ចាប់ពីថ្ងៃទី២ ខែសីហាតទៅ ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដូចជា Facebook, Youtube, Tiktok ជាដើមដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួននៅរមណីយដ្ឋានអង្គរមិនចាំបាច់ត្រូវបង់ប្រាក់ ឬដាក់ពាក្យស្នើសុំឡើយ។
ប៉ុន្តែ រាល់ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុងនិងក្រៅប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយ តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់។ នេះបើតាមការជូនដំណឹងរបស់អាជ្ញាធរអប្សរាក្នុងលិខិតចុះថ្ងៃទី២ ខែសីហាម្សិលមិញ។
ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ឬសម្លៀកបំពាក់ប្រពៃណីជាតិ ឬអន្តរជាតិសម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនមិនតម្រូវឲ្យសុំច្បាប់ ឬត្រូវបង់ប្រាក់ទេ។
ប៉ុន្តែ ការតម្រូវឲ្យស្នើសុំ និងបង់ប្រាក់ត្រូវបានអនុវត្តចំពោះរាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម ដូចជាការថតភាពយន្តខ្នាតធំ ឬតូចគ្រប់ប្រភេទ ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ស្ប៉ត់ពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម និងការថតវីដេអូ និងរូបភាពសន្លឹកដោយឧបករណ៍ដ្រូន។
អាជ្ញាធរអះអាងថា ការកែសម្រួលនេះធ្វើឡើងក្នុងបំណងបង្កភាពងាយស្រួលជូនដល់សាធារណជនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់។
អាជ្ញាធរក៏បានភ្ជាប់នូវតារាងដែលនិយាយពីលក្ខខណ្ឌលម្អិតសម្រាប់ថតតាមប្រភេទនីមួយៗផងដែរ ដូចជាលិខិតអនុញ្ញាតពីក្រសួងវប្បធម៌សម្រាប់ការថតភាពយន្តខ្នាតតូចនិងធំ តម្លៃចន្លោះពី ៣០ ទៅ ៤៥០០ដុល្លារក្នុងមួយថ្ងៃ៕