លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាថា ព្រែកជីកហ្វូណនតេជោត្រូវតែសាងសង់ឲ្យបានទោះក្នុងតម្លៃណាក៏ដោយ ដើម្បីលុបបំបាត់ការសង្ស័យរឿងបាត់បង់អធិបតេយ្យភាព មិនថាព្រែកជីកនេះត្រូវចំណាយលើសពី ១,៧ពាន់លានដុល្លារឬយ៉ាងណានោះទេ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៥ ខែសីហានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកនេះទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែលោកក៏សង្កេតឃើញមានបញ្ហាពីរដែលលេចឡើងនៅចំពោះមុខការសាទរនេះ នោះគឺការបារម្ភ និងការមន្ទិលសង្ស័យថា ព្រែកជីកនេះនឹងនាំឲ្យកម្ពុជាបាត់បង់ទឹកដី ឬបាត់បង់អធិបតេយ្យភាព។
លោកថ្លែងថា៖ «ដើម្បីដោះស្រាយកង្វល់ និងភាពមន្ទិលសង្ស័យនេះហើយ ដែលយើងត្រូវតែធ្វើព្រែកជីកនេះឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ»។
លោកពន្យល់ថា ប្រសិនបើព្រែកជីកនេះមិនត្រូវបានធ្វើឲ្យបានសម្រេចទេនោះ កម្ពុជាមិនត្រឹមតែបាត់បង់ឱកាសពង្រឹងអធិបតេយ្យភាព សក្ដានុពលសេដ្ឋកិច្ច និងទាញយកឱកាសប៉ុណ្ណោះទេ គឺបាត់បង់ឱកាសក្នុងការបញ្ជាក់ថា កម្ពុជាមានអធិបតេយ្យភាព។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះជាគម្រោងបែប សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT), មិនមែនរដ្ឋាភិបាលទៅខ្ចីលុយពីប្រទេសណាយកមកធ្វើទេ គឺក្រុមហ៊ុនឯកជនអ្នកខ្ចីយកមកវិនិយោគ។
លោកថ្លែងថា៖ «ពេលដែលយើងមានមន្ទិលក្នុងចំណោមខ្មែរគ្នាឯងនេះហើយដែលធ្វើឲ្យគេងាយស្រួលដុតឲ្យបែកបាក់ជាតិ។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវតែធ្វើគម្រោងនេះឲ្យចេញដើម្បីបង្ហាញបងប្អូនយើងថា គម្រោងនេះធ្វើមែន ហើយមើលទាំងអស់គ្នាទៅថាមានបាត់ដែរឬទេ។ គឺអត់ទេ ដូចដែលអាចបញ្ជាក់បានតាមសមិទ្ធផលជាក់ស្ដែង»។
គម្រោងព្រែកជីកហ្វូណនតេជោនេះ កាលពីដំបូងគ្រោងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ ២០២៤ ឬ ដើមឆ្នាំ២០២៥ បន្ទាប់ពីបានសិក្សាចប់កាលពីឆ្នាំ២០២៣ ដោយចំណាយពេល២៦ខែ។ លោក ហ៊ុន ម៉ាណែត ថ្លែងថា ការរំកិលកាលបរិច្ឆេទនៃការសាងសង់កាន់តែលឿននេះ ក៏ដើម្បីបំបាត់ភាពមន្ទិលសង្ស័យនេះឲ្យបានកាន់តែលឿន។
លោក ស៊ុន ចាន់ថុល បច្ចុប្បន្នប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដែលដឹកនាំគម្រោងនេះ បានថ្លែងថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ «ដ៏មហាសាល» ដូចជាកាត់បន្ថយពេលវេលាដឹកជញ្ជូន កាត់បន្ថយថ្លៃដើម បង្កើតការងារ ៤ម៉ឺនកន្លែងក្នុងពេលសាងសង់និងការងាររាប់ម៉ឺនកន្លែងទៀតពេលសាងសង់រួច និងផលប្រយោជន៍ជាច្រើនទៀត។
ទោះបីជាគម្រោងជាប្រវត្តិសាស្ត្រនេះទទួលបានការគាំទ្រយ៉ាងច្រើនក៏ដោយ ពលរដ្ឋរស់នៅដងព្រែកជីកនេះបានលើកឡើងកាលពីពេលថ្មីៗនេះថា ពួកគាត់មានក្ដីបារម្ភអំពីផលប៉ះពាល់ និងមិនទាន់បានទទួលដំណឹងអំពីសំណងពីគម្រោងនេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងនៅព្រឹកនេះដោយស្នើកុំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកមានការបារម្ភ ពីព្រោះរដ្ឋាភិបាលបានសិក្សាអំពីផលប៉ះពាល់យ៉ាងលម្អិតពីគម្រោងនេះ បូករួមទាំងផលប៉ះពាល់លើលំនៅឋានប្រជាពលរដ្ឋផងដែរ។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងមានសំណងសមរម្យសម្រាប់អ្នកដែលរងផលប៉ះពាល់។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា បើតាមការអះអាងរបស់រដ្ឋាភិបាល ព្រែកជីកនេះនឹងក្លាយជាសរសៃឈាមថ្មីក្នុងវិស័យដឹកជញ្ជូន។ យ៉ាងណាក៏ដោយ វាអាស្រ័យនៅលើភាពជាក់ស្ដែងនៅពេលគម្រោងនេះត្រូវបានសាងសង់រួចរាល់។
លោកបន្តថា ដើម្បីឲ្យគម្រោងនេះជាគម្រោងដែលមានផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជន គម្រោងនេះត្រូវតែយកចិត្តទុកដាក់ផងដែរទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន និងផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានសំណងសមរម្យ។ លោកថា សំណងសមរម្យនឹងធ្វើឲ្យពលរដ្ឋដែលរស់នៅតាមដងព្រែកចូលរួមអបអរសាទរ និងធ្វើឲ្យគម្រោងនេះសម្រេចបានជោគជ័យ៕