មន្ត្រី​រាជរដ្ឋាភិបាល​បាន​ចុះ​ទៅ​មើល​ទីតាំង​នៅ​តាម​ព្រំដែន​ និង​បាន​រៀបចំ​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម​ដំណើរ​កម្សាន្ត​ ដែល​នឹង​ត្រូវ​ប្រកាស​នា​ពេល​ឆាប់​នេះ។​ អ្នក​វិភាគ​ស្នើ​ឲ្យ​មាន​ការ​ពន្យល់​ដល់​អ្នក​ចូល​រួម​​ក្នុង​វិធី​មួយ​ដែល​ងាយ​យល់​ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​នេះ​មាន​សារៈ​សំខាន់។

លោក ប៉ែន បូណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ និង​​ក្រុម​ការងារ​មក​ពី​ក្រសួង​ព័ត៌មាន និង​អាជ្ញាធរ​ជាតិ​កិច្ច​ការ​ព្រំដែន នៅ​ថ្ងៃ​សុក្រ​ទី៣០​នេះ បាន​ចុះ​ទៅ​តំបន់​ព្រំដែន​មុន​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រជា​ពលរដ្ឋ​ទៅ​តំបន់​ភូមិភាគ​ឦសាន ជាប់​ជាមួយ​ឡាវ និង​វៀតណាម ឬ​ខេត្ត​នៃ​គម្រោង CLV-DTA។ 

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ចុង​សប្ដាហ៍​នេះ ឬ​យ៉ាង​យូរ​ដើម​សប្ដាហ៍​ក្រោយ រាជរដ្ឋាភិបាល​នឹង​ប្រកាស​ពី​របៀប​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ដំណើរ​កម្សាន្ត​នេះ ដែល​អាច​ធ្វើ​ឡើង​តាម​រយៈ QR code។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​សម្រេច​ឲ្យ​ក្រសួង​ព័ត៌មាន​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ដោយ​រដ្ឋាភិបាល​នឹង​រៀបចំ​ការ​មធ្យោបាយ​ធ្វើដំណើរ និង​អាហារ​សម្រាប់​អ្នក​ចូលរួម ដែល​នឹង​ប្រព្រឹត្ត​ទៅ​រៀងរាល់​ចុង​សប្ដាហ៍​ចាប់​ពី​សប្ដាហ៍​ក្រោយ​ រហូត​ដល់​ដាច់​ឆ្នាំ​២០២៤។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ដំណើរ​កម្សាន្ត​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នក​ចូលរួម​ជាពិសេស​យុវជន​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ពាក់​ព័ន្ធ​នឹង​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​សកម្មភាព​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​សកម្មភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​នោះ។ 

លើស​ពី​នេះ​ទៀត ដំណើរ​កម្សាន្ត​នេះ​ក៏​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ការពិត​អំពី​ការ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​របស់​ខ្លួន និង​ដើម្បី​ឲ្យ​ពួក​គេ​បាន​រីក​រាយ​ និង​បាន​ឃើញ​ពី​សក្ដានុពល​នៃ​តំបន់​នោះ​សម្រាប់​វិស័យ​ទេសចរណ៍ ក៏​ដូចជា​ភាព​រីក​ចម្រើន​នៅ​តាម​សហគមន៍។

លោក​បន្ត​ថា៖ «មួយ​ទៀត ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចូលរួម​លើក​ទឹកចិត្ត​បំផុស​​មនសិការ​ស្នេហា​ស្រឡាញ់​ទឹកដី ភូមិឋាន ស្រឡាញ់​ប្រទេស​កម្ពុជា ជា​ពិសេស​ឲ្យ​យុវជន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ជាតិ​ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​រៀង​ដរាប និង​ចូលរួម​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព»។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ដំណើរ​កម្សាន្ត​នេះ​ជា​ការ​ល្អ​ហើយ ព្រោះ​សកម្មភាព​បែប​នេះ​ប្រទេស​ជិត​ខាង​ក៏​គេ​បាន​ធ្វើ​យូរ​ហើយ​ដែរ។ យ៉ាង​ណា​ក៏ដោយ​លោក​ថា ដំណើរ​កម្សាន្ត​នេះ​ត្រូវការ​ការ​បង្ហាញ​ពី​គ្រូ​បង្គោល​ក្នុង​របៀប​មួយ​ដែល​ងាយ​យល់​ ដូចជា​ការ​ពន្យល់​អំពី​ការ​បោះ​បង្គោល​ព្រំដែន និង​ការ​គូស​ផែន​ទី​ជាដើម។ គ្រូ​បង្គោល​នោះ​ត្រូវ​មាន​ការ​បណ្ដុះ​បណ្ដាល និង​មាន​ចំណេះ​ដឹង​ច្បាស់​លាស់។

លោក​យល់​ថា សម្រាប់​ពេល​អនាគត រាជរដ្ឋាភិបាល​មិន​អាច​រៀបចំ​ដំណើរ​កម្សាន្ត​បែប​នេះ​រហូត​ទេ ព្រោះ​ត្រូវ​ការ​ការ​ចំណាយ​ច្រើន។ ហេតុ​ដូច្នេះ​ហើយ​ លោក​លើក​ទឹក​ចិត្ត​ឲ្យ​សាលា​រៀន​ និង​គ្រឹះស្ថាន​នានា គិត​គូរ​អំពី​ដំណើរ​កម្សាន្ត​បែប​នេះ​សម្រាប់​សិស្ស​របស់​ពួក​គេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ស្មារតី​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​«មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» ​មាន​ភាព​ផុស​ផុល ដោយ​ក្នុង​រយៈ​ពេល ៤ ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី២៩ ខែសីហា​នេះ មាន​អ្នក​ចូល​រួម​បរិច្ចាគ​ជាង​ ២៥ម៉ឺន​នាក់ និង​ទឹក​ប្រាក់​សរុប​ជាង ១១​លាន​ដុល្លារ។

ចំពោះ​ការ​ចូលរួម​នេះ លោក យង់ ពៅ យល់​ថា​ជា​ស្មារតី​មួយ​បង្ហាញ​ពី​ការ​ជឿជាក់ និង​ការ​ស្រឡាញ់​ទឹកដី និង​មាន​ជំនឿ​លើ​រដ្ឋាភិបាល​អំពី​កិច្ចការ​ពារ​ព្រំដែន៕