ភ្នំពេញ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សហការ​ជាមួយ​មជ្ឈមណ្ឌល​ផលិត​ភាព​ជាតិ (NPCC) និង​អង្គការ​ផលិតភាព​អាស៊ី (APO) បានប្រកាស​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កម្មវិធី​បច្ចេកវិទ្យា blockchain ក្នុង​រដ្ឋាភិបាល​អេឡិចត្រូនិក​។​

វគ្គ​បណ្ដុះ​បណ្ដាល​​នៅ​ថ្ងៃទី ៥-៩ ខែសីហា នៅ​សណ្ឋាគារ Sunway មាន​គោល​បំណង​ស្វែង​យល់​ពី​ការប្រើប្រាស់​ជាក់ស្តែង​នៃ​បច្ចេកវិទ្យា blockchain ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិចត្រូនិក ដោយ​ផ្ដោត​​លើ​គំនិត​ផ្តួចផ្តើម blockchain របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។​

លោក ភោគ សុវណ្ណរិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​នាយក APO ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​អ្នក​ចូលរួម ២៤ នាក់​មក​ពី​ប្រទេស​កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ ទួរគី និង​វៀតណាម ​បាន​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​​នេះ ដោយ​ផ្តល់​នូវ​វេទិកា​ចម្រុះ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​កិច្ច​សហប្រតិបត្តិការ។

លោក សុវណ្ណរិទ្ធ បាន​ថ្លែង​ថា៖ «NBC គឺជា​អ្នក​អនុវត្ដ​​បច្ចេក​វិទ្យា blockchain ជាពិសេស​ជាមួយនឹង​សេវាកម្ម​ទូទាត់​ប្រាក់​បាគង ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​​រលូន​​នៅ​ទូទាំង​ស្ថាប័ន​ធនាគារ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ»។​

គំនិត​ផ្តួចផ្តើម​នេះ​បង្ហាញ​ពី​សក្តានុពល​ផ្លាស់ប្តូរ​នៃ blockchain ក្នុងការ​បង្កើន​តម្លាភាព និង​ប្រសិទ្ធភាព​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​

លោក សុវណ្ណរិទ្ធ បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ blockchain នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដោយ​បញ្ជាក់​ថា បច្ចេកវិទ្យា blockchain បាន​ក្លាយ​​ជា​កម្លាំង​ផ្លាស់​ប្តូរ​នៅ​ក្នុង​វិស័យ​ផ្សេងៗ រួមទាំង​គំនិត​ផ្តួចផ្តើម​រដ្ឋាភិបាល​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

លោក​​បាន​និយាយ​ថា៖ «ការ​អនុវត្ត blockchain អាច​បង្កើន​តម្លាភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​យ៉ាង​ខ្លាំង​នៅក្នុង​ដំណើរការ​របស់​រដ្ឋាភិបាល​»។​

លោក​បាន​ពន្យល់​បន្ថែម​​ថា ​ប្រព័ន្ធ​​បញ្ជី​វិមជ្ឈការ​របស់ blockchain ធានា​នូវ​ភាពមិន​អាច​ផ្លាស់ប្តូរ​បាន​និង​ភាព​ងាយស្រួល​ជា​សាធារណៈ​នៃ​កំណត់​ត្រា ជំរុញ​ការជឿទុកចិត្ត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​ផ្ទៀងផ្ទាត់​សកម្មភាព​របស់​រដ្ឋាភិបាល​។​

តម្លាភាព​នេះ​មាន​សារៈសំខាន់​ក្នុង​ផ្នែកមួយចំនួ ​ដូចជា ​ការចុះបញ្ជី​ដីធ្លី និង​ការចំណាយ​សាធារណៈ កាត់បន្ថយ​ឱកាស​សម្រាប់​ការ​ក្លែងបន្លំ​។​

លើសពីនេះ លោក សុវណ្ណ​រិ​ទ្ធ បានចង្អុលបង្ហាញ​អំពី​កម្មវិធី Blockchain ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ការប្រើប្រាស់​លេខ​កូដ QR របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ប្រព័ន្ធ​នេះ​ជួយ​សម្រួល​ដំណើរការ​ចុះបញ្ជី និង​គ្រប់គ្រង​យានយន្ត ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​យានយន្ត​របស់​ពួកគេ​។​

