ភ្នំពេញ៖ ការ​សម្លាប់​មន្ដ្រី​នគរបាល​ពីរនាក់​ក្នុង​រយៈពេល ៣ ថ្ងៃ​ចុងក្រោយ​នេះ ជា​ករណី​ដ៏​កម្រ​បំផុត​ ដែល​បាន​កើត​ឡើង​ចៀស​មិន​ផុត និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រប់​គ្រង​បាន។

វីដេអូឃ្លីប​ឃាតកម្ម​ដ៏​រន្ធត់​មួយ​ត្រូវ​បាន​ចែកចាយ​ជា​បន្ដបន្ទាប់​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ពី​ការ​ចាក់​សម្លាប់​របស់​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅលើ​មន្ដ្រី​នរគបាល​ ហើយ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​នៅ​កន្លែង​វិញ​ផងដែរ។ 

លោក សៅ រក្សា ត្រូវ​បាន​ជន​ល្មើស​ចាក់​​ស្លាប់​នៅ​កន្លែង​នាថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០២៤ វេលា​ប្រមាណ​ម៉ោង ៤ រសៀល​។

ការ​ស្លាប់​របស់​អនុសេនីយ៍ត្រី សៅ រក្សា មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​ករណី​ទីពីរ​ដែល​នរគបាល​កម្ពុជា​ត្រូវ​បាន​សម្លាប់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែសីហា​នេះ។

កាលពី​ម៉ោង ១០​យប់ ថ្ងៃ​ទី​២៧ ខែ​សីហា​កន្លងទៅ មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់ និង ជន​បរទេស​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់​ពី​រថយន្ត​របស់​ពួកគេ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត បើក​បុក និង​ធ្វើ​ការ​បាញ់​ប្រហារ។

ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ធ្វើ​ឱ្យ​មន្ត្រី​នគរបាលគង់ វុទ្ធី អាយុ ៣៦ឆ្នាំ បម្រើការ​នៅ​អង្គភាព​អន្តរាគមន៍​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បាត់បង់​ជីវិត។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​ចេញ​សារលិខិត​រំលែក​មរណៈទុក្ខ​ដល់​គ្រួសារ​សព​ជា​មន្ដ្រីនគរបាល​​ឋានៈ អនុសេនីយ៍ត្រី សៅ រក្សា ដែល​បាន​ពលី​ជីវិត​ក្នុង​ពេល​បំពេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ហិង្សា។

លោក​នាយករដ្ឋមន្ដ្រី បាន​សរសេរ​ថា៖ «​ក្នុង​វេលា​ប្រកប​ដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ និង​ភរិយា សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោក និង លោកស្រី ព្រមទាំង​ក្រុមគ្រួសារ ក៏ដូចជា​ថ្នាក់ដឹកនាំ មន្ត្រី​នគរបាលជាតិ​ទាំងអស់ និង​សូម​សម្តែង​សេចក្តី​សង្វេគ ប្រកប​ដោយ​អនិច្ចលក្ខណ​ធម៌​យ៉ាង​ជ្រាលជ្រៅ ព្រោះ​ការបាត់បង់......»។

នៅព្រឹក​ថ្ងៃទី ៣០ នេះ លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ដឹកនាំ​ប្រតិភូ​ទៅ​គោរព​វិញ្ញាណក្ខន្ធសព​របស់​មន្ដ្រី​នគរបាល​ដោយ​ផ្ទាល់។

លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ដឹកនាំ​ប្រតិភូ​ទៅ​គោរព​វិញ្ញាណក្ខន្ធសព​របស់​មន្ដ្រី​នគរបាល​ដោយ​ផ្ទាល់នៅព្រឹក​ថ្ងៃទី ៣០ នេះ ។ រូបថត ក្រសួងមហាផ្ទៃ

លោក ទូច សុឃៈ (សុខៈ) អ្នក​នាំពាក្យ​រង​ក្រសួង​មហារផ្ទៃ បាន​ឱ្យ​ដឹង​ថា ចំពោះ​ករណី​កើត​ឡើង​នេះ លោក​សម្ដែងការ​សោកស្ដែង​ ដែល​គ្មាន​នរណា​ចង់​ឱ្យ​កើត​មាន​នោះទេ តែ​វាជា​ធម្មជាតិ​របស់​មនុស្ស និង​សង្គម​តែងតែ​កើត​មាន​ចៀសមិនផុត។ 

