លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅទស្សនានៅតាមព្រំដែនដើម្បីបំបាត់ក្ដីបារម្ភរឿងបាត់បង់ទឹកដីតាមរយៈកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅព្រឹកថ្ងៃអង្គារ ទី៦ ខែសីហានេះ លោកថ្លែងថា ប្រជាពលរដ្ឋដែលមានលទ្ធភាពអាចធ្វើដំណើរទៅមើលព្រំដែន ដូចជានៅខេត្តរតនគិរី ដែលមានផ្លូវពីរខ្សែត្រូវបានសាង។
លោកថា ផ្លូវនេះមិនមែនសម្រាប់តែការល្បាតទ័ពក្នុងកិច្ចការពារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីប្រជាពលរដ្ឋបានទៅមើលឃើញ រួមទាំងអ្នកដែលបារម្ភខ្លាចបាត់បង់ទឹកដីផង។
លោកថ្លែងថា៖ «ចូលឆ្នាំ ឬភ្ជុំបិណ្ឌ ជិះទៅលេងទីនោះទៅ ជិះតាមព្រំដែនរបស់យើង។ ព្រំដែនរបស់យើងមានខ្វាត់ខ្វែងហើយ តាំងពីខេត្តកំពត ខេត្តតាកែវឡើងទៅ។ កន្លែងខ្លះដែលមិនទាន់តភ្ជាប់យើងនឹងតភ្ជាប់»។
លោកបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើផ្លូវចូលទៅដល់តំបន់កន្ទុយនាគដែលជាចំណុចប្រសព្វរវាងប្រទេសកម្ពុជា វៀតណាម ឡាវ។ តំបន់ខ្លះនៅតាមព្រំដែន មិនមានផ្លូវចូលទៅដល់តាំងពីសម័យសង្គមរាស្ត្រនិយម។
លោកនិយាយថា៖ «អីចឹងយើងត្រូវធ្វើផ្លូវ។ ធ្វើដើម្បីអី? យើងធ្វើផ្លូវពីរខ្សែនៅព្រំដែន។ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ដែលយើងធ្វើនៅខាងក្នុង អាច ១គម រហូតដល់ ៤គម ពីព្រំដែន។ ប៉ុន្តែផ្លូវមួយទៀតគឺផ្លូវព្រំដែន គឺនៅកៀកនឹងព្រំដែនមែនទែន រហូតដល់ប្រទេសជិតខាងខ្លះប្ដឹងមកយើងព្រោះយើងធ្វើកៀកព្រំដែនពេក»។
អានបន្ថែម៖ ទេសចរកម្ពុជាមិនទាន់មានលទ្ធភាពទៅលេងតំបន់ទេសចរណ៍បង្គោលឡាក់កន្ទុយនាគ
ការការពារព្រំដែនមិនមែនជាការលើកកងទ័ពទៅឈរជើងនៅទីនោះគ្រប់ពេលវេលានោះទេ ប៉ុន្តែជាការប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាព្រំដែនសហប្រតិបត្តិការ ដូចជាការដកកងទ័ពចេញហើយជំនួសមកវិញនូវច្រកអន្តរជាតិ ក៏ដូចជាការអនុញ្ញាតឲ្យប្រជាពលរដ្ឋបង្កើតលំនៅឋាន និងក្រុងជាដើម។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
ក្នុងមួយរយៈពេលចុងក្រោយនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានបង្ហាញក្ដីបារម្ភពីការបាត់បង់ទឹកដីទៅប្រទេសជិតខាងតាមរយៈកិច្ចព្រមព្រៀងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
លោកថា ជាក់ស្ដែងកិច្ចព្រមព្រៀងដែលមានរយៈពេល ២៥ឆ្នាំមកហើយនេះ មិននាំទៅដល់ការបាត់បង់ទឹកដីទេ។ ជាឧទាហរណ៍ លោកក៏បានបង្ហើបដែរថា មានប្រទេសមួយបានប្រាប់លោកអំពីការបារម្ភរឿងបាត់បង់អធិបតេយ្យភាពនៅកំពង់សោម។ លោកថា មកទល់ពេលនេះ កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពនៅកំពង់សោមទេ។
លោក ហ៊ុន ម៉ាណែត ស្នើឲ្យប្រជាពលរដ្ឋឈប់មានមន្ទិលសង្ស័យទៅលើខ្មែរគ្នាឯង ដោយលោកថា ការមន្ទិលសង្ស័យបែបនេះហើយដែលជាបុព្វហេតុធ្វើឲ្យខ្មែរបែកបាក់គ្នាដូចអ្វីដែលបានកើតឡើងពីអតីតកាល។
លោកនិយាយថា៖ «ខ្មែររួមគ្នាកសាងអភិវឌ្ឍប្រទេស បង្កើនថែរក្សាឯករាជ្យភាព អធិបតេយ្យភាព។ រួមគ្នាកសាងបន្ថែមទៀតគ្រប់កន្លែងទាំងអស់ មិនថានៅទិសឦសាននោះទេ គឺកសាងដើម្បីផលប្រយោជន៍ជាតិរបស់កូនចៅខ្មែរ នេះគឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលនឹងបន្តធ្វើតទៅទៀត»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គាំទ្រការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលជំរុញឲ្យពលរដ្ឋទៅលេងនៅតាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងទាំងអស់។ លោកក៏ស្នើឲ្យអាជ្ញាធរនៅក្នុងខេត្តនៅតាមព្រំដែនជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងផ្ដល់ការគាំទ្រ និងការពារ។
លោកនិយាយថា៖ «ប្រសិនបើអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួល មានទាំងអ្នកណែនាំផ្លូវ ជួយការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ជាពិសេសយុវជនដែលនិយមចូលចិត្តការធ្វើដំណើរបែបផ្សងព្រេងទៅបោះតង់ បោះជំរំ នោះជារឿងល្អ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រការទស្សនកិច្ចនៅតាមព្រំដែនឲ្យមានភាពគគ្រឹកគគ្រេង និងជាសាក្សីរស់ជួយដឹងជួយឮដើម្បីបញ្ចៀសការភាន់ច្រឡំ ឬការបារម្ភហួសហេតុ ក៏ដូចជាចូលរួមការពារព្រំដែនយើងផងដែរ»៕