្រាប់ផ្លែឈើនោះមកបណ្តុះវិញ និងដាំនៅកន្លែងព្រៃសឹករិចរិលវិញ ព្រៃបាត់បង់ ឬថយចុះ ដើម្បីដាំស្តារឡើងវិញនូវតំបន់មួយចំនួនក្នុងព្រៃឡង់»។
តាមរយៈគម្រោងនេះ កូនឈើចំនួន ២ ៤៧២ដើមត្រូវបានដាំជាមួយសហគមន៍មូលដ្ឋាន និងក្រសួងបរិស្ថាន។ ក្រៅពីនោះ កូនឈើថ្មីចំនួន ២០ ០០០ដើមបន្ថែមទៀតត្រូវបានបណ្តុះផងដែរ។
លោក ទុយ សេរីវឌ្ឍនា បានឱ្យដឹងផងដែរថា ការសិក្សានៅតំបន់ខាងត្បូង និងខាងជើងបឹងទន្លេសាបបានប៉ាន់ស្មានថា ចំនួនសត្វដំរីព្រៃនៅកម្ពុជាមានចន្លោះពី៤០០ ទៅ៦០០ក្បាល។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តមិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេ៕