លោក​បាន​និយាយ​ថា៖ «ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ វា​មិន​កើត​ដោយ​អណាធិបតេយ្យ និង​ស្ថិត​ក្នុង​ស្ថានការណ៍​អាច​គ្រប់​គ្រង​បាន។ ករណី​បែប​នេះ វាមិន​មាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះទេ​ តែ​ក៏​មិនមែន​ព្រងើយ​កណ្ដើយ​នោះទេ»។ 

លោក​ សុឃៈ បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​នគរបាល​តាម​រយៈ​ការ​ប្រឡង និង​បន្ដ​ទៅ​សិក្សា​វគ្គ​វិជ្ជាជីវៈ​រយៈពេល ៣-៤ខែ​នៅ​តាម​ភូមិភាគ​ក្រោម​ដំបូល​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «ការ​ថ្លោះធ្លោយ​ប្រកាស​ណា​នោះ វាមាន​កត្ដា​រួម​ផ្សំ​ច្រើន ដែល​មិន​អាច​វាយ​តម្លៃ​មួយ​ជ្រុង​ណាមួយ​នោះទេ​។ បុគ្គល​ខ្លះ​ឆាប់​ស្លុតភ័យ​ខ្លាច បុគ្គលខ្លះ​មាន​ក្រម [សីលធម៌] ដោយ​មិន​ហ៊ាន​ធ្វើ​អ្វី​លើ​គេ​មុន ដូច​ករណី​មន្ដ្រី​នគរបាល​រូប​នេះ​មិនបាញ់​លើ​ជនសង្ស័យ​បែក​ថ្នាំ​នោះ​ទេ ទោះបីជាមាន​កាំភ្លើង​ក្នុង​ដៃក៏ដោយ​»។ 

លោក សុឃៈ យល់ថា វា​មក​ពី​ព្រហ្មវិហារធម៌​របស់​សាម៉ី​ខ្លួន​ដែល​មិន​ចង់​ប៉ះពាល់​គេ ហើយ​មន្ដ្រី​នគរបាល​យល់​ឃើញ​ថា ជន​បែក​ថ្នាំ​នោះ​បាត់បង់​សតិ មិន​អាច​គ្រប់​គ្រង​សតិ​ ដែល​មិន​ដល់​ថ្នាក់​ប្រព្រឹត្ដិ​បទឧក្រិដ្ឋ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក សុឃៈ បញ្ជាក់​ថា ក្នុង​នាម​កង​កម្លាង​នគរបាល​តែងតែ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ការ​បង្ក្រាប​បទល្មើស​ ការ​បង្ការ ការ​អន្ដរាគមន៍ កិច្ចការពារ​ជាដើម​ដើម្បី​សុវត្ថិភាព​ខ្លួន ពលរដ្ឋ និង​សង្គម​ទាំង​មូល​។ 

ដោយសារ​តែ​វាជា​ករណីកម្រ​ លោក សុឃៈ បាន​ឱ្យ​ដឹង​ថា ករណីនេះ​មិន​ត្រូវ​បាន​កត់​ត្រា​ថា តើ​មន្ដ្រី​សមត្ថកិច្ច​ទទួល​រង​គ្រោះ​ប៉ុន្មាន​នោះ​ទេ ដោយ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នឹង​យល់​អំពី​បញ្ហា​របស់​មន្ដ្រី​សមត្ថកិច្ច​ដែល​ប្រឈម​នឹង​ចុង​កាំបិត ចុង​អាវុធ​ពី​សំណាក់​ជនសង្ស័យ និង​ជន​ល្មើស​គ្រប់​ពេល​គ្រប់​វេលា។ 

ករណី​ស្រដៀង​នេះ​ដែរ កាល​ពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ មន្ដ្រី​នគរបាល​ដែល​យាម​នៅ​ធនាគារ​មួយ​ក្រោម​ស្ពានអាកាស​ផ្សារ​ដីហុយ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ បាន​បាញ់​ជនបែកថ្នាំ​កាន់​កាំបិត​ដេញ​ចាក់​ខ្លួន បណ្ដាល​ឲ្យស្លាប់។

នៅថ្ងៃ​ទី០៨ ខែ​មេសា ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។ ប៉ុន្ដែ​ដោយ​មាន​ប្រតិកម្ម​និង​ការ​ការពារ​ក្ដី​ពី​សំណាក់​មេធាវី​រហូត​ដល់ ៩ រូប សន្ដិសុខ ភឿន ភិរៈ ត្រូវ​បាន​ដោះលែង និង​ថែម​ទាំង​ទទួល​បាន​ជំនួយ​ជា​ថវិកា​ពី​លោកស្រី ប៊ុន រ៉ានី ហ៊ុន​សែន​ ទាំង​ទៀត៕