សៀមរាបៈ ពិធី​បុណ្យ​ចាប់​ត្រីបុរាណ​ក្នុង​ខេត្ត​សៀមរាប​នា​ឆ្នាំ​ក្រោយ​សង្ឃឹម​ថា​ នឹង​មាន​ត្រី​កាន់តែ​ច្រើន​ដើម្បី​ឱ្យ​ពលរដ្ឋ​ចាប់ ​ក្រោយ​ពី​ត្រី ៤​ម៉ឺន​ក្បាល​ត្រូវ​បាន​ប្រលែង និង​ហាម​ឃាត់​ការ​នេសាទ​នៅ​ក្នុង​បឹង​បង្កោងស្ថិត​នៅភូមិ​បង្កោង ​ឃុំអំពិល ​ស្រុកប្រាសាទ​បាគង ខណៈ​ពិធី​នេះ​មាន​ការ​ទាក់​ទាញ​កាន់​តែ​ច្រើន។

ក្រោយ​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ការ​ប្រារព្ធ​ពិធី​ចាប់​ត្រី​បុរាណ​ក្នុង​បឹង​បង្កោង​ជា​បន្ត​បន្ទាប់​មក ពលរដ្ឋ​នៅ​តំបន់ផ្សេង​មាន​ការ​ចាប់​អារម្មណ៍ និង​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ។ ដើម្បី​ឱ្យ​មាន​ត្រីកាន់​តែ​សម្បូរ​សម្រាប់​ប្រជា​ពលរដ្ឋ​ចាប់ ដោយ​ក្តី​សប្បាយ​រីករាយ ពេល​ប្រារព្ធពិ​ធី​ចាប់​ត្រី​សាមគ្គី​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នោះ រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​យក​ត្រីមេពូជ​និង​កូន​ត្រី​ចំនួន ៤ម៉ឺន​ក្បាល​ទៅ​លែង​ចូលក្នុង​បឹង​នោះ​បន្ថែម។ 

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់​ និងនេសាទ ​ខេត្តសៀមរាប​បានឱ្យដឹង​នា​ថ្ងៃ​ទី៦ ​ខែសីហា​ថា៖«បឹងហ្នឹង​ពលរដ្ឋ​ធ្វើការ​អភិរក្ស​រួម ហើយ​ដល់​ពេល​រដូវ​សែន​អ្នក​តា នាំគ្នា​ធ្វើ​បុណ្យ​ទៅចាប់​តាម​បែបបុរាណ​អញ្ជឹង​ទៅ។ ក្រោយ​ពីមាន​ការ​ផ្សព្វ​ផ្សាយព័ត៌​មាន ​អ្នកផ្សេងៗទៀត​ក៏បាន​ចូល​រួម​ទៅ​ចាប់ ចង់​មើល ​ចង់​ឃើញ​អញ្ជឹងទៅ។ នេះជាប្រពៃណីអ្នក​ស្រុក​ហ្នឹង​ផង ដែល​ធ្វើជាយូរយា​ណាស់​មកហើយ​ជារៀង​រាល់​ឆ្នាំ»។

ត្រី​ដែល​ត្រូវ​ប្រលែង​ក្នុង​បឹង​បង្កោង​នោះ​រួម​មាន៖ កូន​ត្រី​ប្រាចំនួន​១៥ ០០០កូន ​កូនត្រីឆ្ពិន​ចំនួន​១២ ០០០​កូន កូនត្រីអណ្តែងទន់ចំនួន៨ ០០០កូន ត្រីក្រាញ់ និងត្រីព្រួលចំនួន ៥ ០០០ក្បាល។ 

បឹងបង្កោង​មាន​ទទឹង ១៥០ម៉ែត្រ ​និង​បណ្ដោយ ​៣០០​ម៉ែត្រ។ ជារៀងរាល់​ឆ្នាំនៅថ្ងៃទី​១២​ ខែ​កុម្ភៈ សហគមន៍​នៅ​ក្នុងតំបន់​តែង​រៀបចំពិធីចាប់​ត្រីសាមគ្គីក្នុង​បឹង​បង្កោង។ នេះ​បើយោង​តាម​ក្រសួង​កសិកម្ម។ 

អ្នក​ភូមិតែង​តែ​ធ្វើការ​អភិរក្ស​ត្រីទុក ​ដែលមិន​អនុញ្ញាត​ឱ្យ​មានការ​នេសាទយក​ត្រី​ចាប់​ពីខែ​មិថុនា ដើម្បី​រក្សា​ត្រី​ទុកសម្រាប់​ប្រារព្ធ​ពិធី​ឡើង​អ្នកតា​នេះ។ ការប្រារព្ធពិធី​ក៏វាអាស្រ័យលើ​ស្ថានភាព​ទឹក​ក្នុង​បឹង​ផងដែរ។ ប្រសិន​បើទឹក​បឹង​នៅមានច្រើន ​ពិធីនោះនឹង​ត្រូវ​ពន្យា​ពេល ​រហូតដល់​ពេល​ទឹកបឹង​រីង​សមល្មម​អាចចាប់​ត្រីបាន ​ដោយប្រើប្រាស់​ឧបករណ៍នេសាទ​បុរាណ​ដូចជា៖​សំណាញ់ ឈ្នាង ​និង​អង្រុត​ជាដើម។

លោក ទា ​គឹមសុទ្ធ​ ​ក៏បាន​ឱ្យដឹង​ផង​ដែរថា ​ក្រោយ​ពីលែង​មេពូជ ​និង​កូនត្រី​រួច​ ឧបករណ៍នេសាទ​ខុសច្បាប់សរុប​ចំនួន២៩៥​គ្រឿង ក៏ត្រូវ​បាន​ដុត​កំទេច​ចោល​នៅ​បឹង​បង្កោង​នោះ​ផង​ដែរ។ 
ឧបករណ៍នេ​សាទខុ​សច្បាប់​ទាំង​នោះ​ត្រូវបានធ្វើការរឹប​អូស​ពីបទ​ល្មើសនេសាទ​ និង​ប្រគល់ឱ្យ​នាពេលកន្លង​មក​ក្នុង​ឆ្នាំ២០២៤​នេះ។

លោកបញ្ជាក់​ថា៖«នៅពេល​ចាប់​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ហើយ មិន​ត្រឹម​តែ​រឹប​អូសនោះ​ទេ។ អ្នកខ្លះ​ឃើញយើង​ចាប់ ​ក៏យក​មក​ប្រគល់​ឱ្យ​ខ្លះៗ​អញ្ជឹង​ទៅ។ បើយក​ប្រគល់​ឱ្យ ​យើងមិន​ចាប់​ទោស​កំហុស​អី​ទេ។ តែបើប្រើ​ប្រាស់ដើម្បីនេ​សាទ ​យើង​នឹង​អនុវត្ត​តាម​ច្បាប់​ហើយ»។ 

លោកក៏​បាន​បន្ថែមផង​ដែរ​ថា មន្រ្តីជំនាញ​ជលផល​ក៏កំពុង​តែ​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​ អប់រំ  ណែនាំ ​និង​ធ្វើ​កិច្ច​សន្យាបញ្ឈប់​ការ​ទិញ ​លក់ ​ផលិត ​រក្សាទុក ​និងដឹក​ជញ្ជូន​ឧបករណ៍នេសាទ​ល្មើស​ច្បាប់​ផង​ដែរ៕