វគ្គ​សិក្សា​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើឱ្យ​ការយល់ដឹង​របស់​អ្នកចូលរួម​កាន់តែ​ស៊ីជម្រៅ​អំពី​បច្ចេកវិទ្យា blockchain និង​សក្តានុពល​របស់​វា​ក្នុងការ​ផ្លាស់ប្តូរ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​អេឡិចត្រូនិក​។​

វា​នឹង​គ្របដណ្តប់​លើ​មូលដ្ឋានគ្រឹះ ស្ថាបត្យកម្ម និង​កម្មវិធី blockchain ដោយ​សង្កត់ធ្ងន់​លើ​របៀប​ដែល​ទាំងនេះ​អាច​លើកកម្ពស់​ការផ្តល់សេវា និង​បង្កើន​ប្រសិទ្ធភាព​នៅក្នុង​ស្ថាប័ន​សាធារណៈ​។​

អុំ សេរីវុទ្ធ ប្រធានស្តីទី​មជ្ឈមណ្ឌល​ផលិត​ភាព​ជាតិ (NPCC)  និង​ជា​ប្រធាន NPO ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​ការ​សាទរ​ចំពោះ​ការធ្វើជា​ម្ចាស់​ផ្ទះ​វគ្គ​បណ្ដុះបណ្ដាល​ដ៏​សំខាន់​​នេះ​នៅ​រាជធានី​ភ្នំពេញ។

លោក​បាន​និយាយថា​៖ «​​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​នៅក្នុង​ទីក្រុង​របស់​យើង ដោយ​បង្ហាញ​ពី​វប្បធម៌​ដ៏សម្បូរ​​របស់​យើង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​រស់​រវើក​ក្រោយ​ជំងឺ​រាតត្បាតសកល​»។

លោក​បាន​បន្ដថា​៖ «​កម្មវិធី​នេះ​មិន​ត្រឹមតែ​និយាយ​អំពី​ធនធានមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​និយាយ​អំពី​ការជំរុញ​ទំនាក់ទំនង​រវាង​អ្នកចូលរួម​មកពី​បណ្តា​ប្រទេស​ជា​សមាជិក APO ផងដែរ​។ ការ​ចែករំលែក​ការអនុវត្ត និង​បទពិសោធន៍​ល្អៗ​នឹងមាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​»​។​

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បំពាក់​ឱ្យ​អ្នកចូលរួម​នូវ​ចំណេះដឹង និង​ជំនាញ​ចាំបាច់​ដើម្បី​អនុវត្ត​ដំណោះស្រាយ blockchain ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​គម្រោង​រដ្ឋា​ភិ​បាល​អេឡិចត្រូនិក​។​

នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ អ្នកចូលរួម​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការយល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​បច្ចេកវិទ្យា blockchain និង​ការអនុវត្ត​ជាក់ស្តែង​របស់​វា​នៅក្នុង​សេវាកម្ម​សាធារណៈ ដែល​ទីបំផុត​រួមចំណែក​ដល់​អភិបាលកិច្ច​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​។​

APO គាំទ្រ NPOs ក្នុងការ​ផ្សព្វផ្សាយ​កម្ម​វិធី​នៅ​គ្រប់​វិស័យ​ទាំងអស់​ក្នុងប្រទេស គោលបំណង​ដើម្បី​ឈានទៅដល់ APO Vision 2025 និង​បេសកកម្ម​របស់​វា​។​

លោក សុវណ្ណ​រិ​ទ្ធ បាន​ឱ្យដឹង​ថា៖ «​ភាពជា​ដៃគូ​របស់​លោកអ្នក​ពិតជាមានតម្លៃ​ណាស់​ ហើយ​យើង​ពិត​ជាមាន​អំណរគុណ​ចំពោះ​ឱកាស​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កម្មវិធី​ពហុ​ប្រទេស​ដ៏​សំខាន់​នេះ»៕