ពលរដ្ឋ​នៅ​ក្រុង​អរិយក្សត្រ​ខេត្ត​កណ្ដាល បង្ហាញ​ក្ដី​រីករាយ​ដែល​ទទួល​បាន​ដំណឹង​ថា ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។ អ្នកវិភាគ​សេដ្ឋកិច្ច​ថ្លែង​ថា ស្ពាន​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ជាពិសេស​បង្រួម​ការ​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​កាត់​តែ​តូច។

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៩​ខែ​សីហា​ថា ស្ពាន​ដែល​ពលរដ្ឋ​នៅ​ត្រើយ​ខាង​កើត​ទីក្រុង​ភ្នំពេញ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ នឹង​ត្រូវ​បើក​ការដ្ឋាន​សាង​សង់​នៅ​រង្វង់​ខែ​មិថុនា​ឆ្នាំ​ក្រោយ ដោយ​ប្រើ​ប្រាស់​រយៈ​ពេល​សាងសង់​ ៦០ ខែ ក្នុង​ទឹកប្រាក់​ ២៣៥​លាន​ដុល្លារ​ដែល​ជា​កម្ចី​របស់​ធនាគារ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង។

ស្ពាន​នេះ​ចេញ​ពី​ម្ដុំ​ផ្សារ​រាត្រី​ក្នុង​ខណ្ឌ​ដូនពេញ​ទៅ​កាន់​ក្រុង​អរិយក្សត្រ​ខេត្ត​កណ្ដាល មាន​ប្រវែង​សរុប ២៣៧៥​ម៉ែត្រ ទទឹង​២៧,៥​ម៉ែត្រ។

លោក កែវ ដួង ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​អរិយក្សត្រ​បង្ហាញ​ក្ដី​រីករាយ​នៅ​ពេល​ដែល​ព័ត៌មាន​ច្បាស់​ការ​អំពី​ការ​សាង​សង់​ស្ពាន​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​កា ដែល​ព័ត៌មាន​នេះ​លោក​និង​ពលរដ្ឋ​ក្នុង​ក្រុង​នេះ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។

លោក​ថ្លែង​ថា៖ «ដោយសារ​ខ្ញុំ​ជា​អ្នក​រស់​នៅ​ក្រុង​អរិយក្សត្រ ដំណឹង​នេះ​ជា​ដំណឹង​មួយ​គួរ​ឲ្យ​រំភើប​ដែរ​ដោយសារ​ព័ត៌មាន​ចុងក្រោយ​នេះ​មាន​ភាព​ជាក់​លាក់​ ទាំង​ប្រភព​ថវិកា និង​ការ​រៀបចំ​ច្បាស់​លាស់ នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​រីករាយ។ ខ្ញុំ​គិត​ថា អ្នក​រស់​នៅ​ក្រុង​អរិយក្សត្រ​ក៏​មាន​អារម្មណ៍​មិន​ខុស​គ្នា​ដែរ»។

លោក​បន្ត​ថា៖ «បច្ចុប្បន្ន​នេះ​អ្នក​រស់​នៅ​ក្រុង​អរិយក្សត្រ​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​មក​ដល់​កន្លែង​រង់ចាំ​សាឡាង​មិន​ច្រើន​ទេ តែ​ការ​រង់​ចាំ​សាឡាង​និង​ជិះ​លើ​សាឡាង​ ត្រូវ​ការ​ចំណាយ​ពេល​ច្រើន។ ចំពោះ​រឿង​សុវត្ថិភាព ប្រាកដ​ណាស់​នៅ​ពេល​មាន​ស្ពាន​យើង​អាច​មក​ធ្វើការ​នៅ​ភ្នំពេញ​ ឬ​នាំ​កូន​ចូល​មក​រៀន​នៅ​សាលា​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​សុវត្ថិភាព មិន​បារម្ភ​ដូច​ការ​ជិះ​សាឡាង​ពេល​មាន​ភ្លៀង​ឬ​ខ្យល់»។

លោក​រំពឹង​ថា សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្រុង​អរិយក្សត្រ​នឹង​មាន​ភាព​រីក​ចម្រើន ហើយ​ពលរដ្ឋ​នឹង​ចូល​ទៅ​រស់​នៅ​ទីនោះ​កាន់តែ​ច្រើន។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ស្ពាន​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា ពោល​គឺ​បង្រួម​ការ​ធ្វើ​ដំណើរ​ទៅ​និង​មក​ទីក្រុង​ភ្នំពេញ​កាន់​តែ​តូច។

លោក​ថា អចលន​ទ្រព្យ​នៅ​តំបន់​អរិយក្សត្រ​នឹង​មាន​ឡើង​ថ្លៃ សូម្បី​តែ​ពេល​កន្លង​ទៅ​គ្រាន់​តែ​ឮ​ថា​គម្រោង​ធ្វើ​ស្ពាន​ បាន​ហក់​ឡើង​រួច​ទៅ​ហើយ។ លោក​រំពឹង​ថា ស្ពាន​នេះ​នឹង​ជួយ​ឲ្យ​មាន​កំណើន​ខុនដូរ សណ្ឋាគារ ភោជនីយដ្ឋាន​ និង​ទីតាំង​ពាណិជ្ជកម្ម ជា​ច្រើន ប​

លោក​ថា៖ «សកម្មភាព​ទាំង​អស់​នេះ​ហើយ​ដែល​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​សង្គម​មួយ​ផ្នែក​ធំ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ធន់​មួយ​កម្រិត​ថែម​ទៀត»៕