មណ្ឌលគិរីៈ គម្រោង​រេដបូក​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា បាន​ជួយ​បញ្ចៀស​ការ​បំភាយ​ឧស្ម័ន​កាបូនិច (CO2) ទៅ​ក្នុង​បរិយាកាស​ជាង ២០​លាន​តោន​និង​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ប្រមាណ​ជា ២៥ ០០០ហិកតា​ដែល​ការ​បំផ្លាញ​ព្រៃឈើ​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ការ​អនុវត្ត​គម្រោង។ នេះ​បើ​យោង​តាម​ការ​សិក្សា​ពី​គម្រោង​រេដបូក​នៅ​កម្ពុជា​របស់ USAID អភិរក្ស (USAID Conserve)។ 

USAID អភិរក្ស​បាន​ឱ្យ​ដឹង​នា​ថ្ងៃទី​២៨ ខែ​សីហា​នេះ​ថា USAID កម្ពុជា បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​រេដបូក​ចំនួន​៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០១២​មក។ គម្រោង​រេដបូក កែវសីមា ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទាំង​នោះ។

គម្រោង​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​រួចហើយ និង​កំពុង​តែ​អនុវត្ត​លើ​ផ្ទៃដី​ព្រៃ​ទំហំ ១៦៦ ៩៨៣ហិកតា ក្នុង​ចំណោម​ផ្ទៃដី​ជាង ៣០០ ០០០​ហិកតា​នៃ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី។ តាម​ការ​ប៉ាន់​ស្មាន​ប្រចាំ​ឆ្នាំ គម្រោង​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​បាន​ចំនួន ១ ៤២៦ ៦៤៨​តោន (tco2e)។

ការ​សិក្សា​បាន​សរសេរ​ថា៖ «រហូត​មក​ដល់​បច្ចុប្បន្ន គម្រោង​រេដបូក​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​បាន​ជួយ​បញ្ចៀស​ការ​បំភាយ​ឧស្ម័នកាបូនិច​​ទៅក្នុង​បរិយាកាស​ជាង ២០​លាន​តោន និង​ជួយ​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ​ប្រមាណ​ជា ២៥ ០០០​ហិកតា»។ 

ទោះយ៉ាងណា ការ​អនុវត្ត​គម្រោង​ក៏​ប្រឈម​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​ផលិត​កសិកម្ម និង​រ៉ែ ដែល​អាច​ជា​ការ​លំបាក​មួយ​ចំពោះ​អ្នក​អនុវត្ត​គម្រោង​ក្នុង​ការ​ដោះស្រាយ​ផងដែរ។

ដើឈើខ្ពស់​សន្លឹមក្នុងព្រៃ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។ គម្រោងរេដបូក កែវសីមា I Keo Seima REDD+

ដែន​ជម្រក​សត្វ​ព្រៃ​នេះ ជា​តំបន់​ការពារ ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា ដែល​មាន​ប្រភេទ​សត្វ​កំពុង​តែ​រងការ​គំរាម​កំហែង​យ៉ាង​ហោច​ណាស់​ចំនួន ៧៥​ប្រភេទ។ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ២០ភូមិ ដែល​មាន​សមាជិក​សហគមន៍​ប្រហែល​ ២០ ០០០​នាក់​កំពុង​តែ​រស់​នៅ​ក្នុង​តំបន់​គម្រោង​នេះ។

គម្រោង​រេដបូក ទំរីង (Tumring REDD+Project) ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ​មាន​ទំហំ ៦៧ ៧៩១ហិកតា​នោះ ក៏​ត្រូវ​បាន​ចុះ​បញ្ជី​និង​កំពុង​តែ​អនុវត្ត​ផងដែរ។ តាម​ការ​ប៉ាន់​ស្មាន​គម្រោង​នេះ​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ប្រចាំ​ឆ្នាំ​បាន​ចំនួន ៣៧៨ ៤៣៤​តោន​ផងដែរ។ វា​ជា​គម្រោង​រួម​របស់​ប្រទេស​កូរ៉េខាងត្បូង និង​កម្ពុជា។

គម្រោង​រេដបូក​ផ្សេង​ទៀត​នៅ​កម្ពុជា ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ​មាន ដូចជា គម្រោង​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត តំបន់​ទេសភាព​វាល​ទំនាប​ខាង​ជើង ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ។

មន្រ្តីនៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ទីរ​មាន​មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន​ចំនួន ៩៤​នាក់ ប៉ុន្តែ​ត្រូវ​ទទួល​ភារៈកិច្ច​ល្បាត​តំបន់​អភិរក្ស​ប្រមាណ​ជា ១​លាន​ហិកតានា​ពេល​បច្ចុប្ប​នេះ។ 

ទំហំ​ព្រៃឈើ​ដែល​ត្រូវ​ដើរល្បាត និង​ចំនួន​មន្រ្តី​ឧទ្យានុរក្ស​ដែល​មាន​គឺ​មិន​សូវ​មាន​តុល្យាភាព​នឹង​គ្នា។ ហេតុ​នេះ​ការ​ចុះ​ល្បាត​ទប់​ស្កាត់​បទល្មើស​មាន​ការ​ឆកល្វែង​ខ្លះ ដោយសារ​តែ​កន្លែង​ខ្លះ ក្រុម​ល្បាត​មិន​អាច​ធ្វើដំណើរ​ទៅ​ដល់​នោះ​ទេ ពិសេស​គឺ​នៅ​ក្នុង​រដូវវស្សា។

ឧន្យានុរក្សដើរល្បាតក្នុងដែន​​ជម្រក​សត្វព្រៃ​កែវសីមានាពេលកន្លងមក។ គម្រោងរេដបូក កែវសីមា I Keo Seima REDD+

USAID អភិរក្ស ក៏​បាន​ចែក​រំលែក​បទពិសោធន៍ និង​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅនៃ​ការ​គាំទ្រ​រយៈពេល ១២ឆ្នាំ របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ចំពោះ​គម្រោង​រេដបូក​នៅ​កម្ពុជា ជាមួយ​ភាគី​និង​ភាគី​ពាក់​ព័ន្ធ​មក​ពី​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ផង​ដែរ។

ការ​ចែក​រំលែក​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ទីក្រុង ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​កិច្ច​ពិភាក្សា​តុមូល និង​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ទីផ្សារ​កាបូន​អាស៊ាន ដែល​រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង ហ្សាកាតា និង​បេសកកម្ម​សហរដ្ឋអាមេរិក​ចំពោះ​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ​នេះ។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ និង ស្ថានភាព​ទូទៅ​របស់​គម្រោង​រេដបូក​នៅ​ទូទាំង​ពិភព​លោក គឺជា​ចំណុច​ចម្បង​នៅ​ក្នុង​ការ​សិក្សា​នេះ។ សេចក្តី​សន្និដ្ឋាន​សំខាន់​នៃ​ការ​សិក្សា​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ភាពធន់ សាមគ្គីភាព និង​បរិយាបន្ន នៃ​គម្រោង​រេដបូក ដែល​គាំទ្រ​ដោយ USAID កម្ពុជា។ 

USAID អភិរក្ស​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍន៍​គម្រោង​រេដបូក​ប្រកប​ដោយ​ការ​ចូលរួម​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​នូវ​ទំនុកចិត្ត​របស់​រដ្ឋាភិបាល អ្នក​វិនិយោគ និង​សង្គម​ស៊ីវិល ចំពោះ​តួនាទី​វិជ្ជមាន ដែល​គម្រោង​រេដបូក​អាច​ជួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ក្នុង​ស្រុក និង​ការ​អភិរក្ស​ជីវៈចម្រុះ៕