លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា គ្មានចំណុចណាមួយនៅក្នុងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលនឹងអនុញ្ញាតឲ្យមានលំហូរដោយសេរីនៃពលរដ្ឋពីប្រទេសវៀតណាមឬឡាវដោយមិនចាំបាច់មានទិដ្ឋាការនោះទេ ហើយក៏គ្មានចំណុចដែលនិយាយអំពីរឿងព្រំដែនដែរ។
ក្នុងពិធីសំណេះសំណាល និងពិសារភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោកថ្លែងថា៖ «ចេញចូលត្រូវសុំទិដ្ឋាការ គឺអនុវត្តដូចកន្លែងផ្សេងៗដូចគ្នា។ អីចឹងខ្លាចគេចូលមកនៅដោយសេរី រាប់ពាន់រាប់ម៉ឺន រាប់លាននាក់គឺអត់មានទេ។ យើងមានប្រជាជនតិចមែន ហើយគេមានប្រជាជនច្រើនមែន ប៉ុន្តែយើងមានរបាំងច្បាប់ និងអធិបតេយ្យដែលមិនឲ្យហូរមកដោយសេរី»។
CLV-DTA គឺជាកិច្ចព្រមព្រៀងរវាងប្រទេសទាំងបី ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់កន្ទុយនាគមានខេត្ត ៤ របស់កម្ពុជា ខេត្តចំនួន ៤ របស់ឡាវ និងខេត្ត ៥ របស់វៀតណាម។ ប៉ុន្តែ កិច្ចព្រមព្រៀងដែលត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ ២០០២ បង្កឲ្យមានក្ដីបារម្ភភ័យខ្លាចបាត់បង់ទឹកដីពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងចំណោមកិច្ចព្រមព្រៀងទាំងអស់ មិនមានចំណុចណាមួយចែងអំពីការចេញចូលដោយសេរី ឬនិយាយអំពីព្រំដែន ឬ ការកាត់ដី ឬដោះដូរដីគ្នានោះទេ។ ប្រសិនបើរដ្ឋាភិបាលកាត់ដីឲ្យទៅប្រទេសជិតខាងមែននោះ រដ្ឋាភិបាលមិនចាំបាច់ព្យាយាមបោះបង្គោលព្រំដែននោះទេ ដែលមកទល់ពេលនេះសម្រេចបានរាប់រយដើមរួចហើយ។
លោកថ្លែងថា៖ «បង្គោលរាប់រយដែលបានបោះនេះបញ្ជាក់ពីសុច្ឆន្ទៈរបស់យើងច្បាស់ណាស់ថា ព្រំដែនប្រទេសរបស់យើងនៅទីណា។ មិនមែនដូចគេគិតថា ចង់លើកខេត្តនេះទៅឲ្យប្រទេសជិតខាងនោះទេ។ សុំបញ្ជាក់ឲ្យច្បាស់ ហើយបងប្អូនជឿទុកចិត្តចុះ យើងធ្វើនេះដើម្បីអនាគតវែងឆ្ងាយ គឺការកំណត់ព្រំដែនរបស់យើងដើម្បីយើងស្រួលការពារដីរបស់យើងនៅកន្លែងណា»។
លោកថា ការទុកតំបន់នោះមិនឲ្យមានការអភិវឌ្ឍទៅវិញទេដែលអាចជាឱកាសឲ្យប្រទេសជិតខាងចូលមកយកដីនៅទីនោះនៅថ្ងៃក្រោយ។ គោលការណ៍របស់រដ្ឋាភិបាលគឺអភិវឌ្ឍព្រំដែន តាមរយៈការបង្កើតមូលដ្ឋានប្រជាពលរដ្ឋដែលជាបង្អែករឹងមាំសម្រាប់ជួយការពារព្រំដែន។
ដោយលើកឡើងពីការរីកចម្រើននៅតាមព្រំដែន ដូចជាផ្លូវ ការបោះបង្គោលព្រំដែន ការផ្ដល់ផ្ទះនិងដីសម្រាប់អតីតយុទ្ធជន និងកំណើនប្រជាជននៅក្នុងខេត្តទាំង៤ លោកនាយករដ្ឋមន្ត្រីថ្លែងថា ទាំងនេះអាចបង្ហាញបានថា គ្មានចំណុចណាមួយដែលថាកម្ពុជាត្រៀមផ្ដល់ដីឲ្យទៅវៀតណាមនោះទេ។
លោកថា៖ «ផ្ទុយទៅវិញ យើងបានការពារបន្ទាយយើងកាន់តែរឹងមាំ បង្កើនទ័ព (ប្រជាជន) របស់យើងនៅទីនេះដើម្បីត្រៀមនឹងការពារនិងកសាងប្រទេសយើងឲ្យបានក្នុងរយៈពេលវែង។ បួនខេត្តរបស់យើងគឺបង្កើតទំនាក់ទំនង បង្កើនសេដ្ឋកិច្ចសម្រាប់ភ្ជាប់ក្នុងប្រទេសរបស់យើង។ យើងសហការជាមួយប្រទេសជិតខាង ប៉ុន្តែ មិនមែនបានន័យថា យើងនឹងឲ្យកន្លែងនេះទៅនៅក្រោមអ្នកណា ឬកាត់ឲ្យអ្នកណានោះទេ»។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែសីហានេះ ក៏បានបញ្ចេញឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំ CLV-DTA និងកិច្ចព្រមព្រៀងនានា ព្រមទាំងបានសង្ខេបអំពីកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធទាំងនោះផងដែរ៕