កម្ពុជា​បើក​ការដ្ឋាន​សាងសង់​​ «ព្រែកជីក​​ហ្វូណន​តេជោ» ជាផ្លូវការ​ហើយ​​នៅវេលា​ម៉ោង ៩ និង ៩​នាទី ​ព្រឹក​ថ្ងៃ​ទី៥​ ខែ​សីហា​នេះ ដែល​ជា​ព្រែកជីក​ប្រវត្តិសាស្ត្រ ក្នុង​ទិដ្ឋភាព​ដ៏​អធិកអធម​ មាន​អ្នក​ចូល​រួម​ជាង​ ១ម៉ឺន​នាក់ ក្រោម​អធិបតីភាព​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក​ ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​នេះថា៖ «ខ្ញុំ​សូម​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ​ ចាប់​ពីពេល​នេះ​តទៅ​»។

លោក​បន្ត​ថា​ ព្រែក​ជីក​នេះ​ គឺជា​ការ​បន្ត​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​កាលពី​សម័យ​ហ្វូណន​ កាល​ពី​២០០០​ឆ្នាំ​មុន​។

ពិធី​បើក​ការដ្ឋាន​នេះ រៀបចំឡើងអម​ទៅ​ដោយ​​ការ​ប្រគុំ​តន្ត្រីខ្នាត​ធំ ការ​ចុច​ប៊ូតុង​តំណាង​ឲ្យ​ការ​ចាប​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ និង​ការ​អុជ​កាំជ្រួច​នៅ​លើ​សាឡាង​ដែល​បណ្ដែត​នៅ​លើ​ដង​ទន្លេ​មេគង្គ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ នៅ​ទូទាំង​ប្រទេស​ក៏​មាន​ការ​គោះ​គង ទូង​ស្គរ និង​ការ​អបអរ​សាទរ​​ជាច្រើន​បែប​ទៀត​។ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​នឹង​ប្រគុំ​តន្ត្រី​នៅយប់​នេះ ដើម្បី​ចូលរួម​អបអរ​សាទរការ​បើក​ការដ្ឋាន​នេះ។

ព្រែកជីក​ហ្វូណន​តេជោដែល​មាន​ប្រវែង ១៨០គម​ តភ្ជាប់​ពី​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ភូមិ​ព្រែក​តាកែវ ក្នុង​ឃុំ​​សំរោង​ធំ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល ​​ឆ្ពោះ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប ក្នុង​តម្លៃ​សាងសង់ ១,៧​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​រយៈ​ពេល ៤​ឆ្នាំ។​

យោងតាម​ក្រសួង​សាធារណការ នឹង​ដឹក​ជញ្ជូន ការ​វិនិយោគ​លើ​គម្រោង​សាងសង់​បែង​ចែក​ជា ២​កំណាត់ ​ដែល​កំណាត់​ទី១ មាន​ចម្ងាយ ២១គម គឺជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កម្ពុជា ចំណែកកំណាត់​ទី២ (១៥៩គម) គឺជា​ការ​វិនិយោគ​​រួម​គ្នា​រវាង​ក្រុមហ៊ុន​កម្ពុជា (៥១ភាគរយ) និង​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន CRBC (៤៩ភាគរយ)។

ព្រែកជីក​នេះ​មាន​មុខកាត់​ផ្នែក​ខាង​លើ​១០០​ម៉ែត្រ និង​ផ្នែក​ខាង​ក្រោម ៨០​ម៉ែត្រ ជម្រៅទឹក ៥,៤​ ម៉ែត្រ និង​ និង​អាច​ធ្វើ​នាវា​ចរណ៍​បាន​២​គន្លង គឺទៅ​មួយ​គន្លង​និង​មក​មួយ​គន្លង មាន​សន្ទះ ឬ​ទ្វារ​ទឹក​៣​កន្លែង និង​មាន​ស្ពាន​ឆ្លងកាត់​ចំនួន ១១​កន្លែង ព្រម​ទាំង​អម​ទៅដោយ​ផ្លូវ​នៅ​សងខាង។

អ្នក​វិភាគ​យល់​ឃើញ​ថា ព្រែកជីក​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា រួមមាន​កាត់​បន្ថយ​ថ្លៃ និង​ពេល​វេលា​ដឹក​ជញ្ជូន​ទំនិញ​ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​ឆ្លង​កាត់​កំពង់​ផែ​ប្រទេស​វៀតណាម និង​ការ​ដឹក​ជញ្ជូនតាម​ឡាន​កុងតឺន័រ​ឆ្ពោះ​ទៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ និង​បង្កើត​បាន​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ជំនន់ និង​ប្រព័ន្ធ​ស្រោច​ស្រព​​នៅ​ក្នុង​ខេត្ត​ស្ថិត​នៅ​តាម​ដង​ព្រែក​នេះ​ជា​ដើម៕