ភ្នំពេញៈ សាច់​បង្កក​ចម្រុះ​ជាង ៦​តោន​ត្រូវ​បាន​មន្រ្តី​ជំនាញ​ធ្វើការ​បង្ក្រាប និង ដកហូត​យក​ទៅ​កម្ទេច​ចោល បន្ទាប់​ពី​ត្រូវ​​បាន​លួច​លាក់​នាំ​ចូល​កម្ពុជា ពី​ប្រទេស​ចំនួន​៣ ដោយ​បំពាន​ទៅ​នឹង​បម្រាម​រយៈពេល ៦ខែ​របស់​រាជរដ្ឋាភិបាល។

អង្គភាព​គយ និង​រដ្ឋាករ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ធ្វើ​ការ​បង្ក្រាប​និង ដក​ហូត​យក​ទៅ​ដុត​កម្ទេច​ចោល នូវ​ទំនិញ​ហាម​ឃាត់​នាំ​ចូល ដែល​ជា​បំណែក​សាច់មាន់ និង សាច់​ទា​បង្កក​ចំនួន​៣ ករណី ស្មើរ​នឹង ៤ ២៣៩ គីឡូក្រាម ចាប់​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែ​សីហា​នេះ។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ទី៣០ សីហានេះ។ 

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ចុងស្លាបមាន់ និង គ្រឿង​ក្នុង​មាន់​បង្កក ២៣៩ គីឡូក្រាម ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ការិយាល័យ​គយ​និង​រដ្ឋាករ​ដូង នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង ដោយ​សហការ​ជាមួយ​មន្ត្រី​នគរបាល​នៅ​ពេល​ដែល​ឈ្មួញ​លួច​លាក់​បង្កប់​ក្នុង​ទំនិញ​ដទៃ ដើម្បី​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ផែ​ស្ងួត​ដូង។

ក្រៅពីនោះ ជើងទា​បង្កក​ចំនួន ១ ៦០០ គីឡូក្រាម ​ក៏​ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៥ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស ដោយ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ និង​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ពេល​ឈ្មួញ​លួច​លាក់​ដឹក​ជញ្ជូន​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេសថៃ តាម​ច្រក​របៀង​ក្នុង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

ចំពោះ​ករណី​ចុង​ក្រោយ រួម​មាន​ចុង​ស្លាប​មាន់​បង្កក​ចំនួន ២ ៤០០ គីឡូក្រាម ដែល​ត្រូវ​បាន​បង្ក្រាប​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​ផងដែរ ដោយ​កម្លាំង​នគរបាល​ដដែល​នេះ​ នៅ​ពេល​ឈ្មួញ​លួច​លាក់​ដឹក​ជញ្ជូន​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​របៀង​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

ដោយឡែក បំណែក​សាច់​បង្កក​ចម្រុះ​ចំនួន ២ ០៥០ គីឡូក្រាម​ផ្សេង​ទៀត​ត្រូវ​បាន​មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) និង​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ដក​ហូត និង​ដុត​កម្ទេច។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នា​ថ្ងៃទី​១៧ ខែ​សីហា។

សាច់​ទំាង​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ និង​ដក​ហូត​ពី​ឃ្លាំង​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​សរុប​មាន​ចំនួន ២០៥​កេស។ ក្នុង​នោះ​រួមមាន គូទមាន់ ផលិត​នៅ​ប្រទេស​ថៃ, ចុងស្លាប​មាន់​បង្កក ផលិត​នៅ​ប្រទេស​ថៃ, កោះ​មាន់ ផលិត​នៅ​ប្រទេស​ប្រេស៊ីល, ឆ្អឹងមាន់ ផលិត​នៅ​ប្រទេស​ថៃ និង​ស្លឹក​ត្រចៀក​ជ្រូក ផលិត​នៅ​ប្រទេស​ហូឡង់​ផងដែរ។

ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានហាម​ឃាត់​ការ​នាំចូល​ជា​បណ្តោះអាសន្ន នូវ​គ្រឿង​ក្នុង និង​បំណែក​សាច់​បង្កក​រយៈពេល ៦ខែ ចាប់​ពី​ថ្ងៃទី​១២ ខែ​មីនា រហូត​ដល់​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤នេះ៕