ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្នើឱ្យ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ «ជនរឹងរូស» ដែល​បន្ត​រំលោភ​បំពាន​ស្ទឹង​​ព្រែក​ត្នោត ហើយ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ចូល​កាន់​កាប់​រួច​មក​ហើយ​នោះ​ធ្វើការ​រុះរើ​សំណង់​ចេញ​ដោយ​ស្ម័គ្រចិត្ត។

សំណើរ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​ក្រសួង​បាន​សង្កេត​ឃើញ​ថា នា​ពេល​ថ្មីៗ​នេះ មាន​ក្រុម​ជន​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​រំលោភ​បំពាន​តាម​បណ្តោយ​ដង​ស្ទឹងព្រែក​ត្នោត​ដូចជា ការ​ចាក់​ដី​រំលោភ​ចូល​ស្ទឹងព្រែកត្នោត ការ​រំលោភ​កាន់​កាប់​មាត់​ច្រាំង​ស្ទឹងព្រែក​ត្នោត និង​ការ​រំលោភ​ចូល​ដី​ចំណី​ស្ទឹង​ព្រែកត្នោត ដែល​មាន​ចម្ងាយ ៣០​ម៉ែត្រ​ពី​មាត់​ច្រាំង​ស្ទឹង​ជាដើម។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ចុះ​ថ្ងៃ​ទី២៩ ខែ​សីហា បាន​ស្នើដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ «ជា​ពិសេស​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ទប់ស្កាត់ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ជន​រឹងរូស ដែល​ពុំ​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ហើយ​នៅតែ​បន្ត​សកម្មភាព​រំលោភ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​តាម​បណ្តោយ​ដង​ស្ទឹងព្រែកត្នោត»។

ក្រសួង​បាន​លើក​ឡើង​ថា ដងស្ទឹងព្រែក​ត្នោត រួម​ទាំង​មាត់ច្រាំង ស្ទឹង និង​ដី​ចំណី​ស្ទឹង​ចម្ងាយ ៣០​ម៉ែត្រ ពី​មាត់​ច្រាំង​ស្ទឹង គឺជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ការពារ​ដោយ រដ្ឋ​ធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។ ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​ទ្រព្យ​សម្បត្តិ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ហើយ​បុគ្គល​មិន​អាច​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ឡើយ ទោះបីជា​ខ្លួន​បាន​ចូល​កាន់​កាប់​តាំង​ពី​ពេល​ណា​មក​ក៏​ដោយ (ពុំមាន​អាជ្ញាយុកាល)។

មាត្រា៨១ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិរដ្ឋ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​​រាជក្រម ចុះថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ចែង​ថា៖ «រាល់​អំពើ​រំលោភ​កាន់​កាប់​ទ្រព្យ​សម្បត្តិរដ្ឋ ជា​អចលនទ្រព្យ​ដោយ​ខុស​ច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី ៤​លាន​រៀល ដល់ ១០​លានរៀល។

ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន ឱ្យ​ចូលរួម​ថែរក្សា​ការពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ជាពិសេស​ដង​ស្ទឹង​ព្រែកត្នោត មាត់​ច្រាំង​ស្ទឹង និង​ដី​ចំណី​ស្ទឹង​ចម្ងាយ ៣០​ម៉ែត្រ​ពី​មាត់​ច្រាំងស្ទឹង ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​បម្រើ​ដល់​ជីវិត​មនុស្ស សត្វ និងរុក្ខជាតិ។ 

ក្រៅពីនោះ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​បាន​ចូល​កាន់​កាប់​មាត់​ច្រាំង​ស្ទឹងព្រែកត្នោត និង​ដី​ចំណី​ស្ទឹងព្រែក​ត្នោត​ចម្ងាយ ៣០​ម៉ែត្រ ពី​មាត់​ច្រាំងស្ទឹង ដោយ​ពុំបាន​ដឹង​អំពី​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​នេះ «សហការ​រុះរើ​សំណង់ និង​ដក​ចេញ​ដោយ​ស្ម័គ្រចិត្ត» ដើម្បី​ចូលរួម​អនុវត្ត​គម្រោង​រំដោះ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត។ 

លោក គង់ ឈុនលី នាយករដ្ឋបាល​ស្តីទី​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា អាជ្ញាធរ​ខេត្ត​នឹង​ចាត់​ចែង​ដោះ​ស្រាយ​បញ្ហា​នេះ ​ទៅ​តាម​សំណើរ​របស់​ក្រសួង​ធនធានទឹក។

លោក ជី ស៊ីវុត្ថា នាយក​រដ្ឋបាល​ខេត្ត​កណ្តាល និង​លោក ចាប វន្នី ប្រធាន​មន្ទីរព័ត៌មាន​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​​រដ្ឋ​បាល​ខេត្ត​កណ្តាល​ផង​នោះ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ករណី​នេះ​នៅ​ឡើយ​ទេ។ 

លោក ឌឹម បូរ៉ា អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កណ្តាល​ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ផងដែរ។

អនុរដ្ឋ​លេខាធិការ​ក្រសួង​ធនធានទឹក លោក អ៊ុក វុទ្ធី បាន​ដឹកនាំ​ក្រុម​ការងារ​ដែល​រួម​មាន​ទាំង​មេធាវី​ផង​នោះ​ ចុះ​ពិនិត្យ​​ទីតាំង​ដី​ចំណី​ស្ទឹង​ព្រែកត្នោត​ ដែល​រងការ​រំលោភ​បំពាន ក្នុង​ភូមិសាស្ត្រ​ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល​ និង​ខណ្ឌ​កំបូល​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​២៦ ខែ​មិថុនា​កន្លងមក។

លោក​អនុរដ្ឋលេខាធិការ​បាន​ពិនិត្យ​សង្កេត និង​ស្រាវជ្រាវ ប្រវត្តិ​នៃ​ការ​សាងសង់​លំនៅឋាន និង​បោះ​បង្គោល​ព្រំ​ចាប់​យកដី នៅលើ​ដី​ចំណី​ស្ទឹង​ព្រែកត្នោត ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ លើស​ពី​នោះ​ក៏​បាន វាយ​កម្ទេច​សំណង់​របង​ឥដ្ឋ​ខុស​ច្បាប់​ ដែល​សង់​ហ៊ុមព័ទ្ធ​យក​ដី​ចំណី​ស្ទឹង​ព្រែកត្នោត ដែល​ជា​ដី​សាធារណ:​របស់​រដ្ឋ និង​ដែល​ត្រូវ​រក្សា​ទុក​ជា​ប្រយោជន៍​សាធារណ:​ផងដែរ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក។

ប្រព័ន្ធ​រំដោះ​ទឹក​ស្ទឹងព្រែកត្នោត ដែល​មាន​ប្រវែង ២៦០​គីឡូម៉ែត្រ កំពុង​តែ​ត្រូវ​បាន​សាងសង់ ដើម្បី​បញ្ជៀស​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ដែល​ទឹក​ហូរ​ធ្លាក់​មក​ពី​ភ្នំឱរ៉ាល់ ក្នុង​ខេត្តកំពង់ស្ពឺ៕